ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានអះអាងថា បញ្ហាកកស្ទះស្រូវនេះ មិនមានជាក្ដីបារម្ភខ្លាំងនោះទេ ព្រោះក្រសួងកសិកម្ម បានសិក្សារួចជាសម្រេច ថាប្រទេសវៀតណាម បានផ្លាស់ប្ដូរ យុទ្ធសាស្ត្រការធ្វើកសិកម្មរបស់ខ្លួន ដើម្បីអាចទទួលបានប្រាក់ចំណូលច្រើន ជាងការដាំដំណាំស្រូវ ដូច្នេះ វៀតណាមនៅតែមានតម្រូវការស្រូវពីកម្ពុជា។
ទោះបីកម្ពុជា នៅតែស្ថិតក្នុងវិបត្តិកូវីដ-១៩ និងកំពុងជួបបញ្ហាក្នុងការនាំចេញស្រូវទៅកាន់ទីផ្សារវៀតណាម ដោយសារវិធានការរឹតបន្ដឹងទប់ស្កាត់កូវីដ-១៩ក៏ដោយ ប៉ុន្ដែ ការនាំចេញស្រូវទៅកាន់វៀតណាមនៅតែមានជាបន្តបន្ទាប់។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ថា បញ្ហាកកស្ទះផលិតផលស្រូវរបស់កសិករមួយចំនួន ក្នុងការនាំចេញទៅកាន់ទីផ្សារវៀតណាមនាពេលនេះ មិនមែនជាក្ដីព្រួយបារម្ភខ្លាំងនោះទេ។
ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានពន្យល់ប្រាប់សារព័ត៌មានខេមបូណូមីស ថា មូលហេតុដែលក្រសួង មិនព្រួយបារម្ភខ្លាំង ចំពោះបញ្ហានេះ ព្រោះក្រសួងកសិកម្ម បានសិក្សារួចជាសម្រេច ថាប្រទេសវៀតណាម បានផ្លាស់ប្ដូរ យុទ្ធសាស្ត្រការធ្វើកសិកម្មរបស់ខ្លួន ដើម្បីអាចទទួលបានប្រាក់ចំណូលច្រើន ជាងការដាំដំណាំស្រូវ។ ឯកឧត្តម បន្តថា ទៅថ្ងៃអនាគត កម្ពុជា នឹងមិនខុសពីប្រទេសវៀតណាម នោះទេ ក្នុងការកែប្រែយុទ្ធសាស្ត្រថ្មី ក្នុងវិស័យកសិកម្ម។
ទាក់ទិនបញ្ហានេះ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្ម យល់ថា កសិករ គួរបង្កើនការដាំដុះស្រូវប្រភេទក្រអូប ព្រោះពូជស្រូវក្រអូប កំពុងមានទីផ្សារខ្ពស់ ជាជាងដាំដុះពូជស្រូវ សម្រាប់នាំទៅវៀតណាមច្រើនពេក។ ប្រធាននាយកដ្ឋានរូបនេះ បន្តថា មូលហេតុមួយចំនួន ដែលធ្វើឱ្យតម្លៃស្រូវធ្លាក់ចុះ បណ្ដាលមកពីការបិទច្រកនាំស្រូវចេញបណ្តោះអាសន្នជាពិសេសច្រកបន្ទាយចក្រី ខេត្តព្រៃវែង ដោយប្រទេសវៀតណាម។ ការប្រមូលផលស្របគ្នាជាមួយកសិករវៀតណាម នៅតំបន់ដីសណ្តរទន្លេមេគង្គ។ ការកាត់បន្ថយការទិញស្រូវ របស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ដោយសារសល់ស្រូវ-អង្ករ ក្នុងស្តុកច្រើន និងការនាំចេញអង្ករទៅទីផ្សារអន្តរជាតិធ្លាក់ចុះជាដើម។
ដោយឡែក លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា ក៏យល់ឃើញមិនខុសគ្នាប៉ុន្មាននោះទេ ជាមួយក្រសួងកសិកម្ម ដោយលោកបានលើកឡើងថា កន្លងមករដ្ឋាភិបាល ក៏បានជួយដោះស្រាយបញ្ហាដល់កសិករ ដោយប្រមូលទិញស្រូវពីកសិករ ក្នុងតម្លៃសមរម្យដែរ។ ម្យ៉ាងវិញទៀត លោកបានបញ្ជាក់បន្ថែមថា ដំណើរការនៃការនាំចេញស្រូវ ទៅប្រទេសវៀតណាម កាន់តែវិលមករកសភាពធម្មតា ព្រោះច្រកទ្វាព្រំដែន រវាងកម្ពុជា-វៀតណាម ក៏បានបើកវិញខ្លះៗ ដែរ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលឯកឧត្តម វេង សាខុន ផ្ដល់ឱ្យសារព័ត៌មានខេមបូណូមីស រយៈពេល ៧ខែ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ កម្ពុជា បាននាំចេញស្រូវ ជាង ២លានតោន ទៅប្រទេសវៀតណាម។ ក្នុងនោះ សម្រាប់ស្រូវក្រអូប តម្លៃ ៨៨០រៀល និងស្រូវធម្មតា(IR) តម្លៃ ៦៧៥រៀល ក្នុងមួយគីឡូក្រាម៕