ជាមួយនឹងអ្នកប្រើប្រាស់ជាង ៥លាននាក់នាពេលបច្ចុប្បន្ន អេស៊ី ស៊ូភើអេប កំពុងមានការពេញនិយមប្រើប្រាស់កាន់តែខ្លាំង ពិសេសការស្កែនទូទាត់ថ្លៃទំនិញ និងសេវាកម្ម តាម KHQR, ទទួល និងផ្ទេរប្រាក់, បង់ពន្ធ, បង់វិក័យបត្រទឹកភ្លើង, ទិញកាតទូរសព្ទ, ការស្នើសុំឥណទាន និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។
អ្វីកាន់តែពិសេសនោះ ថ្មីៗនេះ អេស៊ី ស៊ូភើអេប ទើបតែបានង្កើតនូវមុខងារហិរញ្ញវត្ថុថ្មីជាច្រើនផ្សេងទៀត ដូចជា ឥណទានបើកប្រាក់បៀវត្សមុន ដែលជាឥណទាន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន មានរយៈពេលខ្លី ហើយអ្នកប្រើប្រាស់ អាចស្នើសុំឥណទាននេះបាន តាមរយៈ អេស៊ី ស៊ូភើអេប ដោយដាក់គណនីបើកប្រាក់បៀវត្ស ជាទ្រព្យធានា ហើយការបង់សងឥណទាន គឺធ្វើឡើងដោយស្វ័យប្រវត្តិ នៅពេលប្រាក់បៀវត្សរបស់អ្នកខ្ចី បានចូលក្នុងគណនី។
លើសពីនេះទៀត អេស៊ី ស៊ូភើអេប ក៏មានមុខងារផ្ដល់នូវឥណទានប្រាក់បៀវត្ស ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងអាចស្នើសុំតាមរយៈ អេស៊ី ស៊ូភើអេប ស្រដៀងទៅនឹងឥណទានបើកប្រាក់បៀវត្សមុនដែរ ដោយទទួលយកគណនីបើកប្រាក់បៀវត្ស ជាទ្រព្យធានា។ អ្នកប្រើប្រាស់អាចខ្ចីបានចាប់ពី ៤០ម៉ឺនរៀល ទៅដល់ ៤០លានរៀល ឬសមមូលជាប្រាក់ដុល្លារអាមេរិក។ ការបង់សងឥណទាន គឺធ្វើឡើងដោយស្វ័យប្រវត្តិ នៅពេលប្រាក់បៀវត្សរបស់អ្នកខ្ចី បានចូលក្នុងគណនី តាមតារាងកាលវិភាគសងប្រាក់។
លោក ផល សុខចំរើន នាយកប្រតិបត្ដិទីផ្សារធនាគារ អេស៊ីលីដា បានលើកឡើងថា អេស៊ីលីដា ជាធនាគារខ្មែរ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើតម្រូវការរបស់អតិថិជន ដើម្បីធ្វើយ៉ាងណាផ្ដល់នូវសេវាកម្មកាន់តែល្អប្រសើរ លឿនរហ័ស និងជួយឱ្យអតិថិជនកាន់តែមានភាពរីកចម្រើន។
លោក ផល សុខចំរើន ជឿជាក់ថា សេវាឥណទានបើកប្រាក់បៀវត្សមុន និងឥណទានប្រាក់បៀវត្ស ដែលមាននៅក្នុង អេស៊ី ស៊ូភើអេប នឹងអាចជួយសម្រួលទុក្ខលំបាកសម្រាប់អតិថិជន ដែលកំពុងធ្វើការងារនៅតាមស្ថាប័ន ឬក្រុមហ៊ុនរដ្ឋ និងឯកជននានា ដែលមានតម្រូវការសាច់ប្រាក់បន្ទាន់ ដើម្បីដោះស្រាយជីវភាព ឬបញ្ហាសំខាន់ផ្សេងៗបានទាន់ពេលវេលា៕