សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ប្រមុខ UN ព្រមានថា និន្នាការពិភពលោកកំពុងឆ្ពោះទៅរក «សង្គ្រាមធំមួយ» ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន


អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃទី៦ខែកុម្ភៈ បានចេញមកព្រមានប្រាប់ប្រទេសនានាក្នុងពិភពលោកថា ការអូសបន្លាយ និងការរាលដាលនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន អាចនាំពិភពលោកឆ្ពោះទៅរកសង្គ្រាមធំមួយនាពេលខាងមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រមុខUNថា ពិភពលោកកំពុងឆ្ពោះទៅរកសង្គ្រាមរាលដាលធំ!

ការលើកឡើងរបស់ប្រមុខ UN រូបនេះ ធ្វើឡើងនៅចំពេលដែលសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្ដអូសបន្លាយពេលមកប្រហែល១ឆ្នាំហើយ ប៉ុន្ដែ ពន្លឺនៃការចរចាស្វែងរកសន្ដិភាពនៅតែងងឹងសូន្យសុង ហើយស្ថានការចុងក្រោយនេះ ក៏កំពុងកាន់តែក្ដៅគគុកឡើងដែរ ដោយប្រទេសលោកខាងលិចជាច្រើនបានបន្ដផ្គត់ផ្គង់អាវុធធុនធ្ងន់កាន់តែច្រើនឡើងដល់អ៊ុយក្រែន ខណៈខាងភាគីរុស្ស៊ីវិញ ក៏បានមកព្រមានខ្លាំងៗម្ដងហើយម្ដងទៀត ពីបើកសន្លឹកបៀរធំរបស់ខ្លួន គឺអាវុធនុយក្លេអ៊ែដែលគ្មានគូប្រៀបនោះតែម្ដង។

នៅក្នុងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី ៦ខែកុម្ភៈ លោក អាន់តូនីញ៊ូ ហ្កូទ័រេស អគ្គលេខាធិការអង្គារសហប្រជាជាតិ បាននិយាយថា សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន វិបត្តិអាកាសធាតុ និងភាពក្រីក្រខ្លាំង ជាអ្វីដែលពិភពលោកត្រូវរួមគ្នាគិតដោះស្រាយទាំងអស់គ្នា។ លោកបានប្រាប់អ្នកការទូតដែលមានវត្តមាននៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា៖ «យើងបានចាប់ផ្តើមឆ្នាំ២០២៣ ជាមួយនឹងបញ្ហាប្រឈមដែលមនុស្សជាតិស្ទើរតែមិនធ្លាប់ជួបប្រទះពីមុនក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះ»។

លោកបានគូសបញ្ជាក់ថា ទាំងអ្នកវិទ្យាសាស្ត្រកំពូលៗ និងអ្នកជំនាញសន្តិសុខ សុទ្ធតែបានទាញសញ្ញាព្រមានមិនធ្លាប់មាន ដែលបង្ហាញពីវិនាសកម្មនៃមនុស្សជាតិទាំងមូល។ ការថ្លែងរបស់ប្រធានអង្គការសហប្រជាជាតិរូបនេះ ធ្វើឡើងស្របពេលដែលសង្គ្រាមរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនបានឈានចូលជិតដល់គម្រប់ខួប១ឆ្នាំហើយ។

ក្រៅតែពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែនប្រមុខ UN បានកត់សម្គាល់ពីអស្ថិរភាពដទៃទៀត ដែលគំរាមដល់សន្តិភាពពិភពលោក ក្នុងនោះមានជម្លោះរ៉ាំរ៉ៃរវាង ប៉ាឡេស្ទីន និងអ៊ីស្រាអែល ជម្លោះនៅអាហ្វហ្គានីស្ថាន វិបត្តិនៅមីយ៉ាន់ម៉ា និងអស្ថិរភាពនៅប្រទេសហៃទីជាដើម។

ទោះយ៉ាងណា គេជឿថា ប្រសិនបើប្រទេសនីមួយៗបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិនោះ សន្តិភាពរបស់យើងពិតជាត្រូវបានធានា។

សូមជម្រាបថា យោងតាមកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ពិភពលោកមាននិន្នាការដើរថយក្រោយរយៈពេលប្រាំឆ្នាំ ទាក់ទងនឹងការអភិវឌ្ឍន៍ធនធានមនុស្ស រួមទាំងសុខាភិបាល ប្រព័ន្ធអប់រំ និងកម្រិតជីវភាពរស់នៅ។ ក្រៅតែពីបញ្ហាសន្តិសុខនយោបាយ ការប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដីនឹងក្លាយជាចំណុចស្នូលនៃកិច្ចប្រជុំកំពូលរបស់ UN នៅក្នុងខែកញ្ញាខាងមុខ ដែលត្រូវបានគេរំពឹងថានឹងមានការចូលរួមពីសំណាក់មេដឹកនាំនៃបណ្តាប្រទេសនៅលើពិភពលោក៕




អត្ថបទបន្ទាប់


អ្នកជំនាញចាស់វស្សាផ្នែកកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី លើកទឹកចិត្តដល់កសិករ «កុំអស់សង្ឃឹមក្នុងការធ្វើកសិកម្ម!»

ព័ត៌មាន
វិស័យកសិកម្មត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យសំខាន់ៗ ដទៃទៀត សម្រាប់ជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ខណៈវិស័យនេះនៅតែមាន…

ឈរជើងនៅទីផ្សារអាមេរិកមិនទាន់បានប៉ុន្មានផង ក្រុមហ៊ុន VinFast វៀតណាមប្រកាសនឹងកាត់បន្ថយបុគ្គលិក

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីរបស់វៀតណាម VinFast ដែលទើបតែបានចូលឈរជើងនៅទីផ្សារអាមេរិកមិនទាន់ប៉ុន្មានផងនោះ បានប្រកាសពីផែនការកាត់បន្ថយការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ