ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការសម្រេចចិត្តលក់ស្ថានីយលក់រាយប្រេងឥន្ធនៈកាល់តិចទាំង៥៣ទីតាំង ឬផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុន Chevron គឺជាសិទ្ធិសម្រេចផ្នែកធុរកិច្ចរបស់ក្រុមហ៊ុននេះ កម្ពុជា មិនអាចហាមឃាត់នោះទេ។ ទោះជាយ៉ាងណា ឯកឧត្តមអះអាងថា មកទល់ពេលនេះ ក្រសួងពាណិជ្ជកម្មនៅមិនទាន់ទទួលបានការជូនដំណឹងជាផ្លូវការអំពីការលក់ ឬផ្ទេរភាគហ៊ុនណាមួយរបស់ក្រុមហ៊ុននេះនៅឡើយទេ។
បន្ថែមលើនេះ ឯកឧត្តម ប៉ែន សុវិជាតិ បានពន្យល់ថា ប្រសិនបើក្រុមហ៊ុនប្រេងរបស់អាម៉េរិក Chevron លក់ប្រតិបត្តិការរបស់ខ្លួនទៅឱ្យក្រុមហ៊ុនផ្សេងគ្រប់គ្រងបន្ត នោះមិនមែនមានន័យថា ប្រតិបត្តិការរបស់ស្ថានីយប្រេងឥន្ធនៈកាល់តិចទាំង៥៣ទីតាំងនៅកម្ពុជា ត្រូវបិទដំណើរការនោះទេ ពោលគឺប្រតិបត្តិការរាប់ចាប់តាំងពីហាងកាហ្វេដល់ស្ថានីយលក់រាយកាល់តិច នៅតែបន្តលក់ជាធម្មតា។ បន្ថែមលើនេះ ការដកខ្លួនរបស់ក្រុមហ៊ុន Chevron ពីកម្ពុជា ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងនៅកម្ពុជានោះដែរ ព្រោះនៅមានក្រុមហ៊ុនប្រេងជាច្រើនទៀត។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានធានាអះអាងថា ក្រសួងនឹងបន្តតាមដាន និងស្វែងរកប្រភពផ្គត់ផ្គង់ប្រេងបន្ថែម ដើម្បីធានាឱ្យបាននូវស្ថិរភាពតម្លៃ និងបរិមាណសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក បើទោះបីជាមានការផ្លាស់ប្តូររចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនយក្សណាមួយក៏ដោយ៕
អត្ថបទ ៖ ជា ម៉ារ៉ា