
បណ្តាក្រុមហ៊ុនអាម៉េរិកកំពុងប្រញាប់ប្រញាល់នាំចូលទំនិញពីប្រទេសចិន ក្រោយមហាអំណាចសេដ្ឋកិច្ចផុតលេខលើពិភពលោកទាំងពីរ បានព្រមព្រៀងគ្នាបន្ថយអត្រាពន្ធ ដែលពួកគេបានដាក់លើគ្នាទៅវិញទៅមកចំនួន១១៥%រៀងៗខ្លួនរយៈពេល៩០ថ្ងៃ ពោលគឺសហរដ្ឋអាម៉េរិកបានបញ្ចុះពន្ធលើទំនិញចិនពី១៤៥%មកនៅត្រឹម៣០% ខណៈចិនបញ្ចុះពន្ធលើទំនិញអាម៉េរិកពី១២៥%មកនៅត្រឹម១០%។ ទំនិញដែលក្រុមហ៊ុនអាម៉េរិកកំពុងសម្រុកបញ្ជាទិញពីចិនរួមមានប្រដាប់ក្មេងលេង សម្លៀកបំពាក និងរបស់របរប្រើប្រាស់ផ្សេងៗ។
លោក មូលសុន ហាត (Molson Hart) នាយកប្រតិបត្តិក្រុមហ៊ុន Viahart ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់បានអះអាងថា ក្រុមហ៊ុនផ្គត់ផ្គង់ទំនិញរបស់ខ្លួនពីមុនគ្រោងនាំចូលទំនិញពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដោយសារចិនជាប់អត្រាពន្ធខ្ពស់ ប៉ុន្តែឥឡូវកំពុងសម្រុកនាំចូលពីប្រទេសចិនវិញ នៅក្នុងអំឡុង៩០ថ្ងៃនៃការបញ្ចុះពន្ធ។ លោកបានអះអាងថា ពន្ធ៣០%នេះនៅស្ថិតក្នុងកម្រិតខ្ពស់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាប្រសើរជាតិអត្រាពន្ធចាស់ដែលមានរហូតដល់១៤៥%។
បច្ចុប្បន្នខ្សែច្រវាក់ផលិតកម្មរបស់រោងចក្រនៅចិនបានវិលមករកភាពល្អប្រសើរឡើងវិញបន្តិច ខណៈការបញ្ជាទិញពីសហរដ្ឋអាម៉េរិកបានត្រឡប់មកវិញពេញបន្ទុក។ ម្ចាស់រោងចក្រម្នាក់បាននិយាយថា ទូរសព្ទរបស់លោកបានរោទិ៍ឥតឈប់ឈរតាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះមក ជាមួយនឹងសារសុំឱ្យក្រុមហ៊ុនផលិតនិងពន្លឿនការដឹកជញ្ជូន។
ពាក់ព័ន្ធកំណើនបញ្ជាទិញពីសហរដ្ឋអាម៉េរិកនេះ ក្រុមហ៊ុន Xeneta ដែលជាក្រុមហ៊ុនវិភាគទិន្នន័យនៅក្នុងវិស័យដឹកជញ្ជូនរំពឹងថា អត្រានៃការដឹកជញ្ជូនទំនិញសម្រាប់ផ្លូវដឹកជញ្ជូនចិន-អាម៉េរិក អាចនឹងមានកំណើនប្រមាណ២០% ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕
ដោយៈ សរ សុជាតិ