
នៅឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច គ្រោងនឹងបោះផ្សាយមូលបត្ររដ្ឋឲ្យបានដល់ប្រមាណ ៥០០ ពាន់លានរៀល ឬស្មើនឹងប្រមាណជាង ១២០លានដុល្លារអាមេរិក ខណៈដែលគិតតាំងពីឆ្នាំ ២០២២ មកដល់ដើមឆ្នាំ ២០២៥ ការលក់មូលបត្ររដ្ឋសម្រេចបានប្រមាណ ១៥៣លានដុល្លារអាមេរិក។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័ករមូលបត្រកម្ពុជា បានលើកឡើងថា ការកៀរគរដើមទុន តាមរយៈការបោះផ្សាយមូលបត្ររដ្ឋ គឺជាការគិតគូរប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មប្រភពហិរញ្ញវត្ថុរបស់ខ្លួន សម្រាប់យកមកប្រើប្រាស់ក្នុងការអភិវឌ្ឍសង្គមជាតិ។ ឯកឧត្តម បន្ថែមថា ដើម្បីជំរុញឲ្យការបោះផ្សាយមូលបត្ររដ្ឋកាន់តែមានភាពទូលំទូលាយ និយ័ករមូលបត្រកម្ពុជា បានសម្រេចអនុញ្ញាតឲ្យ ធនាគារអេស៊ីលីដា ធ្វើជាអន្តរការីមូលបត្ររដ្ឋដំបូងគេ ដើម្បីផ្ដល់សេវាជួញដូរមូលបត្ររដ្ឋទៅដល់សាធារណៈជន។

ឯកឧត្តម ស៊ូ សុជាតិ មានប្រសាសន៍ថា «អន្តរការីមូលបត្រ គឺត្រូវមានវត្តមានសំខាន់នៅក្នុងទីផ្សារនីមួយៗ, នៅគ្រប់ទីផ្សារទាំងអស់ទូទាំងសកលលោក ត្រូវការអន្តរការីមូលបត្រ»។ ឯកឧត្តមបន្ថែមទៀតថា «អន្តរការីមូលបត្ររដ្ឋ នឹងអនុញ្ញាតឲ្យដំណើរការទីផ្សារដំបូងកាន់តែល្អ ដោយសារតែមានការចូលរួមពីវិនិយោគិន ក្នុងនាមជាអ្នកទិញ។ ប៉ុន្ដែ តួនាទីរបស់អន្តរការីមូលបត្រ នឹងកាន់តែធំទូលាយ ពេលដែលយើងបើកដំណើរការទីផ្សារបន្ទាប់»។

ជាមួយគ្នានេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ដែរថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ពិតជាមានមោទនភាពក្រៃលែង ដែលបានទទួលការអនុញ្ញាត ពីនិយ័តករមូលបត្រកម្ពុជា ធ្វើជាអន្តរការីមូលបត្ររដ្ឋក្នុង វិស័យមូលបត្រ ដើម្បីផ្តល់សេវាកម្មនេះជូនដល់វិនិយោគិន ទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងវិនិយោគ និង/ឬជួញដូរ មូលបត្ររដ្ឋនៅកម្ពុជា តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាជម្រើសនៃការវិនិយោគមួយបន្ថែមទៀតប្រកបដោយ សុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍។

លោកបណ្ឌិត បន្ថែមថា មុននឹងក្លាយជា អន្តរការីមូលបត្ររដ្ឋ ធនាគារអេស៊ីលីដា ក៏បានចូលរួម ទិញមូលបត្ររដ្ឋ ដែលបានបោះផ្សាយនាពេលកន្លងមកផងដែរ។ ដោយមើលឃើញពីសារៈសំខាន់ និងអត្ថប្រយោជន៍ នៃការជួញដូរមូលបត្ររដ្ឋ ទើបធនាគារអេស៊ីលីដា សម្រេចធ្វើជាអន្តរការីមូលបត្ររដ្ឋ ដើម្បីចូលរួមផ្សព្វផ្សាយ និងផ្ដល់ឱកាសឲ្យវិនិយោគិនសាធារណៈ បានចូលរួមក្នុងការវិនិយោគលើមូលបត្ររដ្ឋ ដែលគ្មានហានិភ័យ ឬហានិភ័យស្មើសូន្យនេះ។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មូលបត្ររដ្ឋសម្រាប់ការបោះផ្សាយលក់នៅឆ្នាំ ២០២៥នេះ មានតម្លៃចារឹកក្នុងមួយបណ្ណ ១លានរៀល ហើយប្រភេទមូលបត្រមានដូចជា ឥណទានប្រតិទាន ចាប់ពី១ឆ្នាំ ដល់ ១៥ ឆ្នាំ ជាមួយអត្រាគូប៉ុង ឬការប្រាក់ ថេរ ហើយការទូទាត់គូប៉ុង នឹងត្រូវធ្វើឡើងរាល់ ៦ខែម្ដង ដោយគិតចាប់ពីថ្ងៃបោះផ្សាយ ខណៈដែលគម្លាតនៃការបោះផ្សាយមានរយៈពេល ៤សប្ដាហ៍ម្ដង៕













