ហុងកុង-អង់គ្លេស-អចលនទ្រព្យ

ពលរដ្ឋហុងកុងសម្រុកទិញផ្ទះនៅអង់គ្លេសជាង ២ពាន់ខ្នងហើយ ក្រោយមានការប្រកាសផ្ដល់សញ្ជាតិ


ក្នុងរយៈពេល៩ខែកន្លងមកនេះ ក្រោយរដ្ឋាភិបាលចក្រភពអង់គ្លេសផ្តើមប្រកាសផ្តល់សញ្ជាតិឲ្យពលរដ្ឋហុងកុង គេសង្កេតឃើញនិន្នាការនៃការទិញផ្ទះនៅអង់គ្លេសរបស់ពលរដ្ឋតំបន់រដ្ឋបាលស្វយ័តពិសេសមួយនេះ មានសន្ទុះខ្លាំងមែនទែន ដោយគិតជាទឹកប្រាក់សរុបមានប្រមាណ ១ពាន់៣រយលានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានដែលមានមូលដ្ឋាននៅហុងកុង South China Morning Post។
ពលរដ្ឋហុងកុងរស់នៅក្រុងឡុងដ៏ ចក្រភពអង់គ្លេស
ដោយ

បើ​តាម​ទិន្នន័យ​ពី​ភ្នាក់ងារ​អចលនទ្រព្យ​ឈានមុខ​មួយ​នៅ​ទីក្រុង​ឡុ​ង​ដ៏ បាន​ឲ្យ​ដឹង​ថា​ក្នុង​ពេល​៩​ខែ​ពោល​គឺ​រាប់​ចាប់ពី​ខែកក្កដា​ឆ្នាំ​មុន​មក​ដល់​ខែមីនា​ឆ្នាំ​២០២១​នេះ ពលរដ្ឋ​ហុងកុង​បាន​សម្រុក​មក​ទិញ​ផ្ទះ​នៅ​អង់គ្លេស ប្រមាណ​ជិត ២​ពាន់​ខ្នង ដោយ​ជា​មធ្យម​ផ្ទះ​មួយ​ខ្នង​មាន​តម្លៃ​ជិត ៥០​ម៉ឺន​ផោន ឬ​ស្មើនឹង​ជិត ៧០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ហុងកុង ក្លាយជា​ក្រុម​អ្នកទិញ​ផ្ទះ​ច្រើន​ជាងគេ​លំដាប់​ទី​២ នៅ​ទីក្រុង​ឡុ​ង​ដ៏ ស្មើនឹង ៨,៥%​នៃ​ការ​ទិញ​ផ្ទះ​របស់​ជនបរទេស​ទាំងអស់​កាលពី​ឆ្នាំ​២០២០ ខណៈ​ដែល​ប្រជាជន​បារាំង​ឈរ​នៅ​កំពូល​តារាង​ជា​អ្នកទិញ​ផ្ទះ​នៅ​ក្រុង​ឡុ​ង​ដ៏​ច្រើន​ជាងគេ បន្ទាប់​មក​ពលរដ្ឋ​ហុងកុង​, ជនជាតិ​ចិន និង​អា​មេ​រិ​ក​។

គួរ​រំឭក​ថា រដ្ឋាភិបាល​អង់គ្លេស​បាន​បើកភ្លើង​បៃតង​ឲ្យ​ពលរដ្ឋ​ហុងកុង​ស្នើ​សុំ​ទិដ្ឋាការ​ស្នាក់​នៅ និង​អាច​ចូល​សញ្ញា​តិ​អង់គ្លេស​បាន ហើយ​អង់គ្លេស​រំពឹង​ថា នឹង​មាន​ពលរដ្ឋ​ហុងកុង​ប្រហែល ៣០​ម៉ឺន​នាក់ ឬ​ស្មើនឹង​៤% នៃ​ចំនួន​ប្រជាជន​ក្នុង​ក្រុង​ហុងកុង​សរុប អាច​នឹង​ប្រើប្រាស់​ទិដ្ឋាការ​ថ្មី ដែល​ផ្ដល់​ដោយ​អង់គ្លេស​នៅ​រយៈពេល​៥​ឆ្នាំ​ទៀត​។ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ធ្លាប់​បាន​ប្រកាស​ថា នឹង​ទទួល​ពលរដ្ឋ​ហុងកុង​ឲ្យ​មក​រស់នៅ​អង់គ្លេស​រហូត​ដល់ ៣​លាន​នាក់​។

ការ​រឹតត្បិត​តាម​រយៈ​ច្បាប់​សន្ដិសុខ​ជាតិ និង​ការ​កែប្រែ​ច្បាប់បោះឆ្នោត​ថ្មី​របស់​រដ្ឋាភិបាល​លោក​ស៊ី ជី​ង​ពីង មក​លើ​ទីក្រុង​ហុងកុង​បាន​ក្លាយជា​កត្តា​ចម្បង ធ្វើ​ឲ្យ​ពលរដ្ឋ​ហុងកុង​គិត​ចង់​ភៀសខ្លួន​មក​រស់នៅ ប្រទេស​អតីត​អាណានិគម​របស់​ខ្លួន​វិញ​។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រទេស​ចិន​កាល​ធ្លាប់​បាន​ប្រកាស​ថា ខ្លួន​នឹង​លែង​ទទួលស្គាល់​លិខិតឆ្លងដែន​របស់​អង់គ្លេស​ដែល​កាន់កាប់​ដោយ​ប្រជាជន​ទីក្រុង​ហុងកុង​ទៀត​ហើយ ខណៈ​ដែរ​អាជ្ញាធរ​ហុងកុង​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បរទេស​ឈប់​ទទួលស្គាល់​លិខិតឆ្លងដែន​អង់គ្លេស ដែល​កាន់កាប់​ដោយ​ពលរដ្ឋ​ហុងកុង​ដូច​គ្នា​ដែរ​។

សូម​បញ្ជាក់​ថា អង់គ្លេស​គឺជា​ប្រទេស​ដែល​ធ្លាប់​បាន​ដាក់​អាណានិគម​លើ​ទីក្រុង​ហុងកុង ហើយ​អង់គ្លេស​ក៏​បាន​ផ្ដល់​ហុងកុង​ទៅ​ឲ្យ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧ ជាមួយនឹង​ការ​ធានា​ការពារ​ឲ្យ​បាន​នូវ​សេរីភាព​ជាក​ក្តា​ស្នូល​, ស្វ័យភាព​ទូលំទូលាយ និង​របៀប​រស់នៅ​បែប​មូលធននិយម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមត្រៀមជើងព្រួលទប់កូវីដ-១៩ ខណៈដែលប្រទេសក្បែរខាងកំពុងឆ្លងរាលដាលខ្លាំង

ព័ត៌មាន
វៀតណាមកំពុងប្រុងប្រៀបរៀបជើងព្រួលដើម្បីត្រៀមទប់ទល់ប្រឆាំងនឹងការឆ្លងកូវីដ-១៩ ដែលអាចនឹងកើតឡើងក្នុងសហគមន៍ ពីព្រោះបច្ចុប្បន្នប្រទេសក្បែរខាងដូចជ…

ស្រាអូស្ត្រាលីនាំចេញទៅចិនដាំក្បាលចុះខ្លាំង ក្រោយចិនយកពន្ធជាង២០០%

ព័ត៌មាន
ការនាំចេញស្រារបស់ប្រទេសអូស្ត្រាលី ទៅកាន់ចិនដីគោកបានដាំក្បាលចុះខ្លាំងស្ទើរតែគ្មានលេខដាក់ គ្មានបន្ទាប់ពីរដ្ឋាភិបាលចិនបានដាក់ពន្ធដល់ទៅជាង២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ