សម្ដេច ហ៊ុន សែន

សម្ដេច ហ៊ុន សែន៖ សន្តិភាពបានធ្វើឲ្យកម្ពុជាក្លាយជាម្ចាស់លើជោគវាសនារបស់ខ្លួន និងចេញផុតពីប្រទេសក្រីក្រ


សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កត់សម្គាល់ឃើញថា នៅក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅនេះ បន្ទាប់ពីទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅពុំនឹកស្មានដល់ ជាពិសេសក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជាមានសន្តិភាពពេញលេញ។ ជាក់ស្ដែងកម្ពុជា ដែលពីមុនរួមរឹតដោយសង្គ្រាមមិនចេះចប់ និងជាទឹកដីនៃវាលពិឃាតដ៏យង់ឃ្នងបំផុត បានប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកបដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលប្រជាជនបានធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន។
សម្ដេច ហ៊ុន សែន
ដោយ

ថ្លែងក្នុងពិធីអបអរសាទរខួប៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ«៧មករា» នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាដែលធ្លាប់តែត្រូវគេឈ្លានពាន ប្រមាថ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ ឥឡូវនេះ គឺជារដ្ឋមួយដែលមានឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ បានធ្វើសមាហរណកម្មខ្លួនទៅក្នុងតំបន់ និងពិភពលោក។ សម្រាប់សម្តេច កម្ពុជាដែលត្រូវមជ្ឈដ្ឋានខាងក្រៅវាយតម្លៃថា ជាប្រទេសមានខឿនសុខាភិបាលទន់ខ្សោយនោះ បានខិតខំពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ហើយបានក្លាយជាប្រទេសឈានមុខមួយនៅលើពិភពលោកក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺកូវីដ-១៩ ការពារបាននូវអាយុជីវិតរបស់ប្រជាជន។ ដោយឡែក នៅក្នុងឆ្នាំ២០២៣ ដែលទើបតែកន្លងផុតទៅនេះ ប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខដុមរមនា ក្រោមម្លប់នៃសន្តិភាព ដែលត្រូវបានការពារថែរក្សាយ៉ាងរឹងមាំ និងបានសម្រេចសមិទ្ធផលធំៗ ថ្មីៗទៀតក្នុងការអភិវឌ្ឍសង្គមជាតិរបស់ខ្លួន ទោះបីជា ត្រូវរងឥទ្ធិពលពីការវិវត្តយ៉ាងស្មុគស្មាញ នៃសភាពការណ៍អន្តរជាតិ ត្រូវបន្តដោះស្រាយផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀតក្តី។ បើតាមការកត់សម្គាល់របស់សម្ដេចតេជោ ហ៊ុន សែន សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញយ៉ាងរហ័ស និងកំពុងឈានទៅរកស្ថានភាពកំណើនដូចមុនគ្រាមានវិបត្តិកូវីដ-១៩ វិញ ក្រោមការដឹកនាំរបស់អ្នកបន្តវេនវ័យក្មេងដ៏មានសក្តានុពល គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាការកត់សម្គាល់របស់សម្ដេចតេជោ ហ៊ុន សែន មកដល់ពេលនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនារបស់ប្រទេសជាតិ ដើម្បីថែរក្សារាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ចសំដៅធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់​។ សម្រាប់សម្ដេចតេជោ នៅក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ គឺជារយៈពេលដ៏មានសារសំខាន់បំផុតក្នុងការពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០។

យ៉ាងណាមិញ សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវទិសដៅមួយចំនួនសម្រាប់ឆ្នាំ២០២៤នេះ ដល់រាជរដ្ឋាភិបាលកម្ពុជាអណាត្តិទី៧រួមមាន៖ ទី១, ការប្តូរផ្តាច់ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ព្រមទាំងការធានានូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ពលរដ្ឋ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ និងបទបញ្ញត្តិច្បាប់ជាធរមាន។ ទី២, ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក ការពារអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតមិនឱ្យជនណាមកបំពារបំពានបានឡើយ។

ទី៣, ការជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋា-ភិបាលនីតិកាលទី៧នៃរដ្ឋសភា ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាតាមការសង្ឃឹម និងជឿទុកចិត្តរបស់ប្រជាជន។ ទី៤, ការបន្តរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីធានាចីរភាពនៃកំណើនប្រកបដោយបរិយាបន្ន តាមរយៈការគ្រប់គ្រងអតិផរណាឱ្យស្ថិតក្នុងកម្រិតសមស្រប និងការរក្សាស្ថិរភាពអាត្រាប្តូរប្រាក់ ព្រមទាំងជំរុញការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងមុតស្រួច។ ទី៥, ការរក្សាលំនឹងនៃជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គមដែលរួមបញ្ចូលនូវរបបជំនួយសង្គម និងរបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ពីគ្រោះអាសន្ន និងវិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរងគ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ។ ទី៦, ការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដី, ការពារលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ, ការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។ ទី៧, ការគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឱ្យប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ និងទី៨, ការបន្តជំរុញអនុវត្តនូវនយោបាយការបរទេសដោយឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិ យកចិត្តទុកដាក់ខ្ពស់ដល់ការថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ក៏ដូចជាមួយប្រទេសដៃគូទាំងក្នុងតំបន់ និងក្រៅតំបន់ ព្រមទាំងការបន្តចូលរួមសកម្មភាពដើម្បីបុព្វហេតុ សន្តិភាព ស្ថិរភាព និងការប្រយុទ្ធនឹងបញ្ហាប្រឈមនានានៃពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Vietjet ជាប់ឈ្មោះក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតលើពិភពលោកដោយ AirlineRatings

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានចុះក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតលើពិភពលោកសម្រាប់ឆ្នាំ ២០២៤ ដោយ AirlineRatings…

UN ព្យាករថា សេដ្ឋកិច្ចប្រទេសធំៗលើពិភពលោកនឹងបន្តជួបបញ្ហាប្រឈមខ្លាំង ខណៈអ្នកខ្វះស្បៀងនឹងកើនដល់២៣៨លាននាក់

ព័ត៌មាន
អង្គការសហប្រជាជាតិ(UN)បានព្យាករថា សេដ្ឋកិច្ចនៅតាមបណ្តាប្រទេសមហាអំណាចធំៗដូចជាអាម៉េរិក ចិន អឺរ៉ុប និងជប៉ុននឹងនៅតែបន្តជួបប្រឈមនឹងបញ្ហាប្រឈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ