នាមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា ជាស្ពានតភ្ជាប់រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល។ អ្នកឧកញ៉ា បានគូសបញ្ជាក់ថា កម្លាំងពិតរបស់សភាពាណិជ្ជកម្ម គឺស្ថិតនៅលើវិសាលភាពនៃឥទ្ធិពល និងសមត្ថភាពក្នុងការនាំយកសំឡេងរួមរបស់ធុរជនទៅពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកម្រិតខ្ពស់ ដើម្បីដោះស្រាយរាល់ឧបសគ្គ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានជំរុញដល់ប្រធានសភាពាណិជ្ជកម្មខេត្តត្រូវធ្វើការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងសហគ្រាសធុនតូចនិងមធ្យមក្នុងខេត្តរបស់ខ្លួន ដើម្បីឱ្យពួកគេចូលក្នុងប្រព័ន្ធផ្លូវការ ដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាតិ។ អ្វីដែលកាន់តែពិសេសនោះ អ្នកឧកញ៉ាបានដាក់ភារកិច្ចឱ្យតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេសធ្វើជាទូតសេដ្ឋកិច្ចជួរមុខ ដើម្បីកែប្រែមតិអន្តរជាតិ និងបង្ហាញថា កម្ពុជា គឺជាច្រកទ្វារមាសដ៏ល្អបំផុតសម្រាប់ការវិនិយោគក្នុងតំបន់អាស៊ាន។
គួរបញ្ជាក់ថា បច្ចុប្បន្នសភាពាណិជ្ជកម្មកម្ពុជា កំពុងពង្រីកឥទ្ធិពលរបស់ខ្លួនហួសពីព្រំដែន ដោយមានការិយាល័យតំណាងចំនួន៨កន្លែងនៅជុំវិញពិភពលោក រួមមាន នៅប្រទេសកាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋអាម៉េរិក និងនូវែលសេឡង់ ដែលនេះជាសក្ខីភាព នៃការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចពិភពលោក៕