វិស័យអាកាសចរណ៍

តម្លៃសំបុត្រយន្តហោះពីថៃ មកកម្ពុជា ហក់ឡើងចន្លោះពី៥០% ទៅ១០០% ក្រោយប្រទេសទាំងពីរបិទច្រកព្រំដែនគោក


ចាប់តាំងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ កាន់តែមានភាពតានតឹង និងឈានទៅដល់ការបិទច្រកព្រំដែនទាំងអស់នៃប្រទេសទាំងពីរ អ្នកជំនាញក្នុងវិស័យទេសចរណ៍កត់សម្គាល់ឃើញថា គម្រោងទស្សនកិច្ចទេសចរណ៍របស់ប្រជាជននៃប្រទេសទាំងពីរស្ទើរទាំងអស់ត្រូវបានលុបចោល។ តែយ៉ាងណាក៏ដោយចុះ មកទល់ពេលនេះ ជើងហោះហើរចេញចូលរវាងកម្ពុជា-ថៃ នៅតែដំណើរការជាធម្មតា។
វិស័យអាកាសចរណ៍
ដោយ

លោក ម៉េត សុជាតិ អគ្គលេខាធិការសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានគូសបញ្ជាក់ថា ចាប់តាំងពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ កាន់តែមានភាពតានតឹងមក កញ្ចប់ទស្សនកិច្ច និងជើងហោះហើររបស់ភ្ញៀវទេសចរថៃ ចូលមកកម្ពុជា និងពីកម្ពុជា ទៅកាន់ថៃ ស្ទើរទាំងអស់ត្រូវបានលុបចោល ដែលជំរុញឱ្យក្រុមហ៊ុនហោះហើរមួយចំនួនបានកាត់បន្ថយជើងហោះហើររបស់ខ្លួន។ យ៉ាងណាមិញ ក្រោយបិទការចេញចូលតាមផ្លូវគោករវាងប្រទេសទាំងពីរ លោកកត់សម្គាល់ឃើញថា មានអ្នកដំណើរជាច្រើនបានសម្រុកចេញពីថៃ មកកម្ពុជា តាមផ្លូវអាកាស ដែលជំរុញឱ្យតម្លៃសំបុត្រយន្តហោះពីថៃ មកកម្ពុជា នៅមួយសប្តាហ៍ចុងក្រោយនេះ បានកើនឡើងពី៥០% ទៅ១០០% នៃតម្លៃធម្មតា ខណៈតម្លៃពីកម្ពុជា ទៅថៃវិញមិនមានការប្រែប្រួលនោះទេ។ ការកើនឡើងតម្លៃសំបុត្រយន្តហោះនេះ ក៏ដោយសារក្រុមហ៊ុនអាកាសចរណ៍ ត្រូវទូទាត់ចំណាយជាមួយនឹងផលចំណេញនៃការហោះហើរទៅមក ដ្បិតថា មានអ្នកដំណើរច្រើនពីថៃ មកកម្ពុជា ប៉ុន្តែពីកម្ពុជា ទៅថៃវិញ មិនសូវមាននោះទេ។ តែយ៉ាងណា លោក ម៉េត សុជាតិ វាយតម្លៃថា ការកើនឡើងតម្លៃសំបុត្រយន្តហោះពីថៃ មកកម្ពុជានេះ គឺមានក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

​ជាមួយគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា ចាប់តាំងពីមានការប៉ះទង្កិចគ្នាជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បានប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនៃប្រទេសទាំងពីរ ពិសេសតាមផ្លូវគោកតែម្តង ខណៈតាមផ្លូវអាកាសមានការប៉ះពាល់មួយចំនួនផងដែរ។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា បញ្ហានេះមិនបានជំរុញឱ្យតម្លៃសំបុត្រយន្តហោះពីកម្ពុជា ទៅកាន់ប្រទេសថៃ មានការប្រែប្រួលនោះទេ មកទល់បេលនេះ។

​ជុំវិញបញ្ហានេះដែរ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ចាប់តាំងពីមានភាពតានតឹងលើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃមក ​​ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាសរវាងភ្នំពេញ-បាងកក និងសៀមរាប-បាងកក នៅតែដំណើរការជាធម្មតា និងគ្មានការផ្លាស់ប្តូរ។ ដោយឡែកចំពោះ តម្លៃសំបុត្រយន្តហោះត្រូវបានកំណត់ដោយក្រុមហ៊ុនអាកាសចរណ៍ ដោយផ្អែកទៅលើស្ថានភាពទីផ្សាជាក់ស្តែងពីតម្រូវការ និងការផ្គត់ផ្គង់ ពោលគឺតម្លៃសំបុត្រសមរម្យប្រកបដោយភាពប្រគួតប្រជែង។

បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា នៅក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះ មានអ្នកដំណើរប្រមាណជាង១ម៉ឺន៩ពាន់នាក់ បានធ្វើដំណើរពីអាយានដ្ឋានរបស់ថៃ មកកាន់អាកាសយន្តដ្ឋានអន្តរជាតិ សៀមរាបអង្គរ មានការកើនឡើងប្រមាណ២៦% បើធៀបនឹងចំនួនអ្នកដំណើរកាលពីសប្តាហ៍មុន៕




អត្ថបទបន្ទាប់


តើមានទឡ្ហីករណ៍អ្វីខ្លះធ្វើឱ្យអ្នកជំនាញវាយតម្លៃថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ នឹងអាចវិលមករកប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗនេះ?

ភាពតានតឹងរវាងកម្ពុជា និងថៃ បានអូសបន្លាយអស់រយៈពេលជាង១ខែហើយ ចាប់តាំងពីយោធាថៃ បានឆ្មក់ចូលបាញ់ប្រហារបណ្តាលឱ្យយោធាខ្មែរម្នាក់ពលីជីវិតនៅលើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ