ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអភិបាលខេត្តឃ្យុងសាងប៊ុកដូ បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរបន្ថែមផងដែរ។
ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ លោក Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានប្តេជ្ញាក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងបានជម្រាបជូនសម្តេចធិបតីថា ខេត្តឃ្យុងសាងប៊ុកដូ គឺជាខេត្តធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែលមានភាពល្បីល្បាញខាងវប្បធម៌ និងប្រពៃណី ព្រមទាំងសក្កានុពលផ្នែកសេដ្ឋកិច្ច។
ទន្ទឹមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងអភិបាលខេត្តខាងលើ បានពិភាក្សាគ្នាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សុខាភិបាល ព្រមទាំងចែករំលែកនូវបទពិសោធន៍ជោគជ័យក្នុងការអនុវត្តនូវគម្រោងភូមិថ្មីនៅកូរ៉េផងដែរ។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីគោលនយោបាយនិងយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យភាគីកូរ៉េបន្តជួយផ្សព្វផ្សាយសក្កានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជាផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេសខេត្តឃ្យុងសាងប៊ុកដូ ដែលបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ក៏ដូចជាការព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតប្រាក់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងខេត្តឃ្យុងសាងប៊ុកដូ និងខេត្តកំពង់ធំនាពេលថ្មីៗនេះ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ