ទោះជាយ៉ាងណា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា ការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលបានធ្វើឱ្យថ្លៃដឹកជញ្ជូនហក់ឡើងខ្ពស់ ដែលធ្វើឱ្យរាំងស្ទះដល់ការនាំចេញអង្ករទៅកាន់តំបន់មួយចំនួន ជាពិសេសតំបន់មជ្ឈិមបូព៌ា។ ស្ថិតក្នុងស្ថានភាពនេះ អ្នកជំនាញក្នុងវិស័យកសិកម្ម ជំរុញឱ្យភាគីពាក់ព័ន្ធសិក្សាឱ្យបានហ្មត់ចត់លើផែនការដាំដុះ ដើម្បីចៀសវាងបញ្ហាប្រឈមដល់កសិករ។
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ទោះបីការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅត្រីមាសទី១ឆ្នាំនេះ រក្សាបានកំណើនប្រមាណ៣០%ក៏ដោយ តែការហក់ឡើងតម្លៃប្រេងម៉ាស៊ូតដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូន និងធ្វើឱ្យរាំងស្ទះដល់ការនាំចេញអង្ករទៅតំបន់មជ្ឈិមបូព៌ា។ លើសពីនេះការកើនឡើងតម្លៃប្រេងម៉ាស៊ូតកំពុងជំរុញឱ្យថ្លៃដើមផលិតស្រូវរបស់កសិករហក់ឡើងខ្ពស់ ដែលកំពុងគំរាមកំហែងដល់គម្រោងនាំចេញអង្ករឱ្យបាន១លានតោននៅឆ្នាំនេះ ព្រោះបញ្ហានេះអាចជំរុញឱ្យកសិករកាត់បន្ថយការបង្កបង្កើនផលស្រូវ។ តែយ៉ាងណា សហព័ន្ធស្រូវអង្ករកម្ពុជា ប្តេជ្ញាជួយស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត ដែលអាចលក់បានក្នុងតម្លៃសមរម្យ ដើម្បីធានាថា កសិករនៅតែអាចទទួលបានប្រាក់ចំណេញ ទោះបីជាតម្លៃប្រេងឥន្ធនៈមានការកើនឡើងក៏ដោយ។
ដោយឡែក លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ សង្កេតឃើញថា ទោះបីជាមានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែទីផ្សារអង្ករកម្ពុជា នៅតំបន់អឺរ៉ុប និងអាស៊ីអាគ្នេយ៍នៅមិនទាន់មានសញ្ញារង្គោះរង្គើខ្លាំងគួរឱ្យកត់សម្គាល់នៅឡើយទេ។ ទោះជាយ៉ាងណាលោកបានសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធគួរតែសិក្សាឱ្យបានច្បាស់លាស់ពីយុទ្ធសាស្ត្រជំរុញការដាំដុះឱ្យស្របតាមតម្រូវការទីផ្សារជាក់ស្តែង ដើម្បីការពារកុំឱ្យកសិករជួបហានិភ័យខាតបង់នាពេលខាងមុខ។
គួរបញ្ជាក់ថា នៅត្រីមាសទី១ឆ្នាំ២០២៦ កម្ពុជា បាននាំចេញអង្ករនៅកាន់ទីផ្សារអន្តរជាតិ បានជាង៣៦ម៉ឺន១ពាន់តោន ដែលគិតជាទឹកប្រាក់មានចំនួនជាង២០៧លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញទៅបណ្ដាប្រទេសនៅប៉ែកអឺរ៉ុប មានទំហំ៩៨ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួនជាង៦៨លានដុល្លារ ខណៈនាំចេញទៅចិន មានទំហំ៨៩ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៦លានដុល្លារ។ បច្ចុប្បន្នអង្ករអូអឹម អាចលក់បានក្នុងតម្លៃចន្លោះពី៤៦០ទៅ៤៩០ដុល្លារក្នុង១តោន អង្ករស្រង៉ែ មានតម្លៃ៤៩៥ទៅ៥៥០ដុល្លារក្នុង១តោន អង្ករសែនក្រអូប មានតម្លៃពី៦៥០ទៅ៦៩៥ដុល្លារក្នុង១តោន សម្រាប់អង្ករផ្ការំដួល និងផ្កាម្លិះវិញមានតម្លៃចម្លោះពី៧៦០ទៅ៨៣០ដុល្លារក្នុងមួយតោន៕
អត្ថបទ៖ ជា ម៉ារ៉ា