ឥណ្ឌូនេស៊ីនឹងដំណើរការរថភ្លើងល្បឿនលឿនដំបូងគេ

ឥណ្ឌូនេស៊ីនឹងបើកដំណើរការរថភ្លើងល្បឿនលឿនដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ តើអ្វីគុណសម្បត្តិ និងគុណវិបត្តិរបស់គម្រោងនេះ?


ខ្សែរថភ្លើងអគ្គិសនីល្បឿនលឿនតម្លៃជាង ៧ពាន់លានដុល្លារ ដែលធ្វើដំណើររវាងទីក្រុងធំបំផុតទាំង២របស់ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងខែតុលាឆ្នាំនេះហើយ ដែលវានឹងក្លាយជារថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាសមិទ្ធផលដ៏សំខាន់មួយរបស់ប្រទេសនេះ ក្នុងការពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក។ ប៉ុន្តែតើអ្វីខ្លះជាគុណសម្បត្តិ ឬគុណវិបត្តិរបស់គម្រោងនេះ ដែលនឹងជះឥទ្ធិពលទៅលើសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី?
ឥណ្ឌូនេស៊ីនឹងដំណើរការរថភ្លើងល្បឿនលឿនដំបូងគេ
ដោយ

បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងបើកការសាកល្បងរថភ្លើងអគ្គិសនីល្បឿនលឿនជាលើកដំបូងនៅក្នុងខែកញ្ញាខាងមុខនេះ មុនពេលចាប់ផ្ដើមដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងខែតុលា។
ដំណើរការរថភ្លើងនេះអាចបង្កើនផលិតភាពសេដ្ឋកិច្ច និងធុរកិច្ចទាំងមូលរបស់ឥណ្ឌូនេស៊ី ប៉ុន្តែទន្ទឹមនឹងនោះ វាក៏អាចបង្កប់នូវបន្ទុកបំណុលចេះតែកើនឡើងរបស់ទីក្រុងហ្សាកាតាផងដែរ ដោយសារតែការចំណាយលើគម្រោងនេះបន្តកើនឡើងឥតឈប់ឈរ។

ខ្សែរថភ្លើងប្រវែង ១៤២គីឡូម៉ែត្រ ដែលតភ្ជាប់ពីរដ្ឋធានីហ្សាកាតាទៅកាន់ទីក្រុងបានឌុង (Bandung) នេះ ត្រូវបានគេរំពឹងថា នឹងរត់ក្នុងល្បឿន៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើថាមពលអគ្គិសនីគ្មានការបំភាយកាបូននោះទេ ហើយវានឹងមានជាលើកដំបូងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ខ្សែរថភ្លើងនេះត្រូវបានផ្ដល់មូលនិធិដោយកម្មវិធីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន តាមរយៈសម្ព័ន្ធក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូនេស៊ី និងចិន ដែលគេស្គាល់ថាជាក្រុមហ៊ុន PT KCIC ។ ដំបូងឡើយ ខ្សែរថភ្លើងនេះត្រូវបានរំពឹងថា នឹងបញ្ចប់នៅត្រឹមឆ្នាំ២០១៩ ប៉ុន្តែតាំងពីពេលនោះមកគម្រោងនេះត្រូវរាំងស្ទះដោយការពន្យារពេលប្រតិបត្តិការផ្សេងៗ និងការចាយថវិកាលើសផែនការដល់ទៅ ១,២ ពាន់លានដុល្លារ។
លោក អារីហ្វ អានសូរី យូស៊ូហ្វ (Arief Anshory Yusuf) សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យមួយនៅទីក្រុងបានឌុង បានពន្យល់ថា រថភ្លើងនេះនឹងជួយបង្កើតទំហំសេដ្ឋកិច្ចកាន់តែច្រើន និងបង្កើនប្រសិទ្ធភាពថែមទៀតដោយសារវាអាចដឹកមនុស្សដែលមានជំនាញរវាងទីក្រុងទាំង២នេះទៅដល់កន្លែងការងារបានលឿនរហ័សជាងមុន។
សាស្ត្រាចារ្យរូបនេះបានបន្ថែមថា ការចែករំលែកចំណេះដឹង និងគំនិតនឹងបង្កើនផលិតភាពសេដ្ឋកិច្ច បូករួមទាំងការធ្វើឱ្យប្រសើរឡើងនូវភាពជិតស្និទ្ធអាជីវកម្មផងដែរ ហើយកំណើនសេដ្ឋកិច្ចនៃតំបន់ទាំង២នេះក៏នឹងកើនឡើងថែមទៀត។
ទោះជាយ៉ាងណា គម្រោងនេះក៏នឹងមានគុណវិបត្តិខ្លះៗដែរ ដោយសារការកើនឡើងនៃការចំណាយទៅលើគម្រោងនេះអាចជំរុញឱ្យបំណុលរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីកើនឡើង និងគ្របដណ្ដប់លើកំណើនសេដ្ឋកិច្ចរយៈពេលខ្លីណាមួយជាមិនខានឡើយ។
ដំបូងឡើយរថភ្លើងនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយក្រុមហ៊ុន PT KCIC ដែលមានភារកិច្ចសាងសង់គម្រោងផ្លូវដែកនេះ ហើយក្រុមហ៊ុននេះ បានទទួលប្រាក់កម្ចីចំនួន ៤,៥៥ពាន់លានដុល្លារពីធនាគារអភិវឌ្ឍន៍ចិន ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន។
ប៉ុន្តែ ដោយហេតុតែការចំណាយចេះតែកើនឡើងដូច្នេះហើយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ីបានយល់ព្រមប្រើប្រាស់មូលនិធិរបស់រដ្ឋ ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់គម្រោងផ្លូវដែកនេះ ដែលអ្នកជំនាញនិយាយថា នឹងបង្កើនចំណាយហិរញ្ញវត្ថុសាធារណៈថែមទៀត ខណៈថវិការដ្ឋត្រូវបានចំណាយច្រើនរួចទៅហើយលើការគ្រប់គ្រងកូវីដ១៩។
កាលពីខែមេសា ប្រទេសឥណ្ឌូនេស៊ីបានស្វែងរកកម្ចីបន្ថែមចំនួន ៥៦០លានដុល្លារពីធនាគារអភិវឌ្ឍន៍ចិន។ នេះបើតាមសារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្តីរបស់រដ្ឋមន្ត្រីម្នាក់។
ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលសិក្សាសេដ្ឋកិច្ច និងច្បាប់ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតាបាននិយាយពីខែឧសភាថា ការដាក់ថវិការដ្ឋជាវត្ថុបញ្ចាំអាចបណ្តាលឱ្យមានការខាតបង់ដែលនៅទីបំផុតវានឹងដាក់បន្ទុកបំណុលដល់ពលរដ្ឋឥណ្ឌូនេស៊ីកាន់តែច្រើនឡើង។
របាយការណ៍មួយដែលបានផ្សាយដោយកាសែតក្នុងស្រុករបស់ឥណ្ឌូនេស៊ី បង្ហាញថា ផ្លូវរថភ្លើងល្បឿនលឿននេះ គឺពិតជាមានការវិនិយោគចំណាយខ្ពស់ណាស់ធៀបនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ពោលគឺមានតម្លៃដល់ទៅជាង ៧ពាន់៣រយលានដុល្លារ បើគិតទៅចម្ងាយផ្លូវ១គីឡូម៉ែត្រចាយអស់ដល់ទៅជិត៥០លានដុល្លារទៅហើយ ខណៈផ្លូវដែកធម្មតាមានការចំណាយវិនិយោគតែប្រមាណតែ ៦ ទៅ៧លានដុល្លារប៉ុណ្ណោះក្នុងមួយគីឡូម៉ែត្រ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


កម្ពុជាកំពុងពង្រឹងនីតិវិធី និងបែបបទ ដើម្បីពង្រីកការនាំចេញផលិតផលចំណីអាហារទៅទីផ្សារអាមេរិក

ព័ត៌មាន
កម្ពុជាកំពុងសម្រួចទិសដៅក្នុងការនាំយកផលិតផលចំណីអាហារទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា។ ជាក់ស្តែងកាលពីពេ…

បាតុភូត អែលនីណូ កំពុងបង្ហាញផលប៉ះពាល់នៅតាមប្រទេសមួយចំនួនបណ្ដើរៗហើយ

ព័ត៌មាន
ដោយសារតែបាតុភូត អែលនីណូ ខ្វះទឹកភ្លៀង កាលពីខែសីហា បានធ្វើឲ្យទិន្នផលកសិកម្មរាប់ចាប់តាំងពីស្រូវរហូតដល់ដំណាំដូងប្រេង និងផលិតផលកសិកម្មនៅក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ