
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានចាប់ផ្តើមធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃទៅកាន់ប្រទេសអ្នកមានបំផុតចំនួនបីនៅតំបន់ឈូងសមុទ្រពែក្ស គឺប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា និងអេមីរ៉ាតអារ៉ាប់រួម ដោយផ្ដើមមុនគេនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ថ្លែងនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត លោក ត្រាំ បានប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលថា សហរដ្ឋអាម៉េរិកនឹងដកទណ្ឌកម្មចេញពីប្រទេសស៊ីរី ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតពីពេលវេលានៃការដកទណ្ឌកម្មនេះនោះទេ។
ទោះជាយ៉ាងណាក៏ដោយរដ្ឋមន្ត្រីការបរទេសស៊ីរីលោក អាសាដ អាល់ស៊ីបានី (Asaad al-Shibani) បានសាទរចំពោះដំណឹងនេះ និងបានចាត់ទុកការប្រកាសរបស់លោក ត្រាំ នេះបានបង្ហាញពីការចាប់ផ្តើមថ្មីមួយលើមាគ៌ារបស់ប្រទេសស៊ីរី ឆ្ពោះទៅរកការកសាងប្រទេសឡើងវិញ ហើយក៏ជាការជំរុញដ៏ធំមួយសម្រាប់ស៊ីរី ដែលត្រូវបានបំផ្លាញដោយសង្រ្គាមស៊ីវិលជាងមួយទសវត្សរ៍កន្លងមកនេះផងដែរ។
ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានប្រកាសក្នុងវេទិកាវិនិយោគអាម៉េរិក-អារ៉ាប៊ីសាអូឌីតដែរថា សហរដ្ឋអាម៉េរិកទទួលបានការប្តេជ្ញាចិត្តពីអារ៉ាប៊ីសាអូឌីតក្នុងការវិនិយោគនៅសហរដ្ឋអាម៉េរិកក្នុងទំហំទឹកប្រាក់សរុប៦០០ពាន់លានដុល្លារ រួមទាំងកិច្ចព្រមព្រៀងមួយចំនួនមានតម្លៃ៣០០ពាន់លានដុល្លារ ដែលបានចុះហត្ថលេខារួចហើយនៅលើវេទិកានេះ ដោយផ្ដោតលើវិស័យ ថាមពល ការពារជាតិ រ៉ែ និងវិស័យមួយចំនួនទៀត។
លោក ត្រាំ បានបន្ថែមថា សហរដ្ឋអាម៉េរិកនឹងធ្វើការក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះនៅក្នុងដំណាក់កាលទីពីរ ដើម្បីបង្ហើយកិច្ចព្រមព្រៀងមួយចំនួន និងបង្កើនទំហំនៃការវិនិយោគឱ្យឡើងដល់ចំនួន១ទ្រីលានដុល្លារ។
ដើម្បីជាការតបស្នងចំពោះការវិនិយោគរបស់អារ៉ាប៊ីសាអូឌីតនេះ មន្ត្រីសេតវិមានបាននិយាយថា សហរដ្ឋអាម៉េរិកបានយល់ព្រមលក់កញ្ចប់សព្វាវុធដែលមានតម្លៃជិត១៤២ពាន់លានដុល្លារទៅឱ្យអារ៉ាប៊ីសាអូឌីត ដែលសេតវិមានហៅការលក់នេះថា ជាកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិដ៏ធំបំផុតដែលវ៉ាស៊ីនតោនមិនធ្លាប់បានធ្វើពីមុនមក៕
ដោយ៖ សុខ មង្គល