ដំណាំស្វាយចន្ទី

ក្រុមហ៊ុន CSNC របស់សិង្ហបុរីមានផែនការទិញគ្រាប់ស្វាយចន្ទីកម្ពុជា ដោយឱ្យតម្លៃលើសទីផ្សារ៣%


ក្រុមហ៊ុន CSNC របស់ប្រទេសសិង្ហបុរី មានផែនការប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅពីកសិករកម្ពុជាចំនួនជាង១ម៉ឺន៤ពាន់តោនក្នុង១ឆ្នាំ ដោយផ្តល់តម្លៃបន្ថែម៣% លើតម្លៃទីផ្សារ តាមរយៈការប្រើប្រាស់យន្តការ“ផលិតកម្មកសិកម្មតាមកិច្ចសន្យា”។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា ចាត់ទុកគម្រោងរបស់ក្រុមហ៊ុនសិង្ហបុរីនេះថា ជាការបង្កើនតម្លៃបន្ថែមលើផលិតផលស្វាយចន្ទី និងជាការបង្កើតការងារក្នុងសហគមន៍ ហើយវាក៏ជាផ្នែកមួយក្នុងការជួយទប់ស្កាត់មិនឱ្យមានការក្រឡុកទីផ្សារគ្រាប់ស្វាយចន្ទីនៅកម្ពុជាពីសំណាក់ឈ្មួញបរទេសផងដែរ។
ដំណាំស្វាយចន្ទី
ដោយ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ខេមបូណូមីសថា ការហូរចេញនូវគ្រាប់ស្វាយចន្ទីឆៅក្នុងចំនួនយ៉ាងច្រើនទៅក្រៅប្រទេស បានធ្វើឱ្យឈ្មួញកណ្ដាលនៅប្រទេសជិតខាងហ៊ានបន្ទាបតម្លៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដែលជាហេតុធ្វើឱ្យកសិករមួយចំនួនបាក់ទឹកចិត្តក្នុងការបន្តអាជីពក្នុងវិស័យមួយនេះ។ ហើយកត្តានេះ ក៏ជាមូលហេតុមួយធ្វើឱ្យទីផ្សារគ្រាប់ស្វាយចន្ទីនៅកម្ពុជាពុំមានស្ថិរភាពផងដែរ។ អ្នកជំនាញរូបនេះបានបន្ថែមថា ការអស្ថិរភាពទីផ្សារតម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានេះ គឺដោយសារតែសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នាពេលបច្ចុប្បន្ននៅមានកម្រិត ដែលជាហេតុធ្វើឱ្យឈ្មួញកណ្ដាលបន្ទាបតម្លៃទីផ្សារ។

យ៉ាងណាមិញ លោក អួន ស៊ីឡុត បានគូសបញ្ជាក់ថា ដើម្បីជួយសម្រួល និងរក្សាស្ថិរភាពតម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុន CSNC របស់ប្រទេសសិង្ហបុរី រួមទាំងកសិករដាំស្វាយចន្ទីមួយចំនួនគ្រោងធ្វើកិច្ចសហការរួមគ្នា ដោយទិញលក់គ្រាប់ស្វាយចន្ទីឆៅ និងកែច្នៃពាក់កណ្តាលសម្រេចតាមកិច្ចសន្យា។ បើតាមការអះអាងរបស់អ្នកជំនាញរូប ក្រោមកិច្ចសហការនេះ ភាគីក្រុមហ៊ុន CSNC ហ៊ានឱ្យតម្លៃលើសទីផ្សាររហូតដល់៣% ខណៈក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី មួយនេះ មានគម្រោងទិញគ្រាប់ស្វាយចន្ទីកម្ពុជាប្រមាណ១ម៉ឺន៤ពាន់៥រយតោនក្នុង១ឆ្នាំ។ ការទិញគ្រាប់ស្វាយចន្ទីតាមកិច្ចសន្យានេះ ត្រូវបានលោក អួន ស៊ីឡុត ជឿថា នឹងជួយបង្កើតការងារនៅក្នុងសហគមន៍ និងបន្ថែមតម្លៃជូនដល់កសិករបន្ថែមទៀត។

បើតាមលោកថ្នាក់ដឹកនាំសមាគមស្វាយចន្ទីកម្ពុជារូបនេះ គម្រោងទិញគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន CSNC នឹងក្លាយជាផ្នែកមួយជួយដល់កសិករ តាមរយៈការប្រើប្រាស់យន្តការ“ផលិតកម្មកសិកម្មតាមកិច្ចសន្យា” ដោយពួកគេលែងពិបាកក្នុងការស្វែងរកទីផ្សារ និងជំនួសមកវិញដោយការខិតខំប្រឹងប្រែងមើលថែទាំចម្ការ ដើម្បីពង្រីកទិន្នផលស្វាយចន្ទី ដែលមានស្រាប់ឱ្យកាន់តែប្រសើរបន្ថែមទៀត។

បច្ចុប្បន្នកម្ពុជា មានកន្លែងកែច្នៃ និងរោងចក្របកគ្រាប់ស្វាយចន្ទីចំនួន៤២ ក្នុងនោះមានរោងចក្រធុនមធ្យមចំនួន៣ ស្ថិតនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រះវិហារ។ តាមទិន្ន័យពីសមាគមនស្វាយចន្ទីកម្ពុជា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតា ខណៈនៅឆ្នាំ២០២១ មានប្រមាណ៨០ម៉ឺនហិកតា។ ការថយចុះនេះ គឺដោយសារតែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករមួយជំនួនបានកាប់ដើមស្វាយចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ តាមទិន្នន័យដដែល នៅពេញមួយឆ្នាំ២០២៣ ការនាំចេញគ្រាប់ស្វាយចន្ទីររបស់កម្ពុជា សម្រេចបានជាង៦៥ម៉ឺន៦ពាន់តោន ថយចុះជាង៧% គិតជាប្រាក់មានទំហំ៨៣៧លានដុល្លារ ថយចុះជិត១៧% បើធៀបនឹងឆ្នាំ២០២២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យអាកាសចរណ៍កម្ពុជា មានសម្ទុះកើនឡើងយ៉ាងណាខ្លះនៅឆ្នាំ២០២៣?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានវាយតម្លៃថា មកទល់ពេលនេះវិស័យអាកាសចរណ៍កម្ពុជា បានវិលមករកភាពល្អប្រសើរឡើងវិញហើយ តួ…

ជប៉ុង គ្រោងផ្ដល់ឧបបត្ថម្ភធនជាង២០ពាន់លានដុល្លារ ដើម្បីជំរុញផលិតកម្មឥន្ធនៈស្អាតអ៊ីដ្រូសែន

ព័ត៌មាន
ជប៉ុន គ្រោងចំណាយដល់២០,៣ពាន់លានដុល្លារ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ដើម្បីផ្ដល់ឧបត្ថម្ភធនដល់ការផលិតឥន្ធនៈ អ៊ីដ្រូសែន ដែលកាន់តែស្អាតជាមួយនឹងគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ