ការសម្រេចឲ្យដំឡើងថ្លៃសំបុត្រដូច្នេះ ធ្វើឡើងស្របពេលដែល តម្លៃប្រេងក្នុងទីផ្សារពិភពលោកកំពុងហក់ឡើងដល់តម្លៃមួយខ្ពស់បំផុតមិនធ្លាប់មាន។ បច្ចុប្បន្នតម្លៃប្រេងឆៅរបស់អង់គ្លេស (Brent) កើនដល់ជាង៨០ដុល្លារក្នុងមួយធុងបារ៉ែល ពោលគឺមានការកើនឡើង ២០ដុល្លារ បើធៀបនឹងតម្លៃក្នុងពេលកូវីដ១៩បង្ហាញវត្តមានដំបូង។
ការដំឡើងថ្លៃសំបុត្រយន្ដហោះ ដោយគិតបញ្ចូលថ្លៃប្រេងឥន្ធនៈនេះ ក៏ដោយសារតែក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរក្នុងស្រុករបស់ចិនជាច្រើន កំពុងប្រឈមនឹងតម្រូវការហោះហើរក្នុងស្រុកតិចតួចបំផុត ដោយសារតែប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ ដែលបាននិងកំពុងរីករាលដាល ជាហេតុធ្វើឲ្យប៉ះពាល់ និងរឹតត្បិតដល់ការបម្លាស់ទីរបស់ពលរដ្ឋ។
ក្នុងនោះក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរធំៗចំនួន៣របស់ចិន កាលពីសប្តាហ៍មុនបានប្រកាសថា ខ្លួនបានបាត់បង់ជើងហោះហើរ និងប្រាក់ចំណូលប្រចាំត្រីមាសយ៉ាងច្រើន ពោលគឺច្រើនជាងកាលពីឆ្នាំទៅមិញ គ្រាដែលកូវីដ១៩លុកលុយខ្លាំងនៅទូទាំងពិភពលោកទៅទៀត។
ក្រុមហ៊ុនទាំងបីនោះរួមមាន ក្រុមហ៊ុន Air China, ក្រុមហ៊ុន China Eastern Airlines និងក្រុមហ៊ុន China Southern Airlines។
យ៉ាងណាក៏ដោយចុះ តម្លៃដែលគេបានដំឡើង គឺមិនច្រើនណាស់ណានោះទេ ពោលគឺប្រសិនបើការហោះហើរតិចជាង ៨០០គីឡូម៉ែត ភ្ញៀវម្នាក់ត្រូវថែមប្រាក់១០យ័ន ឬស្មើនឹងប្រមាណជាង ១ដុល្លារ៥០សេន ប៉ុណ្ណោះ រីឯការហោះហើរមានចំងាយលើស ៨០០គីឡូម៉ែត នឹងត្រូវថែមប្រាក់ចាប់ពី ២០យ័ន ឬស្មើនឹងជាង ៣ដុល្លារ។
សូមបញ្ជាក់ថា កាលពីពីរឆ្នាំមុន ពោលគឺនៅឆ្នាំ ២០១៩ ក្រុមហ៊ុនអាកាសចរណ៍របស់ចិន ក៏ធ្លាប់បានដំឡើងថ្លៃជើងហោះហើរ ដោយគិតបញ្ចូលថ្លៃប្រេងឥន្ធនៈផងដែរ ប៉ុន្តែពេលនោះ ក្រុមហ៊ុន ដំឡើងតែថ្លៃជើងហោះហើរក្នុងស្រុកប៉ុណ្ណោះ៕