វិស័យចិញ្ចឹមសត្វ

ជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរីករាលដាលពេញប្រទេសវៀតណាម ដែលទាមទារឱ្យអ្នកទទួលទាននៅកម្ពុជា គួរបង្កើនការប្រុងប្រយ័ត្នក្រែងលមានការលួចនាំចូល


ជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងវាយលុកពេញប្រទេសវៀតណាម ដោយខេត្តក្រុងចំនួន២៨ក្នុងចំណោមខេត្តក្រុងទាំង៣៤របស់វៀតណាម បានផ្ទុះករណីឆ្លងជំងឺនេះរួចទៅហើយដែលរដ្ឋាភិបាលវៀតណាម បានចេញបញ្ជាឱ្យទប់ស្កាត់ការរីករាលដាលនៃជំងឺនេះជាបន្ទាន់។ បញ្ហានេះជាសារដាស់តឿនមួយសម្រាប់អ្នកទទួលទាននៅកម្ពុជា ឱ្យបង្កើនការប្រុងប្រយ័ត្ននៅពេលទៅទិញសាច់ជ្រូកនៅលើផ្សារ ព្រោះខ្លាចជ្រូកដែលកើតជំងឺនេះត្រូវបានលួចនាំចូលដោយខុសច្បាប់ ដែលអាចបង្កផលប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ។
វិស័យចិញ្ចឹមសត្វ
ដោយ

រដ្ឋាភិបាលវៀណាម កាលពីថ្ងៃសុក្រ ទី១៨ ខែកក្កដា បានចេញការព្រមានថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកកំពុងរីករាលដាលពាសពេញផ្ទៃប្រទេសវៀតណាម ដោយគំរាមកំហែងធ្វើឱ្យរាំងស្ទះការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងប្រទេសក្បែរខាងរបស់កម្ពុជា មួយនេះ។ រដ្ឋាភិបាលវៀតណាម បានចេញសេចក្តីថ្លែងការណ៍ថា ប្រទេសវៀតណាម នៅក្នុងឆ្នាំ២០២៥ នេះ បានរកឃើញការផ្ទុះឡើងនូវករណីជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅ២៨ខេត្តក្រុង ក្នុងចំណោមខេត្តក្រុងទាំង៣៤ ទូទាំងប្រទេស ហើយបានបញ្ជាក់ថា អាជ្ញាធរវៀតណាម បានសម្លាប់ជ្រូកដែលកើតជំងឺនេះចោលអស់ជាង៣ម៉ឺនក្បាលរួចមកហើយ។

រដ្ឋាភិបាលវៀតណាម បាននិយាយថា ហានិភ័យនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក គឺកំពុងកើនឡើងដែលជះឥទ្ធិពលអវិជ្ជមានដល់ឧស្សាហកម្មចិញ្ចឹមជ្រូក ការផ្គត់ផ្គង់ស្បៀងអាហារ និងបរិស្ថាន​។

គួរបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានធ្វើឱ្យរអាក់រអួលការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារទូទាំងពិភពលោកច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងនៅក្នុងការផ្ទុះឡើងដ៏អាក្រក់បំផុតនៃករណីជំងឺប៉េស្តជ្រូកអាហ្រ្វិក អំឡុងឆ្នាំ២០១៨-២០១៩ ជិតពាក់កណ្ដាលនៃជ្រូកចិញ្ចឹមនៅក្នុងប្រទេសចិន បានងាប់ ដែលធ្វើឱ្យចិន ខាតបង់ធ្ងន់ធ្ងរក្នុងទំហំទឹកប្រាក់រហូតដល់ទៅជាង១០០ពាន់លានដុល្លារអាម៉េរិក។​

ការឆ្លងរាតត្បាតជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងប្រទេសវៀតណាម ថ្មីៗនេះ បានជំរុញឱ្យនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ ចេញបញ្ជាឱ្យបណ្ដាខេត្ត និងទីភ្នាក់ងាររដ្ឋាភិបាលក្នុងសប្តាហ៍នេះ ដើម្បីដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះជាបន្ទាន់។

សូមបញ្ជាក់ថា គិតចាប់ពីដើមឆ្នាំ២០២៥ មក គ្រាន់តែនៅក្នុងខេត្តមួយរបស់វៀតណាម គឺខេត្តញ៉េ អាន់ (Nghe An) បានសម្លាប់ចោលជ្រូកដែលកើតជំងឺនេះរហូតដល់ទៅជាង២ម៉ឺន ៣ពាន់ក្បាល ដែលគិតជាសាច់ស្មើនឹង១ពាន់៥៤៣តោន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃ ជំរុញឱ្យធ្វើវិសោធនកម្មច្បាប់ ដើម្បីបើកឱ្យវិនិយោគិនអាចជួលអចលនទ្រព្យរយៈពេល៩៩ឆ្នាំ

រដ្ឋាភិបាលថៃ កំពុងធ្វើវិសោធនកម្មច្បាប់ ដើម្បីបើកដៃឱ្យវិនិយោគិនអាចជួលអចលនទ្រព្យឱ្យយូរថែមទៀតពី៣០ឆ្នាំ ដល់៩៩ឆ្នាំ ក្នុងបំណងចាក់បញ្ចូលថវិកាក្ន…

បក្សកុម្មុយនីស្តវៀតណាម ដាក់ទណ្ឌកម្មលើអតីតប្រធានាធិបតីវៀតណាមចំនួនពីររូប

គណបក្សកុម្មុយនីស្តវៀតណាម បានសម្រេចដាក់ទណ្ឌកម្មអតីតប្រធានាធិបតីដ៏មានឥទ្ធិពលចំនួនពីររូប រួមមាន លោក ង្វៀន សួនភុក (Nguyen Xuan Phuc) និងល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ