ក្រុមហ៊ុនកម្ពុជា ចំនួន៧៨

ក្រុមហ៊ុនកម្ពុជាចំនួន៧៨ទៅចូលរួមពិព័រណ៍ចិន-អាស៊ាននៅប្រទេសចិន ជាមួយក្តីរំពឹងជួយពង្រីកទីផ្សារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត


ក្រុមហ៊ុន សហគ្រាសរបស់កម្ពុជាចំនួន៧៨ ដែលស្ថិតក្នុងវិស័យ SME បានទៅចូលរួមពិព័រណ៍ចិន -អាស៊ានលើកទី២១ នៅទីក្រុងណាននីង ប្រទេសចិន ដើម្បីបង្ហាញផលិតផលកសិកម្មកែច្នៃ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកបញ្ជាទិញ។ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងអ្នកជំនាញពាក់ព័ន្ធបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈការចូលរួមក្នុងកម្មវិធីពិព័រណ៍នេះ វានឹងជួយធ្វើឱ្យផលិតផលកសិកម្មកែច្នៃរបស់ខ្មែរ ដែលមានទីផ្សារស្រាប់នឹងកាន់តែមានទីផ្សារបន្ថែមទៀតនៅក្នុងប្រទេសចិន។
ក្រុមហ៊ុនកម្ពុជា ចំនួន៧៨
ដោយ

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ( FASMEC ) បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ FASMEC និងក្រុមហ៊ុនស្ថិតក្នុងវិស័យ SME ទាំង៧៨ក្រុមហ៊ុនទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន បានចាប់ផ្ដើមតាំងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមថ្នាក់ដឹកនាំរូបនេះ ក្រុមហ៊ុនកម្ពុជាទាំងអស់ដែលទៅចូលរួមក្នុងពិព័រណ៍នេះ សុទ្ធសឹងជាក្រុមហ៊ុនកែច្នៃផលិតផលកសិកម្ម ដើម្បីនាំចេញទៅកាន់ទីផ្សារចិន ហើយការចូលរួមនេះ វាជាការស្វែងរកទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុននីមួយៗ។

ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសម្ព័ន្ធសមាគមហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាអ្នកជំនាញក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូនជឿជាក់ថា តាមរយៈការចូលរួមនៅក្នុងពិព័រណ៍នេះ នឹងធ្វើឱ្យបណ្ដាក្រុមហ៊ុនកែច្នៃផលិតផលរបស់កម្ពុជានឹងទទួលបានការបញ្ជាទិញកាន់តែច្រើនថែមទៀតពីទីផ្សារចិន ដ្បិតការទៅចូលរួមលើកនេះ ក៏មានក្រុមហ៊ុនខ្លះទទួលបានការបញ្ជាទិញជាបណ្ដើរៗពីទីផ្សារចិនផងដែរ។ បើតាមអ្នកជំនាញរូបនេះ ក្រៅពីបង្ហាញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ សហព័ន្ធសមាគមសហគ្រាធុនតូច និងមធ្យមកម្ពុជា ក៏នឹងបង្ហាញពីវិស័យដឹកជញ្ជូនរបស់កម្ពុជា ដែលបង្កភាពងាយស្រួលដល់បណ្ដាប្រទេសដែលបញ្ជាទិញផងដែរ។

ជាមួយគ្នានេះ ឧកញ៉ា ឈិន កេន អនុប្រធានក្រុមប្រឹក្សាភិបាល FASMEC ជឿជាក់ថា ការទៅចូលរួមពិព័រណ៍ចិន អាស៊ាន លើកទី២១នេះ គឺជាការផ្សារភ្ជាប់ដ៏សំខាន់រវាងអ្នកផលិត និងអ្នកទិញ ហើយអ្នកជំនាញរូបនេះរំពឹងថា តាមរយៈកម្មវិធីនេះវានឹងជួយពង្រីកទីផ្សាររបស់ក្រុមហ៊ុនសហគ្រាស ដែលមានស្រាប់នៅក្នុងប្រទេសចិន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ការចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២១នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលរបស់កម្ពុជា, ស្វែងរកទីផ្សារនាំចេញទំនិញពីកម្ពុជា និងពង្រឹងភាពជាម្ចាស់នៃវិស័យឯកជនឱ្យមានបណ្តាញជាអន្តរជាតិ, ទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជា តាមរយៈការរៀបចំវេទិកាធុរកិច្ច និងកិច្ចពិភាក្សាធុរកិច្ច, ពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូតរវាងកម្ពុជា-ចិន និងរវាងកម្ពុជាជាមួយបណ្តាប្រទេសនានាក្នុងតំបន់ ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងទាក់ទាញភ្ញៀវទេសចរ។

ពិព័រណ៍ចិន-អាស៊ាននេះរៀបចំឡើងក្រោមប្រធានបទ«លើកកម្ពស់មិត្តភាពស្មោះត្រង់រួមគ្នា អភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍ប្រកបដោយបរិយាបន្នក្នុងក្របខណ្ឌសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីអនាគតថ្មី និងជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន-អាស៊ាន ដើម្បីកំណើនក្នុងតំបន់»។ ហើយការរៀបចំពិព័រណ៍ពាណិជ្ជកម្មនេះ ត្រូវនឹងឆ្នាំនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន-អាស៊ាន និងជាឆ្នាំបិទបញ្ចប់កិច្ចពិភាក្សាលើកចុងក្រោយនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០៕

អត្ថបទ៖ បូ ដូឡា,រូបភាព ប៉ុក វន្ថា

None



អត្ថបទបន្ទាប់


សម្តេចធិបតីអះអាងថា ទោះកម្ពុជាដកខ្លួនពីគម្រោង CLV-DTA តែគោលនយោបាយជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាននៅតែបន្តធ្វើ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា ទោះបីកម្ពុជាបានដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡា…

អ្នកជំនាញរំពឹងគ្រាប់ស្វាយចន្ទីកម្ពុជាមានទីផ្សារកាន់តែខ្ពស់ ក្រោយគ្រាប់ស្វាយចន្ទីចំនួន២តោនត្រូវបាននាំចេញទៅចិនជាលើកដំបូង

កម្ពុជាទទួលបានជោគជ័យលើការនាំចេញគ្រាប់ស្វាយចន្ទីចំនួន២តោនលើកដំបូងទៅកាន់ខេត្តហឺណានប្រទេសចិន។ តាមរយៈលទ្ធផលនេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ