ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ហ័រ ប៊ិញ (Nguyen Hoa Binh) បានថ្លែងក្នុងកិច្ចប្រជុំរបស់ក្រសួងមហាផ្ទៃនៃប្រទេសនេះ កាលពីខែមុនថា ការរុះរើ ឬការរៀបចំក្រសួង និងទីភ្នាក់ងាររដ្ឋាភិបាលនានាឡើងវិញនេះទំនងជានឹងជះផលប៉ះពាល់ដល់មន្ត្រីរាជការស៊ីវិលសរុបរហូតដល់ទៅប្រមាណ១០ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
ឧបនាយករដ្ឋមន្ត្រីវៀតណាមរូបនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាម មិនអនុញ្ញាតឱ្យមន្ត្រីគ្រាប់ល្ពៅខ្ជិលច្រអូចយកទីភ្នាក់ងាររដ្ឋាភិបាល ឬក្រសួងនានាធ្វើជាជាកន្លែងជ្រកកោណដេកស៊ីយ៉ាងមានសុវត្ថិភាពនោះឡើយ ហើយថា រដ្ឋាភិបាលវៀតណាមត្រូវតែចៀសវាងដាច់ខាតនូវការរក្សាមន្ត្រីអសមត្ថភាព។
អគ្គលេខាធិការនៃបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម (To Lam) បានចេញបញ្ជាឱ្យរដ្ឋសភាចេញសេចក្តីសម្រេចមួយទាក់ទងនឹងការរុះរើក្រសួង និងទីភ្នាក់ងាររដ្ឋាភិបាលទាំងនេះនៅត្រឹមដំណាច់ខែកុម្ភៈ ដ៏ខ្លីខាងមុខ ដើម្បីបិទបញ្ចប់ការរៀបចំឡើងវិញនូវក្រសួង និងទីភ្នាក់ងាររដ្ឋាភិបាលនៅត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។
ក្រោមវិធានការដ៏ក្ដៅគគុកនេះ ក្រៅពីទីភ្នាក់ងាររដ្ឋាភិបាលជាច្រើន ក្រសួងចំនួន៥នឹងត្រូវកំណត់គោលដៅកាត់បន្ថយមន្ត្រីរាជការស៊ីវិលដែលគ្របដណ្ដប់ប្រមាណ២០%នៃចំនួនមន្ត្រីសរុបដែលនឹងត្រូវរុះរើ។
សូមបញ្ជាក់ថា ក្រសួងផែនការ និងវិនិយោគដែលទទួលបន្ទុកគ្រប់គ្រងការវិនិយោគបរទេស នឹងត្រូវច្របាច់បញ្ចូលគ្នាជាមួយក្រសួងហិរញ្ញវត្ថុ ខណៈដែលក្រសួងដឹកជញ្ជូននឹងត្រូវច្របាច់បញ្ចូលគ្នាជាមួយក្រសួងសំណង់ ហើយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច នឹងត្រូវដាក់បញ្ចូលទៅក្នុងក្រសួងមហាផ្ទៃ ហើយចុងក្រោយគេ មុខងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្រសួងការងារនឹងត្រូវផ្ទេរទៅក្រសួងអប់រំ និងបណ្តុះបណ្តាល៕
ដោយ: តែម សុខុម