លោក ម៉ាក្រុង បាននិយាយថា «បារាំង និងអឺរ៉ុប នឹងមិនទទួលយកច្បាប់របស់អ្នកខ្លាំង ដោយមិនតបតអ្វីសោះនោះឡើយ»។ លោកសង្កត់ធ្ងន់ថា ប្រសិនប្រទេសអឺរ៉ុបទទួលយកច្បាប់បែបនេះ នោះនឹងក្លាយជារដ្ឋចំណុះរបស់គេជាមិនខានឡើយ។
ផ្ទុយទៅវិញ ប្រធានាធិបតី បារាំង បានគូសបញ្ជាក់ថា អឺរ៉ុប នឹងបន្ដក្រោឈរឡើង ដើម្បីអធិបតេយ្យភាពទឹកដី និងនីតិរដ្ឋ បើទោះបីជាពេលនេះ ពិភពលោកកំពុងឆ្ពោះទៅរកការផ្លាស់ប្ដូរ ដែលគ្មានច្បាប់ក៏ដោយ។
លោក ម៉ាក្រុង លើកឡើងយ៉ាងដូច្នេះថា «យើងពិតជាចូលចិត្តការគោរពជាជាងការធ្វើបាប ហើយយើងពិតជាចូលចិត្តនីតិរដ្ឋ ជាជាងភាពឃោរឃៅ»។
ការថ្លែងរបស់លោក ម៉ាក្រុងនេះបានធ្វើឡើង បន្ទាប់ពីលោក ត្រាំ បានគំរាមកំហែងយកពន្ធយ៉ាងច្រើនប្រឆាំងនឹងស្រា និងស្រាសំប៉ាញរបស់បារាំង ហើយប្រធានាធិបតីអាម៉េរិករូបនេះ ថែមទាំងបានទម្លាយសារឯកជនដែល លោក ម៉ាក្រុង ផ្ញើមកកាន់រូបលោកផងដែរ។ ទង្វើនេះ ត្រូវបានគេមើលឃើញថា គឺជាការរំលោភលើការសម្ងាត់ការទូតមិនធម្មតាមួយ។
ប្រទេសបារាំង កាលពីថ្ងៃទី ២០ ខែមករា ក៏បានចេញមុខទាល់ចោលការអញ្ជើញរបស់សហរដ្ឋអាម៉េរិក ដើម្បីចូលរួមនៅក្នុង ក្រុមប្រឹក្សាសន្ដិភាព ដែលជាគំនិតផ្ដួចផ្ដើមរបស់លោក ដូណាល់ ត្រាំ ផងដែរ។ ដោយឡែក នៅថ្ងៃទី ២១ ខែមករានេះ ប្រទេសន័រវេសឯណោះវិញ ដែលកំពុងមានភាពរកាំរកូសជាមួយនឹងអាម៉េរិកដែរនោះ ក៏បានចេញមកបដិសេធការអញ្ជើញនេះដូចគ្នា៕