មេដឹកនាំបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានជិះឧទ្ធម្ភាគចក្រចុះនៅលើនាវាផ្ទុកយន្តហោះ ឆាលស៍ ឌើ ហ្គោល (Charles de Gaulle) ដែលត្រូវបញ្ជូនទៅសមុទ្រមេឌីទែរ៉ាណេ ក្រោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានបង្កឱ្យមានសង្គ្រាមដ៏វឹកវរនៅក្នុងតំបន់ និងគំរាមកំហែងដល់ស្ថិរភាពពិភពលោក។
បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Arab News ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសស៊ីប កាលពីថ្ងៃទី៩ ខែមីនា លោក ម៉ាក្រុង បានបញ្ជាក់ថា បេសកកម្មនៅច្រកសមុទ្រហ័រមូស មានគោលបំណងការពារនាវាដឹកទំនិញ និងនាវាដឹកប្រេង ដើម្បីស្ដារដំណើរការចរាចរណ៍ឡើងវិញជាបណ្ដើរៗ ក្រោយដំណាក់កាលដ៏ស្រួចស្រាវ នៃជម្លោះត្រូវបានបញ្ចប់។
សម្រាប់មេដឹកនាំបារាំងបានសង្កត់ធ្ងន់ថា វាជារឿងចាំបាច់បំផុតសម្រាប់ពាណិជ្ជកម្មអន្តរជាតិ រួមទាំងលំហូរឧស្ម័ន និងប្រេង ដែលត្រូវតែអាចដឹកចេញពីតំបន់ឈូងសមុទ្រឡើងវិញបាន ដូច្នេះអ្វីដែលត្រូវធ្វើ គឺធានានូវសេរីភាព នៃការធ្វើនាវាចរណ៍ និងសន្តិសុខផ្លូវសមុទ្រ។ មេដឹកនាំរូបនេះបានអះអាងទៀតថា នាវាផ្ទុកយន្តហោះ ឆាលស៍ ឌើ ហ្គោល អាចនឹងត្រូវដាក់ពង្រាយនៅច្រកសមុទ្រហ័រមូស ដែលជាផ្នែកមួយនៃបេសកកម្មដែលបានគ្រោងទុក។
គួររំលឹកថា ច្រកសមុទ្រហ័រមូស គឺជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់បំផុតក្នុងឈូងសមុទ្រពែក្ស ដោយមាននាវាដឹកជញ្ជូនប្រេងឆៅប្រមាណ១ភាគ៥ នៃតម្រូវការពិភពលោកឆ្លងកាត់ទីនោះ។ បច្ចុប្បន្ន ចរាចរណ៍ផ្លូវទឹកនេះស្ទើរតែជាប់គាំងទាំងស្រុងដោយសារឥទ្ធិពលនៃសង្រ្គាម៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស