
កំណើនដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានជួយឱ្យក្រុមហ៊ុនយក្សនេះ ក្លាយជាតារារះឈានមុខគេក្នុងវិស័យ AI របស់មហាយក្សចិន បន្ទាប់ពីក្រុមហ៊ុននេះដាំក្បាលចុះយ៉ាងខ្លាំងអស់រយៈពេលជាច្រើនឆ្នាំ ក្រោយមានការបង្ក្រាបរបស់និយ័តករចិន ដែលធ្វើឱ្យមហាសេដ្ឋី Jack Ma លែងសូវចេញមុខដូចមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។
ភាគហ៊ុនរបស់ក្រុមហ៊ុនយក្សចិន Alibaba របស់កំពូលមហាសេដ្ឋី Jack Ma ដែលចុះបញ្ជីនៅហុងកុង បានហក់ឡើងស្រឺតៗរហូតដល់ទៅ៤៦% ចាប់តាំងពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មក ដែលធ្វើឱ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុននេះ កើនឡើង៨៧ពាន់លានដុល្លារអាម៉េរិក។ ភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba បានហក់ឡើងខ្ពស់ជាងគេបំផុតក្នុងចំណោមភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាគ្រាក់ៗនៅក្នុងប្រទេសចិន នៅដើមឆ្នាំ២០២៥ នេះ ដោយយកឈ្នះក្រុមហ៊ុនបច្ចេកវិទ្យា Tencent ក្រុមហ៊ុនបច្ចេកវិទ្យាប៉ៃទូ (Baidu) និងក្រុមហ៊ុនបច្ចេកវិទ្យា JD.com ។
ការវិលត្រលប់មកវិញលើកនេះរបស់ក្រុមហ៊ុន Alibaba ពិតជាបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុននេះបានដាំក្បាលចុះខ្លាំងរហូតធ្វើឱ្យបាត់បង់ទំនុកចិត្តពីបណ្ដាវិនិយោគិន ក្រោយជួបព្យុះភ្លៀងធំៗចំនួន២លើក ដូចជា ការបង្ក្រាបរបស់រដ្ឋាភិបាលចិន និងតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងប្រទេសចិន ធ្លាក់ចុះខ្លាំង ក្រោយវិបត្តិកូវីដ-១៩។
ទោះជាយ៉ាងណា បណ្ដាវិនិយោគិនចិន ចាប់ផ្ដើមជ្រួលជ្រើម និងរំជើបរំជួលងាកមកចាប់អារម្មណ៍លើការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI របស់ប្រទេសចិន ឡើងវិញ ជាពិសេសបន្ទាប់ពីក្រុមហ៊ុន AI ទើបបង្កើតថ្មីរបស់ចិន DeepSeek បានធ្វើឱ្យសង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញ Wall Street នៅសហរដ្ឋអាម៉េរិក ក្រឡាប់ចាក់ និងខាតបង់ធ្ងន់ធ្ងរបំផុតជាប្រវត្តិសាស្ត្រ។
គួររំឭកថា ការលេចឡើងនៃវត្តមាន AI ជំនាន់ថ្មីដែលចំណាយដើមទុនអភិវឌ្ឍត្រឹមតែប្រមាណ៥,៦លានដុល្លាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាទើបបង្កើតថ្មី DeepSeek បានធ្វើឱ្យផ្សារហ៊ុនបច្ចេកវិទ្យាអាម៉េរិកក្រឡាប់ចាក់ និងខាតបង់សរុបរហូតដល់ទៅជាង១ទ្រីលានដុល្លារក្នុងរយៈពេលត្រឹម១ថ្ងៃ ដែលជាការខាតបង់ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ កាលពីថ្ងៃទី២៧ ខែមករា បន្ទាប់ពី AI របស់ចិននេះ បានក្លាយជា App ហ្វ្រីឥតគិតថ្លៃដ៏កំពូលនៅលើ App Store របស់ Apple ក្នុងសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យពិភពលោកស្រឡាំងកាំងយ៉ាងខ្លាំង៕
ដោយ: តែម សុខុម