
កាលពីដើមឆ្នាំ២០២៥ សមាគមទេសចរណ៍សហរដ្ឋអាម៉េរិក បានព្យាករថា ការចំណាយរបស់ភ្ញៀវទេសចរបរទេសនៅសហរដ្ឋអាម៉េរិកនឹងកើនឡើងដល់ជិត២០១ពាន់លានដុល្លារនៅឆ្នាំនេះ ប៉ុន្តែដោយសារមានការធ្លាក់ចុះខ្លាំងនូវចំនួនភ្ញៀវបរទេសនោះ ក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោកកាលពីខែឧសភា បានព្យាករថា ការចំណាយរបស់ភ្ញៀវអន្តរជាតិនឹងធ្លាក់ចុះមកនៅត្រឹម១៦៩ពាន់លានដុល្លារនៅឆ្នាំនេះ ដែលនឹងធ្វើឱ្យអាម៉េរិកខាតបង់ប្រមាណ៣០ពាន់លានដុល្លារ។
បើតាមទិន្នន័យរបស់រដ្ឋាភិបាលអាម៉េរិក បង្ហាញថា នៅក្នុងឆមាសទីមួយឆ្នាំ២០២៥ សហរដ្ឋអាម៉េរិក បានស្វាគមន៍ភ្ញៀវទេសចរបរទេសតិចជាង១លាននាក់ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២៤ ខណៈភ្ញៀវទេសចរកាណាដា ដែលធ្វើដំណើរទៅលេងអាម៉េរិក បានធ្លាក់ចុះជិត១៨% ស្មើនឹងជិត២លាននាក់ ក្នុងរយៈពេលដូចគ្នានេះ ហើយមូលហេតុនៃការធ្លាក់ចុះភ្ញៀវទេសបរទេសនេះត្រូវបានគេសន្មតថា បណ្ដាលមកពីបរិយាកាសនយោបាយ និងការឡើងថ្លៃនៃរូបិយប័ណ្ណដុល្លារអាម៉េរិក។
ការខាតបង់ប្រាក់ចំណូលនេះទំនងជាផ្ដល់អត្ថប្រយោជន៍ទៅឱ្យប្រទេសក្បែរខាងមួយចំនួនជាពិសេសប្រទេសកាណាដា និងបណ្ដាប្រទេសនៅតំបន់អាម៉េរិកឡាទីន ខណៈអ្នកដំណើរកំពុងស្វែងរកគោលដៅទេសចរណ៍ផ្សេង ឬក៏ស្វែងរកគោលដៅទេសចរណ៍នៅក្នុងតំបន់ ឬប្រទេសផ្ទាល់ខ្លួនរបស់ពួកគេ៕
ដោយ៖ សុខ មង្គល