នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បាននិយាយកាលពីថ្ងៃអង្គារថា សិង្ហបុរី បានសម្រេចកិច្ចព្រមព្រៀងបិទទ្វារមួយជាមួយនឹងតារាចម្រៀងដ៏មានប្រជាប្រិយភាព គឺនាង ថេល័រ ស្វីហ្វ ដើម្បីធានាថា នាងត្រូវសម្តែងតន្ត្រីនៅតែសិង្ហបុរី គឺមិនត្រូវសម្ដែងនៅប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតឡើយនៅក្នុងកម្មវិធីដំណើរទេសចរណ៍ អេរ៉ាស (Eras) របស់នាង។
លោក លី បានប្រាប់អ្នកសារព័ត៌មាននៅកិច្ចប្រជុំកំពូលក្នុងតំបន់មួយនៅឯទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលីថា ភ្នាក់ងាររបស់សិង្ហបុរី បានជួបចរចាជាមួយនាង ថេល័រ ស្វីហ្វ ដើម្បីឱ្យទៅលេងសិង្ហបុរី និងសម្តែងតន្ត្រីនៅទីនោះព្រមទាំងធ្វើឱ្យប្រទេសនេះក្លាយជាទីឈប់សំចតតែមួយគត់របស់នាងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។
សូមរំលឹកថា នាង ស្វីហ្វ នឹងរៀបចំប្រគំតន្ត្រីចំនួន៦លើក នៅចន្លោះពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមីនា នៅសិង្ហបុរី ហើយការប្រគំតន្ត្រីនេះត្រូវបានគេរំពឹងថា នឹងជួយឱ្យសិង្ហបុរីរកចំណូលបានចន្លោះពី២៦០លាន ទៅ៣៧២លានដុល្លារ ដោយក្នុងនោះ គឺ៧០%បានមកពីភ្ញៀវទេសចរបរទេស។ ប្រទេសជិតខាងអាស៊ានមួយចំនួនបានត្អូញត្អែរថា កិច្ចព្រមព្រៀងរបស់សិង្ហបុរីជាមួយតារាចម្រៀងរូបនេះ បានធ្វើឱ្យពួកគេបាត់បង់ការរីកចម្រើនផ្នែកទេសចរណ៍ដោយសារការប្រគំតន្ត្រីរបស់នាងបានអូសទាញភ្ញៀវទេសចរទៅទីនោះស្ទើរតែស្ងាត់អស់។
បើតាមកាសែតបាងកកប៉ុស្តិ៍ ការប្រគំតន្ត្រីរបស់តារាចម្រៀងរូបនេះទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ដោយពេលនោះ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានចោទប្រកាន់សិង្ហបុរីថា បានផ្តល់ឱ្យក្រុមការងារបស់នាង ស្វីហ្វ នូវប្រាក់ចន្លោះពី២លាន ទៅ៣លានដុល្លារអាម៉េរិកនៅក្នុងមួយកម្មវិធីជាថ្នូរនឹងការមិនឱ្យទៅសម្តែងនៅតាមទីក្រុងណាមួយនៅក្នុងតំបន់អាស៊ានទៀតឡើយ។
ជាមួយគ្នានេះសមាជិកសភាតំណាងរាស្ត្រហ្វីលីពីនម្នាក់ គឺលោក ចូអ៊ី សាល់សេដា (Joey Salceda) បាននិយាយថា នេះមិនមែនជាអ្វី ដែលអ្នកជិតខាងល្អគួរធ្វើនោះទេព្រោះថា កិច្ចព្រមព្រៀងនេះបានដើរផ្ទុយទៅនឹងគោលការណ៍អាស៊ាន។ ទោះយ៉ាងណាលោក លី នាយករដ្ឋមន្ត្រីសិង្ហបុរីកាលពីថ្ងៃអង្គារបានច្រានចោលការវិនិច្ឆ័យបែបនេះដោយលោកនិយាយថា នេះគឺជាការរៀបចំដ៏ជោគជ័យមួយ ហើយលោកមើលមិនឃើញថាវាជារឿងខុសឆ្គងនោះទេ៕
អត្ថបទ៖ សុខ ជា