ទិន្នផលមៀនខេត្តប៉ៃលិន

តើស្ថានភាពទីផ្សារមៀនប៉ៃលិនកំពុងវិវត្តដល់ណាហើយ?


បញ្ហាការនាំចេញស្រូវពីកម្ពុជាទៅវៀតណាមកំពុងរាំងស្ទះដោះស្រាយមិនទាន់បានស្រួលបួលផង ឥឡូវនេះ កម្ពុជាកំពុងឈឺក្បាលនឹងរឿងកសិផល មៀនប៉ៃលិន ឬ តាង៉ែនមួយទៀតហើយ។ បញ្ហាមៀនប៉ៃលិន ឬតាង៉ែន នេះ កើតឡើង គឺនៅក្រោយពេលដែលថៃបានបិទការនាំចូលមៀនប៉ៃលិនពីកម្ពុជា ដែលបច្ចុប្បន្ន កំពុងធ្វើឲ្យកសិករដេកភ័យព្រួយចិត្ត ព្រោះដល់រដូវប្រមូលផលមៀនទុំពេញដើមទៅហើយ បែរជាបិទមិនអាចនាំចេញបានឬ គ្មានទីផ្សារ។
ទិន្នផលផ្លែមៀនរបស់ខេត្តប៉ៃលិន (រូបភាព៖សហគមន៍ផលិតផលមៀនប៉ៃលិន)

តើ​មក​ទល់​នឹង​ពេល​នេះ​បញ្ហា​មៀន​ប៉ៃលិន​នេះ កំពុង​វិ​វត្ត​ដល់​កម្រិត​ណា​ហើយ ហើយ​ក្រសួង​ពាក់ព័ន្ធ ពិសេស​ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម បាន​និង​កំពុង​ធ្វើ​កិច្ច​ការងារ​អ្វីខ្លះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ?

មុន​នឹង​យើង​និយាយ​ពី​វិធានការ​របស់​ក្រសួង​ពាក់ព័ន្ធ យើង​មក​ចាប់អារម្មណ៍​ពី​ស្ថានភាព​ទីផ្សារ​ទាក់ទង​នឹង​មៀន​ប៉ៃលិន ឬ តា​ង៉ែ​ន របស់​កម្ពុជា​មុន​សិន​។

ក្រោយ​ពេល​មាន​ដំណឹង​ថា ថៃ ប្រកាស​ផ្អាក​នាំ​ចូល​មៀន​ពី​កម្ពុជា​កាលពី​ស​ប្ដា​ហ៍​មុន​នេះ បាន​ធ្វើ​ឱ្យ​តម្លៃ​មៀន​ប៉ៃលិន ក្នុងឆ្នាំនេះ ធ្លាក់​ថ្លៃ​ខ្លាំង​មក​នៅ​ត្រឹម ២.៥០០​រៀល ទៅ ៣.០០០​រៀល ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ​។

ការ​បិទ​ការ​នាំ​ចូល​ផ្លែ​មៀន​ប៉ៃលិន ពី​កម្ពុជា​ពី​សំណាក់​ប្រទេស​ថៃ ពិតជា​រង​ផល​ប៉ះពាល់​ខ្លាំង ដល់​កសិករ​ខ្មែរ ដែល​ដាំ​ដុះ​មៀន​ប៉ៃលិន ឬ តា​ង៉ែ​ន​យ៉ាង​ខ្លាំង ដោយសារ​ទីផ្សារ​មៀន​ប៉ៃលិន ឬ តា​ង៉ែ​ន​ខ្មែរ​យើង​ស្ទើ​ទាំងស្រុង ពឹង​លើ​ខ្យល់​ដកដង្ហើម​ទីផ្សារ​ថៃ​។

លោក រ៉េ​ម វី​ណា កសិករ​ដាំ​មៀន​ប៉ៃលិន ស្ថិត​នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង ប្រាប់​ខេ​ម​បូ​ណូ​មី​ស ថា លោក​កំពុង​មានការ​ព្រួយបារម្ភ ពី​បញ្ហា​បិទ​នាំ​ចូល​ទៅ​ថៃ ឬ ខ្វះ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​។ កសិករ​រូប​នេះ អះអាង​ថា មៀន​ប៉ៃលិន របស់​លោក ប្រមាណ ២០០​ដើម ឆ្នាំ​នេះ​ទទួល​បាន​ទិន្នផល​ល្អ និង​ចាប់ផ្ដើម​ប្រមូល​ផល​បណ្ដើរ​ៗ ហើយ​។ ប៉ុន្តែ ទាក់ទង​នឹង​តម្លៃ​វិញ លោក​បញ្ជាក់​ថា ធ្លាក់​ចុះ​ខ្លាំង​មក​នៅ​ត្រឹម ២.៥០០​រៀល ទៅ ៣.០០០​រៀល ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ហើយ​ស្ទើ​តែ​គ្មាន​អ្នកទិញ​ទៀត​ផង​។ ខណៈ​ឆ្នាំ​មុន​មៀន​ប៉ៃលិន អាច​លក់​បាន​តម្លៃ​ខ្ពស់​បំផុត​ដល់​ទៅ ៨.០០០​រៀល ក្នុង​មួយ​គីឡូក្រាម និង​ទាប​បំផុត​ក៏​នៅ​អាច​លក់​បាន​តម្លៃ ៤.០០០​រៀល ទៅ ៥.០០០​រៀល ក្នុង​មួយ​គីឡូក្រាម​ដែរ​។

ដោយឡែក​លោក សួន ជុំ អនុគណៈ​ក​ម្មា​ការ​ធិ​ការ​ដំណាំ​មៀន​ប៉ៃលិន ខេត្តបាត់ដំបង និង​ជា​អ្នក​ដាំ​មៀន​ប៉ៃលិន ផង​ដែរ បាន​អះអាង​ប្រាប់​ខេ​ម​បូ​ណូ​មី​ស ថា បើ​មិន​អាច​ដោះស្រាយ​បញ្ហា​ទីផ្សារ​មៀន​ប៉ៃលិន​ឱ្យ​បាន​ឆាប់​ទេ​នោះ ទិន្នផល​មៀន​ប៉ៃលិន របស់​កសិករ​នឹង​ត្រូវ​ប្រឈម​ការ​ខូចខាត ខណៈ​ដែល​នៅ​រដូវ​ប្រមូល​ផល​មៀន​ប៉ៃលិន​នេះ​យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រមាណ​៥​ម៉ឺន​តោន​ដែរ ដែល​ប្រឈម​នឹង​ការ​ប៉ះពាល់​។ យ៉ាងណា​ក៏​ដោយ សហគមន៍​មៀន​ប៉ៃលិន ក៏​បាន​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ព​ន្លឿ​ន​ច្បាប់​នាំ​ចេញ​មៀន​ប៉ៃលិន ទៅ​ប្រទេស​ចិន ដើម្បី​បញ្ចៀស​ការ​ខាត​ទុន​កាន់តែ​ច្រើន​ជា​រៀង​រាល់​ឆ្នាំ​។

ជុំ​នឹង​ទៅ​នឹង​បញ្ហា​នេះ​ដែរ លោក សារ ចំរើន ប្រធាន​ក្រុមប្រឹក្សា​សហគមន៍​មៀន​ប៉ៃលិន បាន​អះអាង ប្រាប់​ខេ​ម​បូ​ណូ​មី​ស ថា បច្ចុប្បន្ន​ដំណោះស្រាយ​លើ​បញ្ហា​ទីផ្សារ​មៀន​ប៉ៃលិន​នេះ នៅ​មិន​ទាន់​មាន​ធំដុំ​នៅឡើយ​ទេ​។ តែ​យ៉ាងណា នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ ខាង​អាជ្ញាធរ​កម្ពុជា នឹង​ធ្វើ​លិខិត​ទៅ​កាន់​អាជ្ញាធរ​ថៃ ដើម្បី​សម្រួល​បញ្ហា​បិទ​ការ​នាំ​ចេញ​តា​ង៉ែ​ន​ន​នេះ​។ ទោះ​យ៉ាងណា លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​សម្រួល​និ​តិ​វិធី​នាំ​ចេញ​មៀន​ប៉ៃលិន​ទៅ​ចិន​ឲ្យ​បាន​កាន់​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ទើប​អាច​ជួយ​ស្រោចស្រង់​ទីផ្សារ​មៀន​ប៉ៃលិន​កម្ពុជា​បាន​។ បើ​ពុំ​ដូច្នេះ​ទេ​បញ្ហា​នឹង​នៅ​តែ​កើត​មាន​ដដែល​ជា​ដដែល​ពិសេស​រឿង​តម្លៃ ។

តើ​ហេតុ​អ្វី​បានជា​ថៃ​បិទ​មិន​ឲ្យ​ខ្មែរ​នាំ​មៀន​ប៉ៃលិន​ចូល?

វិធានការ​បិទ​មិន​ឲ្យ​កម្ពុជា​នាំ​ចូល​មៀន​ភ្លាម​ៗ​ពី​សំណាក់​ប្រទេស​ថៃ​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​ប្រទេស​នេះ ក៏​កំពុង​ជួប​វិបត្តិ​ទីផ្សារ​មៀន​ក្នុងស្រុក​របស់​ខ្លួន​ដែរ​។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍ ថ្មី​ៗ​នេះ ប្រទេស​ចិន បាន​ហាមឃាត់​ការ​នាំ​ចូល​មៀន​ពី​ប្រទេស​ថៃ​មិន​កំណត់​រយៈពេល ក្រោយ​ចិន​រក​ឃើញ​ថា មាន​សត្វល្អិត​ចង្រៃ​នៅ​លើ​ផ្លែ​មៀន​នាំ​ចូល​ទាំងនោះ​។ បច្ចុប្បន្ន​នេះ ថៃ​ក៏​កំពុង​ឈឺក្បាល​នឹង​ស្វែងរក​ទីផ្សារ​ផ្លែ​មៀន​ជូន​កសិករ​របស់​ខ្លួន​ដូច​គ្នា​ដែរ ពិសេស​ជំនួស​ឲ្យ​ទីផ្សារ​ចិន ដែល​ជាទី​ផ្សារ​ធំ​បំផុត​ក្នុង​ការ​នាំ​ចេញ​ផ្លែ​មៀន​របស់​ថៃ​។ ថៃ​ពេល​នេះ កំពុង​ញាប់ដៃ​ញាប់​ជើង​ក្នុង​ការ​ជំរុញ​ទីផ្សារ​នាំ​ចេញ​មៀន​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​។

តើ​ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា កំពុង​ធ្វើ​កិច្ចការ​អ្វីខ្លះ​ចំពោះ​បញ្ហា​មៀន​ប៉ៃលិន​នេះ?

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ឯកឧត្តម ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម រួម​ទាំង​ក្រសួងកសិកម្ម កំពុងធ្វើការ​ងារ​យ៉ាង​មមាញឹក ដើម្បី​រក​ដោះស្រាយ​បញ្ហា​នេះ ជូន​កសិករ​ឱ្យ​បាន​ឆាប់​។

ឯកឧត្តម ស៊ា​ន ថៃ បន្ថែម​ថា ក្រសួងពាណិជ្ជកម្ម បាន​បង្កើត​ក្រុមការងារ ដើម្បី​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​ថៃ​តាម​ខេត្ត​ជាប់​ព្រំដែន ដើម្បី​សម្របសម្រួល ឱ្យ​កសិផល​មៀន​ប៉ៃលិន​អាច​នាំ​ចេញ​ទៅ​ថៃ​បាន​។ ជាមួយ​គ្នា​នោះ មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង នឹង​ធ្វើការ​ជាមួយ​អាជ្ញាធរ​រដ្ឋបាល​គយ​ចិន អំពី​លក្ខខណ្ឌ តម្រូវ​ភូតគាម​អនាម័យ សម្រាប់​ការ​នាំ​ចេញ​មៀន​ប៉ៃលិន ដើម្បី​ឈាន​ទៅ​ចុះ​អនុស្សារ​ណ​:​យោគយល់​គ្នា ស្ដី​ពី SPS សម្រាប់​នាំ​ចេញ​ផលិតផល​មៀន​ប៉ៃលិន ទៅ​កាន់​ប្រទេស​ចិន​ក្នុង​ពេល​ខាង​មុខ​ផង​ដែរ​។

ចំពោះ​ការ​ចង្អុលបង្ហាញ​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឲ្យ​បង្វែរ​ការ​នាំ​ចេញ​មៀន​ទៅ​ប្រទេស​ថៃ ឲ្យ​ទៅ​រក​ច្រក​ខាង​ប្រទេស​វៀតណាម​វិញ ក្រសួងពាណិជ្ជកម្ម ក៏​បាន​គាំទ្រ​ចំពោះ​ដំណោះស្រាយ​បន្ទាន់​នេះ ព្រោះ​ការ​នាំ​ចេញ​តាម​ច្រក​ផ្សេង​ៗ ទោះ​តិច​ក្ដី​ច្រើន​ក្ដី វា​នឹង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ដែល​កំពុង​ប្រឈម ព្រោះ​ផ្លែ​មៀន​វា​នឹង​ទុំ ឬ ដល់​ពេល​ប្រមូល​ផល​ទៅ​តាម​ធម្មជាតិ​របស់​វា មិន​អាច​ពន្យា​ពេល​បាន​ទេ​។

ដោយឡែក​ក្រសួងពាណិជ្ជកម្ម​ក៏​បាន​ស្នើ​ទៅ​កាន់​ក្រុម​ហ៊ុ​នានា​ក៏​ដូច​ជា សាធារណជន សូម​ជួយ​ទិញ​មៀន​ប៉ៃលិន​របស់​កសិករ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​វា​ក៏​អាច​ជួយ​សម្រាល​ការ​លំបាក​ចំពោះ​មុខ​បាន​ខ្លះ​ដែរ​។

យោង​តាម​របាយការណ៍​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ឯកឧត្តម វេ​ង សា​ខុន ធ្លាប់​បាន​លើក​ឡើង​ថា គិត​ត្រឹម​ឆ្នាំ​២០២០ បរិមាណ​ទិន្នផល​មៀន​ប៉ៃលិន​ដែល​ទទួល​បាន​មាន​ប្រមាណ ២០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ក្នុង​នោះ ការ​នាំ​ចេញ​សម្រេច​បាន​ជាង ១០​ម៉ឺន​តោន ដោយ​មាន​តម្លៃ​ប្រហែល​ជិត​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទដោយ៖ ខន ណា​រី 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមប្រឈមនឹងវ៉ាក់សាំងកូវីដ-១៩មកដល់យឺត ខណៈករណីឆ្លងប្រចាំថ្ងៃហក់ឡើងកាន់តែខ្ពស់

ព័ត៌មាន
វ៉ាក់សាំងមកដល់យឺតកំពុងរុញស្ថានការណ៍នៅវៀតណាមកាន់តែយ៉ាប់យ៉ឺន ខណៈករណីឆ្លងកូវីដ១៩ថ្មីកើនឡើងជិត១ម៉ឺនករណីក្នុងមួយថ្ងៃ។ លើសពីនេះ ការទទួល…

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖បញ្ហាកកស្ទះស្រូវនាំចេញទៅវៀតណាមមិនមែនក្ដីបារម្ភខ្លាំងពេកទេ

ព័ត៌មាន
ការនាំចេញស្រូវពីកម្ពុជាទៅកាន់វៀតណាម ត្រូវបានគេមើលឃើញថា បានជួបបញ្ហារងគ្រោះគួរឲ្យកត់សម្គាល់ ដោយសារតែការនាំចេញបាននិងកំពុងបន្ដមានការរាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ