
អ្នកចរចាពាណិជ្ជកម្មតំណាងភាគីចិន លោក លី ឈឹងកាង (Li Chenggang) បានទម្លាយប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃទី១១ ខែមិថុនា នេះថា ភាគីសហរដ្ឋអាម៉េរិក និងភាគីមហាយក្សចិន បានព្រមព្រៀងលើក្របខណ្ឌពាណិជ្ជកម្មបឋមមួយ បន្ទាប់ពីចរចាអស់រយៈពេល២ថ្ងៃជាប់គ្នានៅសប្ដហ៍នេះក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CGTN។
អ្នកចរចាចិនរូបនេះ បានបញ្ជាក់ថា ភាគីទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍លើក្របខណ្ឌសម្រាប់ការអនុវត្តការឯកភាពគ្នា ដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង សម្រេចបានអំឡុងការសន្ទនាគ្នាតាមទូរសព្ទរបស់លោកទាំងពីរកាលពីថ្ងៃទី៥ ខែមិថុនា និងការឯកភាពគ្នានៅក្នុងការចរចានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែមុន។ ពេលនេះ ភាគីមន្ត្រីអាម៉េរិក និង ភាគីមន្ត្រីចិន នឹងនាំយកក្របខ័ណ្ឌពាណិជ្ជកម្មនេះត្រលប់ទៅវិញ ដើម្បីដាក់ជូនឱ្យលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង ពិនិត្យផ្ទៀងផ្ទាត់ និងអនុម័ត។
ការចរចាជុំចុងក្រោយដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ និង ថ្ងៃអង្គារ ក្នុងសប្ដាហ៍នេះ បានធ្វើឡើងក្រោយពីមានការសន្ទនាគ្នាតាមទូរសព្ទកាលពីសប្តាហ៍មុន រវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង បានជួយបន្ធូរភាពតានតឹងកាលពីពេលថ្មីៗនេះ ក្រោយពីកិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ត្រូវបានប្រកាសឡើងដ៏គួរឱ្យភ្ញាក់ផ្អើលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីអំឡុងខែឧសភា។
សូមបញ្ជាក់ថា លទ្ធផលនៃការចរចារយៈពេល២ថ្ងៃ នៅទីក្រុងឡុងដ៍ នេះ ភាគីសហរដ្ឋអាម៉េរិក និងភាគីចិន បានព្រមព្រៀងលើក្របខ័ណ្ឌពាណិជ្ជកម្មបឋមមួយដែលមានគោលបំណងកាត់បន្ថយភាពតានតឹង ហើយលទ្ធផលសំខាន់ៗរួមមាន ប្រទេសចិន យល់ព្រមបន្ធូរបន្ថយការរឹតបន្តឹងការនាំចេញរ៉ែកម្រ ហើយសហរដ្ឋអាម៉េរិក ក៏យល់ព្រមពិចារណាបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញមួយចំនួនដូចគ្នាដែរ។
ខណៈដែលបញ្ហាសំខាន់ៗដូចជាគោលនយោបាយឧស្សាហកម្ម និងរបាំងពាណិជ្ជកម្មមិនមែនពន្ធមិនទាន់បានដោះស្រាយនៅឡើយ ក្របខណ្ឌនេះ ជាជំហានដ៏ល្អសម្រាប់ការចរចាកាន់តែស៊ីជម្រៅនាពេលខាងមុខ។ ទីផ្សារនានាក្នុងពិភពលោកបានឆ្លើយតបទៅនឹងស្ថានការណ៍វិវត្តនេះប្រកបដោយភាពវិជ្ជមាន ប៉ុន្តែភាពមិនប្រាកដប្រជានៅតែបន្តកើតមាន ខណៈដែលមហាអំណាចទាំងពីររង់ចាំការចរចាបន្ថែមទៀត និងការអនុម័តពីមេដឹកនាំកំពូលនៃប្រទេសទាំងពីរ៕
ដោយ: តែម សុខុម