វិស័យពាណិជ្ជកម្ម

តើកម្ពុជា ត្រូវបង់ពន្ធ១៩% តាមកិច្ចព្រមព្រៀងជាមួយអាម៉េរិក ឬត្រូវបង់១៥% តាមគោលនយោបាយថ្មីរបស់លោក ត្រាំ?


ក្រោយតុលាការកំពូលសហរដ្ឋអាម៉េរិក បានសម្រេចលុបចោលពន្ធគយបដិការសកល កាលពីថ្ងៃទី២០ ខែកុម្ភៈ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានឆ្លើយតបភ្លាមៗដោយប្រកាសដាក់ចេញនូវគោលនយោបាយពន្ធនាំចូលថ្មី១៥% ជាសកល។ ស្ថានភាពដ៏ច្របូកច្របល់នេះបានបង្កជាមន្ទិលថា តើកម្ពុជានឹងត្រូវបង់ពន្ធ១៩% តាមកិច្ចព្រមព្រៀងជាមួយអាម៉េរិកនាពេលកន្លងមក ឬត្រូវអនុវត្តតាមអត្រាពន្ធសកល១៥% ដែលលោក ត្រាំ ទើបប្រកាសថ្មី? ហើយថាតើបម្រែបម្រួលនេះនឹងផ្តល់ផលវិជ្ជមាន ឬអវិជ្ជមានអ្វីខ្លះដល់សេដ្ឋកិច្ចកម្ពុជា?
វិស័យពាណិជ្ជកម្ម
ដោយ

លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការកំណត់ពន្ធរបស់សហរដ្ឋអាម៉េរិកនឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចជាសកល។ ទន្ទឹមនេះ ប្រសិនបើសហរដ្ឋអាម៉េរិក បន្តយកពន្ធបដិការ១៩% តាមកិច្ចព្រមព្រៀងជាមួយកម្ពុជា នាពេលកន្លងមក នោះនឹងបង្កផលប៉ះពាល់ដល់វិនិយោគិនបរទេសនៅកម្ពុជា ខណៈគោលនយោបាយថ្មីមានត្រឹម១៥% ប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើសហរដ្ឋអាម៉េរិក អនុវត្តអត្រាពន្ធ១៥% ជាទូទៅសម្រាប់គ្រប់ប្រទេស នោះកម្ពុជានឹងចំណេញពន្ធ៤% បើធៀបនឹងអត្រាពន្ធចាស់។ ផលចំណេញនេះ នឹងក្លាយជាកម្លាំងទាក់ទាញវិនិយោគិនបរទេសឱ្យមកកម្ពុជា កាន់តែច្រើន ដើម្បីផលិតទំនិញនាំចេញទៅកាន់ទីផ្សារអាម៉េរិក។ យ៉ាងណាមិញ លោកបណ្ឌិត សង្ឃឹមថា អាម៉េរិកនឹងពិចារណាក្នុងការកំណត់ពន្ធបដិការជាថ្មីជាមួយកម្ពុជា ស្របតាមគោលការណ៍ជាសកល។

​ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម កត់សម្គាល់ឃើញថា មកដល់ពេលនេះ ពិភពលោកកំពុងមានភាពច្របូកច្របល់ចំពោះការអនុវត្តពន្ធរបស់សហរដ្ឋអាម៉េរិក។ លោកបណ្ឌិតយល់ថា ការអនុវត្តគោលនយោបាយពន្ធថ្មី១៥% ទំនងជានឹងធ្វើឡើងជាសកល ហើយវានឹងផ្ដល់ផលល្អមួយចំនួនដល់កម្ពុជា ខណៈកន្លងមកសហរដ្ឋអាម៉េរិក បានកំណត់ពន្ធ១៩%។ តែយ៉ាងណា អ្នកជំនាញរូបនេះ លើកឡើងថា ប្រសិនបើសហរដ្ឋអាម៉េរិក កំណត់ពន្ធជាថ្មីជាមួយកម្ពុជា១៥% ដែលស្មើគ្នានឹងបណ្ដាប្រទេសនានា នោះកម្ពុជា ក៏អាចមានបញ្ហាប្រឈមមួយចំនួនជាមួយបណ្ដាប្រទេសគូប្រកួតប្រជែងក្នុងវិស័យកាត់ដេរ និងកម្មន្តសាលផងដែរ ដោយសារកន្លងមកអត្រាពន្ធរបស់កម្ពុជា មានទាបជាងបណ្ដាប្រទេសប្រកួតតប្រជែង។ តែយ៉ាងណាលោកបណ្ឌិត រំពឹងថា កម្ពុជា និងសហរដ្ឋអាម៉េរិកនឹងបន្តចរចាដើម្បីឱ្យមានការកំណត់ពន្ធក្នុងអត្រាទាបជាងបណ្ដាប្រទេសនានា និងការអនុគ្រោះពន្ធផ្សេងទៀត ដើម្បីឱ្យកម្ពុជា មានលទ្ធភាពបង្កើនផលិតកម្មនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

​ដោយឡែក ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស ខេមបូឌា យល់ឃើញថា ទោះបីតុលាការកំពូលសហរដ្ឋអាម៉េរិក បានលុបចោលពន្ធបដិការរបស់លោក ដូណាល់ ត្រាំ ក៏ពិតមែន ប៉ុន្តែលោក ត្រាំ បានដាក់ចេញនូវគោលនយោបាយពន្ធបដិការ១៥%ជាថ្មី ដែលនឹងមានប្រសិទ្ធភាពរយៈពេល១៥០ថ្ងៃ។ បើតាមអ្នកជំនាញរូបនេះ កម្រិតពន្ធគយដែលដាក់ចេញជាសកលចំនួន១៥% នឹងធ្វើឱ្យវិស័យពាណិជ្ជកម្មរបស់ពិភពលោករួមទាំងកម្ពុជា រងផលប៉ះពាល់ខ្លះៗក្នុងការប្រកួតប្រជែងទីផ្សារ។ សម្រាប់អ្នកជំនួញរូបនេះ កម្រិតពន្ធត្រឹម១០% ទើបស័ក្ដិសមនឹងកម្ពុជា ដែលមានសេដ្ឋកិច្ចតូច។

​សូមបញ្ជាក់ថា តុលាការកំពូលសហរដ្ឋអាម៉េរិក បានសម្រេចលុបចោលពន្ធគយបដិការកាលពីថ្ងៃទី២០ ខែកុម្ភៈ របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ។ តែយ៉ាងណាលោក ត្រាំ បានប្រកាសដំឡើងពន្ធនាំចូលថ្មីលើប្រទេសនានាទូទាំងពិភពលោកដល់១៥% ដែលបង្ហាញពីជំហរកាន់តែតឹងរ៉ឹងក្នុងការឆ្លើយតបនឹងសេចក្តីសម្រេចរបស់តុលាការកំពូល៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើកម្ពុជា គួរប្រារព្ធសង្ក្រាន្តឆ្នាំថ្មី២០២៦ ដែរឬទេ ស្របពេលជម្លោះព្រំដែនបន្តស្ថិតក្នុងភាពផុយស្រួយ?

ស្របពេលដែលស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ កំពុងស្ថិតក្នុងភាពផុយស្រួយ និងតានតឹងបានធ្វើឱ្យមានការផ្ទុះការវែកញែកយ៉ាងក្ដៅគគុកលើបណ្ដាញសង្គមជុំវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ