ជម្លោះក្រុមហាម៉ាស-អ៊ីស្រាអែល

ចិនចេញសេចក្ដីថ្លែងការណ៍បង្ហាញពីគោលជំហររឹងមាំជាងមុន ជុំវិញការវាយប្រហារនៅអ៊ីស្រាអែល និងតំបន់កាហ្សា


ប្រធានាធិបតីចិនលោក ស៊ី ជិនពីង កាលពីថ្ងៃចន្ទ បានប្តូរជំហរចេញសារថ្កោលទោសរបស់ខ្លួន ពាក់ព័ន្ធនឹងការវាយប្រហារនៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់កាហ្សា ដោយអំពាវនាវឱ្យមានការចរចាសន្តិភាព និងបទឈប់បាញ់ជាបន្ទាន់។ ការផ្លាស់ប្តូរជំហរនេះ កើតឡើងក្រោយដែលមានការដាក់សម្ពាធពីមេដឹកនាំព្រឹទ្ធសភាអាមេរិក លោកឆុក ស្កូម័រ ដែលកំពុងមានវត្តមានធ្វើទស្សនកិច្ចក្នុងប្រទេសចិន ជាមួយប្រតិភូជាន់ខ្ពស់សភា៥រូបផ្សេងទៀត។
ជម្លោះក្រុមហាម៉ាស-អ៊ីស្រាអែល
ដោយ

ក្រោយបង្ហាញការសោកស្តាយពីសំណាក់អ្នកប្រជាធិបតេយ្យលោក ឆុក ស្កូម័រ (Chuck Schumer) មេដឹកនាំព្រឹទ្ធសភាអាមេរិក ដែលកំពុងមានវត្តមានក្នុងក្រុងប៉េកាំង ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថ្មីមួយរបស់ខ្លួនថា «ចិនថ្កោលទោសចំពោះហិង្សា និងការវាយប្រហារលើជនស៊ីវិលស្លូតត្រង់នៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់ Gaza ហើយអ្វីដែលត្រូវធ្វើនៅពេលនេះ គឺបទឈប់បាញ់និងរក្សាសន្តិភាពឡើងវិញ។ យោងតាមសេចក្តីថ្លែងការណ៍ដំបូងរបស់ចិន គឺគ្រាន់តែអំពាវនាវឱ្យមានការទប់ស្កាត់ស្ថានការ និងការពារជីវិតជនស៊ីវិលប៉ុណ្ណោះ។

លោកឆុក ស្កូម័រ (Chuck Schumer) កាលពីថ្ងៃចន្ទ ទី៩ ខែតុលា បានសំណះសំណាលជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង ជាង១ម៉ោងកន្លះ នៅទីក្រុងប៉េកាំង ក្នុងដំណើរទស្សនកិច្ចរួមជាមួយសមាជិក និងគណៈប្រតិភូព្រឹទ្ធសភាអាមេរិក៥នាក់ ផ្សេងទៀត។ លោកបានលើកឡើងប្រាប់លោកស៊ីថា លោកមានការសោកស្តាយខ្លាំងណាស់ចំពោះការឆ្លើយតបមិនសូវមានទម្ងន់របស់ចិន ព្រោះ​ព្រឹត្តការណ៍វាយប្រហារដោយក្រុមជ្រុលនិយមនេះ គួរតែត្រូវបានប្រជាជនចិន បង្ហាញពីសាមគ្គីភាពជាមួយប្រជាជនអ៊ីស្រាអែល និងថ្កោលទោសចំពោះទង្វើគ្មានមនុស្សធម៌នេះ។

ក្រៅពីបញ្ហានៅអ៊ីស្រាអែល លោកស៊ី បានប្រាប់លោកឆុក ក្នុងជំនួបនៅថ្ងៃចន្ទ នោះដែរថា ទំនាក់ទំនងចិន-អាមេរិក នឹងជះឥទ្ធិពលដល់ជោគវាសនារបស់មនុស្សជាតិ។ លោកថា មានហេតុផលរាប់ពាន់ក្នុងការធ្វើឱ្យទំនាក់ទំនងចិន និងសហរដ្ឋអាមេរិកល្អប្រសើរ តែមានហេតុមួយប៉ុណ្ណោះធ្វើឱ្យប្រទេសទាំងពីរប្រេះស្រាំ។

របៀបដែលចិននិងអាមេរិក ធ្វើការជាមួយគ្នានៅចំពោះមុនការផ្លាស់ប្តូរ និងភាពចលាចលពិភពលោក នឹងកំណត់ជោគវាសនា អនាគតរបស់មនុស្សជាតិទាំងមូល។ លោកឆុក ស្កូម័រ ក៏បានយល់ស្របចំពោះការលើកឡើងនេះដែរ។

មេដឹកនាំព្រឹទ្ធសភាអាមេរិករូបនេះក៏បានជួបជាមួយលោក ហ្សៅ លីជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនជាតិចិនដែរ នៅថ្ងៃចន្ទនោះ។ លោកឆុក បានប្រាប់លោកហ្សៅថា ការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាចលើពាណិជ្ជកម្ម បច្ចេកវិទ្យា ការទូតជាដើម គឺជាធម្មជាតិ។ តែសង្កត់ធ្ងន់ថា អាមេរិកចង់បានការប្រកួតប្រជែង មិនចង់បានជម្លោះនឹងគ្នាទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើបញ្ហាសង្គ្រាមនៅអ៊ីស្រាអែលពេលនេះ អាចជាឱកាសសម្រាប់កម្ពុជាបង្កើនការនាំចេញផលិតផលស្បៀងដែរ ឬទេ?

ព័ត៌មាន
ជុំវិញបញ្ហាសង្រ្គាមដែលកំពុងកើតមានឡើងនៅអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស និងប៉ាឡេស្ទីននៅពេលនេះ ក្រុមអ្នកជំនាញ អះអាងថា ចង់ឬមិនចង់វានឹងប៉ះពាល…

ហេតុអ្វីទីផ្សារហ៊ុនថៃស្ថិតក្រោមសម្ពាធនៃសង្រ្គាមអ៊ីស្រាអែល និង ហាម៉ាស

ព័ត៌មាន
សន្ទុះនៃការលក់មូលបត្របំណុលថៃ មានការកើនឡើងខ្លាំងក្រោយរដ្ឋាភិបាលថៃថ្មីចូលកាន់កាប់តំណែងដែលមានទំហំទឹកប្រាក់ដល់ទៅជាង ២ ៥០០ លានដុល្លារ ប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ