អ្នកវិនិយោគនានា រំពឹងថាធនាគារកណ្តាលអឺរ៉ុបនឹងកាត់បន្ថយអត្រាការប្រាក់ជាមធ្យមប្រហែល០,៧% នៅឆ្នាំនេះ ដោយអាចចាប់ផ្តើមនៅកិច្ចប្រជុំគោលនយោបាយបន្ទាប់របស់ខ្លួននៅថ្ងៃទី៦ ខែមិថុនា ខណៈដែលកាលពី២សប្តាហ៍មុនពួកគេរំពឹងថា អាចនឹងកាត់បន្ថយចំនួន០,៨៨%។ ដោយឡែក ធនាគារអង់គ្លេសវិញត្រូវគេរំពឹងថា អាចនឹងកាត់បន្ថយអត្រាការប្រាក់ប្រមាណ០,៤៤% ខណៈកាលពីដើមឆ្នាំគេរំពឹងថា ធនាគារនេះនឹងកាត់បន្ថយ១,៧%។
ទន្ទឹមនឹងរំពឹងពីការកាត់បន្ថយអត្រាការប្រាក់នៅអឺរ៉ុប និងអង់គ្លេស អ្នកវិនិយោគនានាមិនបានប៉ាន់ប្រមាណពីការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់នៅអាម៉េរិកនោះទេ។ យ៉ាងណាមិញបើតាមការគូសបញ្ជាក់របស់លោក ជេ ផូវែល ( Jay Powell)ប្រធានក្រុមប្រឹក្សាភិបាលធនាគារកណ្តាលអាម៉េរិក អត្រាអតិផរណារបស់សហរដ្ឋអាម៉េរិក នៅក្នុងខែនេះកំពុងល្អប្រសើរ ប៉ុន្តែការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់អាចចំណាយពេលយូរជាងការរំពឹងទុក ដើម្បីឈានដល់គោលដៅរបស់ខ្លួន ដែលជាសញ្ញាបង្ហាញថា ការចំណាយលើការខ្ចីប្រាក់នឹងត្រូវបន្តខ្ពស់ក្នុងរយៈពេលយូរជាងការគិតពីមុន។
បើតាមតួលេខសន្ទស្សន៍អតិផរណាប្រចាំខែមីនា ដែលបានចេញផ្សាយកាលចុងសប្តាហ៍មុន ធនាគារកណ្តាលអាម៉េរិក បានបង្ហាញភាពវិជ្ជមានខ្ពស់ជាងការរំពឹងទុក ពោលគឺដល់កម្រិត២,៧% តែទោះជាយ៉ាងណាក៏ដោយ បញ្ហាភាពក្រីក្រ និងទីផ្សារនៅតែបន្តដាក់សម្ពាធដល់ការសម្រេចចិត្តរបស់ធនាគារកណ្តាលអាម៉េរិក ក្នុងការកាត់បន្ថយអត្រាការប្រាក់។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ មិនមែនមានតែសហរដ្ឋអាម៉េរិកនោះទេ ដែលមានភាពស្រពេចស្រពិលក្នុងការកាត់បន្ថយអត្រាការប្រាក់ សូម្បីតែធនាគារកណ្តាលអឺរ៉ុប និងអង់គ្លេស ក៏កំពុងជួបបញ្ហាប្រឈមក្នុងការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់ផងដែរ។
លោក ជេម ខ្នាយធ្ល័យ (James Knightley) ប្រធានក្រុមសេដ្ឋវិទូអន្តរជាតិ ទីក្រុងញូវយ៉ក យល់ឃើញថា ប្រសិនបើធនាគារកណ្តាលអាម៉េរិកមិនអាចកាត់បន្ថយអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះទេ វាអាចនឹងធ្វើឱ្យមានការកើនឡើងសម្ពាធនៃឥទ្ធិពលប្រាក់ដុល្លារ ដែលបណ្តាលឱ្យមានភាពតានតឹងសម្រាប់សេដ្ឋកិច្ចអឺរ៉ុប និងរារាំងសមត្ថភាពរបស់ធនាគារកណ្តាលផ្សេងទៀតក្នុងការកាត់បន្ថយអត្រាការប្រាក់៕
ដោយៈ សរ សុជាតិ