ឥណ្ឌូនេស៊ីរម្លឹកកូរ៉េខាងត្បូង

ឥណ្ឌូនេស៊ីស្នើកូរ៉េខាងត្បូងអនុវត្តកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយឱ្យបានពេញលេញ


ឥណ្ឌូនេស៊ីដែលមានប្រជាជនច្រើនជាងគេនៅអាស៊ានកំពុងតែស្វះស្វែងរកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចបន្ថែមទៀតជាមួយប្រទេសកូរ៉េខាងត្បូង ដោយជំរុញការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ខណៈដែលតួរលេខបានបង្ហាញថា កាលពីឆ្នាំ២០២២ ពាណិជ្ជកម្មរបស់ប្រទេសទាំង២កើនឡើងដល់ជិត ២១ ពាន់លានដុល្លារ។
ឥណ្ឌូនេស៊ីស្នើកូរ៉េខាងត្បូងអនុវត្តកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយឱ្យបានពេញលេញ

លោកប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ (Joko Widodo) ដែលគេតែងហៅថា ចូកូវី (Jokowi) បានស្វែងរកការអនុវត្តពេញលេញនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយឥណ្ឌូនេស៊ី-កូរ៉េខាងត្បូង។ លោក ចូកូវី ក៏បានស្នើឱ្យលោក យូន ស៊ុក យើល គាំទ្រគម្រោងជិត ២០ ទៀត ដែលស្នើឡើងដោយប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានឥណ្ឌូនេស៊ី អង់តារ៉ា (ANTARA)។

លោក ចូកូវី បានថ្លែងក្នុងអំឡុងជំនួបទ្វេភាគីជាមួយសមភាគីកូរ៉េខាងត្បូង លោក យូន ស៊ុក យើល (Yoon Suk Yeol) នៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងប្រទេសទាំង២ត្រូវតែអនុវត្តតាមវិធីល្អបំផុតដូចដែលអាចធ្វើទៅបាន រួមបញ្ចូលទាំងការគាំទ្រសម្រាប់សំណើចំនួន ១៨ ពីប្រទេសឥណ្ឌូនេស៊ីក្នុងវិស័យ កសិកម្ម សុខភាព វប្បធម៌ នេសាទ វិស័យរថយន្ត និងបច្ចេកវិទ្យា។

លោក ចូកូវី ក៏បានស្វែងរកការគាំទ្រពីលោក យូន ចំពោះការសម្រេចបានតាមការប្តេជ្ញាចិត្តដែលធ្វើឡើងដោយក្រុមហ៊ុនកូរ៉េខាងត្បូងមួយចំនួន ទាក់ទងនឹងការវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានជាអាទិ៍ក្រុមហ៊ុនគីមី ឡូតេ (Lotte Chemical) និងក្រុមហ៊ុន ស៊ីចេ ហ្គ្រូប (CJ Group) ដែលថានឹងបង្កើតរោងចក្រគីមី និងរោងចក្រជីវផលិតផល, ក្រុមហ៊ុន អិលអេស ខេប៊ល (LS Cable) និងក្រុមហ៊ុន ធីអេសអ៊ី (TSE) ដែលថានឹងចែកចាយថាមពលថ្មីនិងកកើតឡើងវិញ។ ទន្ទឹមនឹងនេះ លោក ចូកូវី ក៏បានរម្លឹកលោក យូន ឱ្យជួយសម្រេចឱ្យបាននូវការវិនិយោគលើប្រព័ន្ធទ្រទ្រង់យានជំនិះអគ្គិសនីដែរ។

លោក ចូកូវី បានថ្លែងទាក់ទងនឹងការអភិវឌ្ឍរដ្ឋធានីថ្មីឈ្មោះ នូសានតារ៉ា (Nusantara) ថា ឥណ្ឌូនេស៊ី បានរៀបចំការលើកទឹកចិត្ត និងមធ្យោបាយសម្រួលជាច្រើនសម្រាប់វិនិយោគិន។ លោកប្រធានាធិបតីឥណ្ឌូនេស៊ីក៏សង្ឃឹមផងដែរថា ប្រទេសកូរ៉េខាងត្បូង ដែលនៅអាស៊ីបូព៌ានេះ ក៏នឹងចាប់អារម្មណ៍លើការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទឹកក្នុងទីក្រុងថ្មីនេះ ព្រមទាំងអនុញ្ញាតឱ្យមានការបង្កើនកូតាបន្ថែមសម្រាប់ពលករចំណាកស្រុកឥណ្ឌូនេស៊ីនៅកូរ៉េខាងត្បូងទៀត។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយឥណ្ឌូនេស៊ី-កូរ៉េខាងត្បូងបានចូលជាធរមានកាលពីថ្ងៃទី ០១ ខែ មករា ឆ្នាំ២០២៣ ហើយគេដឹងថា ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២២ តម្លៃពាណិជ្ជកម្មរវាងប្រទេសឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូង ត្រូវបានកត់ត្រាថាមានទំហំ ២០,៦ពាន់លានដុល្លារ ពោលគឺកើនឡើងជាង ៤០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានត្រឹមតែ ១៤,៦ ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញរបស់ឥណ្ឌូណេស៊ីទៅកាន់កូរ៉េខាងត្បូងត្រូវបានកត់ត្រាថាមានទំហំ ១០,៦ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីកូរ៉េខាងត្បូងវិញមានចំនួនជិត ១០ ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាមេរិកចុះកិច្ចព្រមព្រៀងសន្តិសុខថ្មីជាមួយប្រទេសប៉ាពួញូហ្គីណេ ចំពេលមានការប្រកួតប្រជែងជាមួយចិន

ព័ត៌មាន
សហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ទី ២២ ឧសភា មានគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខថ្មីមួយជាមួយប្រទេសកោះប៉ាពួញូហ្គីណេដែលស្ថិតក្នុងទ្វីបអូសេអានី…

កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក យល់ព្រមធ្វើឱ្យកិច្ចសហប្រតិបត្តិការត្រីភាគីប្រសើរឡើងដល់កម្រិតថ្មី

ព័ត៌មាន
លោក យូន ស៊ុក យើល ប្រធានាធិបតីកូរ៉េខាងត្បូង, លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក, និងលោក ហ្វូមីអូ គីស្ស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ