
ក្រសួងហិរញ្ញវត្ថុអាម៉េរិកព្រមានថា អ្នកដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតលើប្រជាពលរដ្ឋអាម៉េរិក ត្រូវតែទទួលទណ្ឌកម្ម។ ការព្រមានបែបនេះ ធ្វើឡើងក្រោយស្ថាប័ននេះបញ្ចេញរបាយការណ៍ថ្មីមួយពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត ធ្វើឲ្យពលរដ្ឋអាម៉េរិក ខាតបង់ថវិការហូតដល់១០ពាន់លានដុល្លារកាលពីឆ្នាំ២០២៤។ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ អគ្គនាយកដ្ឋានហិរញ្ញវត្ថុទទួលបន្ទុកការគ្រប់គ្រងទ្រព្យសម្បត្តិនៅបរទេស បានអះអាងថា ខ្លួនកំពុងចាត់វិធានការប្រឆាំងនឹងបណ្តាញឆបោកដ៏ធំនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ហើយនឹងបន្តប្រមាញ់អ្នកពាក់ព័ន្ធផ្សេងៗ ដែលបានកេងប្រវ័ញ្ចទឹកប្រាក់រាប់ពាន់លានដុល្លារពីពលរដ្ឋអាម៉េរិក។
លោក ចន ហឺឡេ (John K. Hurley) អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាម៉េរិក ទទួលបន្ទុកកិច្ចការប្រឆាំងភេរវកម្ម និងស៊ើបការណ៍ហិរញ្ញវត្ថុ បានអះអាងថា ឧស្សាហកម្មបោកប្រាស់តាមអ៊ីនធឺណិតនៅអាស៊ីអាគ្នេយ៍មិនត្រឹមតែគំរាមកំហែងដល់សុខុមាលភាព និងសន្តិសុខហិរញ្ញវត្ថុរបស់ពលរដ្ឋអាម៉េរិក ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យមនុស្សរាប់ពាន់នាក់ក្លាយជាទាសភាពសម័យទំនើបផងដែរ។
លោកបានអះអាងថា ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្រសួងហិរញ្ញវត្ថុអាម៉េរិកនឹងចាត់វិធានការ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែលគេបានរៀបចំ និងការពារជនជាតិ អាម៉េរិក ពីការខូចខាតយ៉ាងទូលំទូលាយដោយសារការបោកប្រាស់តាមអ៊ីនធឺណិត៕
ដោយៈ សរ សុជាតិ