មេទ័ពកម្ពុជា និង ថៃ

ក្រោយកិច្ចប្រជុំពិភាក្សា មេទ័ពកម្ពុជា និង ថៃ បានឯកភាពលើ ៤ចំណុច


អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទនៅល្ងាចថ្ងៃទី ២៩ខែឧសភា បានឱ្យដឹងថា ក្រោយជំនួបចរចាជាមួយភាគីថៃ ទាក់ទងនឹងបញ្ហាប៉ះទង្គិចគ្នាតំបន់មុំបី ឬចុងបូក កាលពីព្រឹកថ្ងៃទី ២៨ឧសភា ភាគីទាំងពីរ បានសម្រេចព្រមព្រៀងគ្នាលើចំណុចសំខាន់ៗចំនួន ៤ រួមមាន៖
មេទ័ពកម្ពុជា និង ថៃ
ដោយ

១៖ ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជាគណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យ ព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ។

២៖ ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និងដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល២ ឬ៣សប្ដាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

៣៖ ភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

៤៖ ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។

សូមបញ្ជាក់ថា ការចរចារវាង នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងនាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក (Pana Klaewblaudtuk) មេបញ្ជាការកងទ័ពជើងគោកថៃ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥នេះ ធ្វើឡើង នៅក្រោយពេលមួយថ្ងៃ នៃការលបឆ្មក់វាយប្រហារ ដោយក្រុមទាហានថៃ មកលើទាហានកម្ពុជា បណ្ដាលឱ្យទាហានកម្ពុជាម្នាក់ ពាលីជីវិតនៅលេណដ្ឋាន ស្ថិតក្នុងតំបន់ មុំបី ឬចុងបូក នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

គួរជម្រាបដែរថា នៅមុនការចរចានេះ ប្រទេសទាំងពីរ បានបញ្ជូនទាហាន និងសព្វាវុធធន់ធ្ងន់ ទៅកាន់តំបន់ព្រំដែន ដើម្បីប្រុងជើងការរៀងៗខ្លួន ក្រែងមានបញ្ហាជម្លោះរាលដាលកើតឡើង។

ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២៩ ខែឧសភា បានបញ្ជូនសារទៅកាន់ភាគីថៃថា សភាពការណ៍តំបន់មុំបី សូមឱ្យនៅត្រឹមមុំបីបានហើយ! កុំបន្ដរុញស្ថានការណ៍ធ្វើឱ្យរីករាលដាលទៅតំបន់ផ្សេងទៀតជាដាច់ខាត។ សម្តេចតេជោ សង្កត់ធ្ងន់ទៀតថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច និងមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការវាយបក ប្រសិនបើភាគីថៃ ពិតជាហ៊ានឈា្លនពានលើបូរណភាពទឹកដីរបស់កម្ពុជាមែននោះ។ សម្តេចតេជោ បន្ថែមថា ទោះបីជាភាគីថៃ មានយន្ដហោះចម្បាំងទំនើប ប៉ុន្ដែ កុំភ្លេចថា កម្ពុជា ក៏មានសំណាញ់មេឃ ដែលអាចបាញ់ទម្លាក់យន្ដហោះចម្បាំងបានដូចគ្នាដែរ។

ទោះយ៉ាងណា ទាំងប្រធានព្រឹទ្ធសភា និង នាយករដ្ឋមន្ត្រីកម្ពុជា សុទ្ធតែបានអំពាវនាវឱ្យប្រជាពលរដ្ឋ ខ្មែរសូមកុំឲ្យមានការព្រួយបារម្ភ ដោយផ្អែកលើព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យពលរដ្ឋខ្មែរយើង ទប់ស្កាត់កុំឲ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់កម្ពុជា៕




អត្ថបទបន្ទាប់


តើទុរេនកម្ពុជា អាចនាំចេញទៅកាន់ទីផ្សារចិន នៅរដូវកាលប្រមូលផលឆ្នាំនេះបានដែរ ឬទេ?

ក្រោយរដ្ឋាភិបាលកម្ពុជា និងចិន បានចុះហត្ថលេខាលើពិសារ ស្តីពីការនាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារចិន ឃើញថា ម្ចាស់ចម្ការទុរេន និងក្រុមហ៊ុនក…

តុលាការពាណិជ្ជកម្មអាម៉េរិក សម្រេចបញ្ឈប់ការអនុវត្តពន្ធគយបដិការរបស់លោក ត្រាំ តើអ្នកជំនាញមានការយល់ឃើញបែបណា?

គោលនយោបាយដាក់គំនាបពន្ធបដិការរបស់លោក ដូណាល់ ត្រាំ ដើម្បីទាក់ទាញផលិតកម្មឱ្យវិលត្រឡប់មកអាម៉េរិកវិញ និងដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ដែល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ