ឯកឧត្តម ឃឹម ហ្វីណង់

ដង្កូវហ្វូងបានពង្រីកការវាយលុកលើដំណាំកសិកម្មដល់ខេត្តចំនួន១០ហើយ


មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា មកទល់ពេលនេះដង្កូវហ្វូង ដែលត្រូវបានអះអាងកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ បានពង្រីកការវាយលុកលើដំណាំកសិកម្មរបស់ប្រជាកសិករដល់ខេត្តចំនួន១០ ហើយ ដែលកំពុងបង្កជាក្តីបារម្ភដល់កសិករ។ តែយ៉ាងណាក្រសួងកសិកម្មមិនទាន់អាចវាយតម្លៃពីទំហំនៃការខូចលើផលដំណាំ ដែលបង្កឡើងដោយដង្កូវនេះបាននៅឡើយទេ ខណៈមន្ត្រីជំនាញយកចិត្តទុកដាក់ជួយដោះស្រាយកសិករលើបញ្ហានេះ។
ឯកឧត្តម ឃឹម ហ្វីណង់
ដោយ

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា មកទល់ពេលនេះក្រសួងពុំទាន់អាចកំណត់ពីទំហំនៃផលប៉ះពាល់លើដំណាំផ្សេងៗ ដែលបង្កឡើងដោយដង្កូវហ្វូងបាននៅឡើយទេ។ ប៉ុន្តែមន្រ្តីជាន់ខ្ពស់រូបនេះបានអះអាងថា គិតត្រឹមថ្ងៃទី២០ ខែមិថុនា វត្តមានសត្វដង្កូវហ្វូងត្រូវបានប្រទះឃើញកំពុងបំផ្លិចបំផ្លាញដំណាំរបស់ពលរដ្ឋនៅតាមតំបន់មួយចំនួនក្នុងខេត្តចំនួន១០។ ការផ្ទុះឡើងហ្វូងដង្កូវនេះ ត្រូវបានអ្នកនាំពាក្យរូបនេះអះអាងថា គឺដោយសារឆ្នាំនេះមានអាកាសធាតុក្តៅខ្លាំង និងអូសបន្លាយពេលយូរ ដែលបានធ្វើឱ្យវដ្តជីវិតរបស់ដង្កូវហ្វូងកាន់តែខ្លី ពងឆាប់ញាស់ ឆាប់ធំ និងបង្កកំណើតក្នុងល្បឿនលឿន។ ក្រៅពីនេះ ក៏មានកត្តាបូកផ្សំនឹងការបាត់លំនឹងជីវចម្រុះដោយសារកត្តាអាកាសធាតុ ដែលបានធ្វើឱ្យបាត់បង់នូវប្រភេទសត្វមានប្រយោជន៍មួយចំនួន ដែលតែងដើរតួនាទីបំផ្លាញពពួកដង្កូវទាំងនេះផងដែរ។

បើតាមអ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ ហេតុការណ៍ស្រដៀងគ្នានេះធ្លាប់បានកើតឡើងរួចមកហើយនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦ ដែលនៅក្នុងពេលនោះ ដង្កូវបានស៊ីបំផ្លាញដំណាំរបស់ប្រជាកសិករអស់ជាច្រើននៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ចាម។ ទន្ទឹមនេះឯកឧត្តម ឃឹម ហ្វីណង់ បានជំរុញដល់កសិករត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងតាមដានត្រួតពិនិត្យមើលដំណាំស្រែចម្ការជាប្រចាំ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ហើយក្នុងករណីរកឃើញថា មានផ្ទុះដង្កូវហ្វូងនៅក្នុងចម្ការ ស្រែ គឺត្រូវចាត់វិធានការការពារ ក្នុងនោះមានការសម្អាតស្មៅនៅតាមភ្លឺស្រែ ឬគម្ពោធព្រៃនៅជុំវិញស្រែ ជីកចង្អូរមាត់លើដែលមានមុខកាត់៣០សង់ទីម៉ែត្រ និងជម្រៅ២០សង់ទីម៉ែត្រ រួចរោយផេះ ឬកន្ទក់នៅបាតរណ្តៅដើម្បីបង្អាក់ការធ្វើដំណើររបស់ដង្កូវហ្វូង។ ចំពោះវិធានការកម្ចាត់ អាចព្រលែងសត្វទាចូលទៅក្នុងស្រែ ហើយបើមានប្រភពទឹក គួរបង្ហូរទឹកចូលទៅក្នុងស្រែឱ្យលិចសន្ទូង ឬសំណាបរួចបង្ហូរទឹកចេញវិញហើយយកស្បៃមុង ឬថ្នងដងត្រីត្រង យកដង្កូវហ្វូងកម្ទេចចោល និងការប្រើវិធានការគីមីផងដែរ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ

None



អត្ថបទបន្ទាប់


ក្រោយជោគជ័យនៅរាជធានីភ្នំពេញ ក្រុមហ៊ុនយក្យរបស់ជប៉ុន មីនីបៀរ នឹងបើកការដ្ឋានសាងសង់រោងចក្រទី២របស់ខ្លួននៅខេត្តពោធិ៍សាត់

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកខ្នាតយក្សរបស់ជប៉ុន មីនីបៀរ មីស៊ូមិ (Minebea Mitsumi) នឹងបើកការដ្ឋានសាងសង់រោងចក្រទី២របស់ខ្លួននៅស្រុកក្រគរ…

ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៤ បានត្រឡប់មកវិញហើយ!

នៅថ្ងៃទី14-16 ខែមិថុនា ឆ្នាំ2024 ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ