វិស័យអាកាសចរណ៍

តើមកទល់ពេលនេះគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនៅខេត្តមណ្ឌលគិរីដំណើរការដល់ណាហើយ?


គម្រោងអភិវឌ្ឍអាកាសយានដ្ឋានថ្នាក់តំបន់នៅខេត្តមណ្ឌលគិរី រួមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សិទ្ធិឱ្យក្រុមហ៊ុន ហ្វូខឹស ត្រេន គ្លូប៊ល សិក្សា និងវិនិយោគដើម្បីអភិវឌ្ឍន៍ខេត្តស្ថិតក្នុងភូមិភាគឦសានមួយនេះ ឱ្យក្លាយទីក្រុងរណបពហុបំណង និងជាមជ្ឈមណ្ឌលទំនិញផ្លូវអាកាស ដើម្បីចូលរួមចំណែកធ្វើអតិបរមានីយកម្មក្នុងការកៀរគរចំណូលថវិកាជាតិបន្ថែមទៀត។ តើគម្រោងអាកាសយានដ្ឋានខេត្តមណ្ឌលគិរីថ្មីនេះកំពុងស្ថិតក្នុងដំណាក់កាលណា?
វិស័យអាកាសចរណ៍
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ក្រោយទទួលបានសិទ្ធិក្នុងការសិក្សា និងអភិវឌ្ឍន៍គម្រោងព្រលានយន្តហោះខេត្តមណ្តលគិរី ពីរាជរដ្ឋាភិបាលកាលពីដើមឆ្នាំ២០២៤ បច្ចុប្បន្នក្រុមហ៊ុនសម្ព័ន្ធ ហ្វូខឹស ដែលជាក្រុមហ៊ុនចម្រុះមានកម្ពុជា ម៉ាឡេស៊ី ចិន មជ្ឈិមបូព៌ា និងអឺរ៉ុប កំពុងរៀបចំបំពេញបែបបទ និងឯកសារពាក់ប័ន្ធនឹងការពិនិត្យ និងរៀបចំលិខិតបទដ្ឋានគតិយុត្តក្នុងការកៀរគរធនធានជាផ្លូវការ ស្របតាមវិធាន នីតិវិធី និងលក្ខខណ្ឌតម្រូវការ នៃកិច្ចដំណើរការគម្រោង និងសហការសម្របសម្រួល និងពិគ្រោះផ្លាស់ប្តូរយោបល់ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងកិច្ចដំណើរការអនុវត្តគម្រោងការ ស្របតាមវិធាន និងដំណាក់កាលនៃលក្ខខណ្ឌតម្រូវនីមួយៗ។

ទន្ទឹមនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានគម្រោងពិនិត្យ និងរៀបចំសេចក្តីព្រាងអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ ការផ្សារភ្ជាប់ទំនាក់ទំនងការងារ ការអនុវត្តន៍កាតព្វកិច្ច ក្នុងការត្រួតពិនិត្យ ការផ្តល់យោបល់ តម្រង់ទិស តាមដាន ដឹកនាំ និងសម្របសម្រួលគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានខេត្តមណ្ឌលគិរីថ្មី រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងឋបនីយភ័ណ្ឌពាក់ព័ន្ធ ព្រមទាំងកិច្ចការពាក់ព័ន្ធមួយចំនួនទៀតនាពេលខាងមុខ។​

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានសម្រេច និងផ្តល់ការឯកភាពជាគោលការណ៍ដល់សម្ព័ន្ធក្រុមហ៊ុន ហ្វូខឹស ដែលដឹកនាំដោយក្រុមហ៊ុន ហ្វូខឹស ត្រេន គ្លូប៊ល វេនឈ័រ នូវសិទ្ធិសិក្សា និងវិនិយោគលើគម្រោងអាកាសយានដ្ឋានខេត្តមណ្ឌលគិរីថ្មី ក្នុងទម្រង់សាងសង់-ធ្វើអាជីវកម្ម- ផ្ទេរ (BOT) និងការអភិវឌ្ឍទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាសនៅខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកតំបន់ភូមិភាគឦសានជាប៉ូលសេដ្ឋកិច្ចទី៤ (តារារះទិសឦសាន) ហើយការអភិវឌ្ឍអាកាសយានដ្ឋានថ្មីខ្នាតតំបន់នៅខេត្តមណ្ឌលគិរី ត្រូវបានជឿជាក់ថា នឹងចូលរួមចំណែកធ្វើអតិបរមានីយកម្មក្នុងការកៀរគរចំណូលថវិកាជាតិបន្ថែមទៀត។ គម្រោងនេះ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការតម្រង់ទិសការអភិវឌ្ឍក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់ មណ្ឌលគិរី ដោយឈរលើស្ថានភាពជាក់ស្តែង និងប្រភពធនធានសក្តានុពលសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍វិស័យ ទេសចរណ៍ និងអន្តរវិស័យគាំទ្រ ក្នុងក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមថា ការអភិវឌ្ឍប្រកបដោយនិន្តរភាព និងការទទួលខុសត្រូវនៃវិស័យនេះ នឹងបង្កើតបានជាផលប្រយោជន៍សេដ្ឋកិច្ច-សង្គមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន និងការ​ឆ្លើយតបចក្ខុវិស័យ នៃការអភិវឌ្ឍជាតិរយៈពេលវែងឆ្នាំ២០២០-២០៣៥ និងបណ្តាឆ្នាំខាងមុខ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Vietjet នឹងបន្ថែមជើងហោះហើរសំខាន់ថ្មីពីក្រុងហាណូយ ទៅកាន់ទីក្រុងមែលប៊ន និងហ៊ីរ៉ូស៊ីម៉ា

ព័ត៌មាន
ក្រុមហ៊ុន Vietjet គ្រោងនឹងពង្រីកបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួនបន្ថែមទៀត ដោយបង្កើនវត្តមាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងផ្លូវហោះ…

ស្វាយកែវរមៀតបន្តជួបបញ្ហាទីផ្សារ ដោយធ្លាក់ថ្លៃមកនៅត្រឹមពី៣០០ទៅ៤០០រៀលក្នុង១គីឡូក្រាម

ព័ត៌មាន
យើងសង្កេតឃើញថា មកទល់ពេលនេះតម្លៃផ្លែស្វាយកែវរមៀតហាក់មិនទាន់មានការឡើងថ្លៃវិញនៅឡើយទេ ពោលគឺឈ្មួញហ៊ានទិញក្នុងតម្លៃចន្លោះពី៣០០រៀល ទៅ៤០០រៀល …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ