កម្ពុជា-ឡាវ

កម្ពុជា-ឡាវ ឯកភាពគ្នាលុបបំបាត់ការយកពន្ធត្រួតស៊ីគ្នា ដើម្បីជំរុញការធ្វើពាណិជ្ជកម្មឱ្យកាន់តែប្រសើរ


ថ្នាក់ដឹកនាំប្រទេសកម្ពុជា និងប្រទេសឡាវ បានឯកភាពគ្នាលុបបំបាត់ការយកពន្ធត្រួតស៊ីគ្នាលើការដោះដូរពាណិជ្ជកម្មមួយចំនួន ដើម្បីលើកកម្ពស់ និងជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងអ្នកភូមិផងទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ កិច្ចព្រមព្រៀងលុបចោលការយកពន្ធត្រួតស៊ីគ្នា ដែលទើបចុះហត្ថលេខានេះពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ តើការលុបចោលពន្ធត្រួតស៊ីគ្នានេះអាចជួយជំរុញការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរយ៉ាងណាដែរ?
កម្ពុជា-ឡាវ
ដោយ

កម្ពុជា-ឡាវ ដែលប្រទេសភូមិផងរបងជាមួយគ្នា បានឯកភាពចុះកិច្ចព្រមព្រៀងរួមគ្នាស្តីពីការលុបបំបាត់ការយកពន្ធត្រួតស៊ីគ្នា សំដៅជួយសម្រួល និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានទំហំតូចនៅឡើយ ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានិងឡាវ លុបបំបាត់ការយកពន្ធត្រួតស៊ីគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ បន្ថែមលើនេះភាគីទាំងពីរ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ។

ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជឿជាក់ថា តាមរយៈការលុបបំបាត់ការយកពន្ធត្រួតស៊ីគ្នានេះ វានឹងជួយជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា ការធ្វើ​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរហាក់បង្ហាញសម្ទុះវិជ្ជមានគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំវេទិកាធុរកិច្ចកម្ពុជា-ឡាវ ដែលជាវេទិកាផ្តល់ឱកាសឱ្យវិនិយោគិននៃប្រទេសទាំងពីរអាចផ្គូផ្គងពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។

​គួរបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាខាងលើធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក្នុងអំឡុងពេល លោក មកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមានវិស័យនយោបាយ និងការទូត, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ, ការពារជាតិ និងសន្តិសុខ, ថាមពល, ការដឹកជញ្ជូន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, អប់រំ, ទេសចរណ៍, វប្បធម៌ និងសិល្បៈ៕




អត្ថបទបន្ទាប់


អង្គការពាណិជ្ជកម្មពិភពលោកថា វៀតណាមក្លាយជាប្រទេសនាំចេញធំបំផុតទី២ នៅអាស៊ាន និងធំបំផុតទី១១ទូទាំងពិភពលោក

វៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា បានវិវត្តខ្លួនយ៉ាងឆាប់រហ័សពីអ្នកនាំចេញតិចតួចអំឡុងឆ្នាំ២០១៣ ក្លាយជាប្រទេសនាំចេញធំបំផុតទី២ នៅត…

ក្រុមហ៊ុនចែកចាយបន្ទះឈីបរបស់ជប៉ុន កំពុងសម្លឹងឱកាស ដើម្បីវាយលុកចូលទីផ្សារចិន ក្រោយអាម៉េរិករឹតបន្តឹងការនាំចេញ

បណ្ដាក្រុមហ៊ុនចែកចាយបន្ទះឈីបរបស់ជប៉ុន ដែលមានសេដ្ឋកិច្ចធំបំផុតទី៤ នៅលើពិភពលោកកំពុងសម្លឹងឱកាស ដើម្បីវាយលុកចូលទីផ្សារចិនកាន់តែជ្រៅ ស្របពេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ