វិស័យចិញ្ចឹមសត្វ

តើវិស័យចិញ្ចឹមសត្វនៅកម្ពុជា នឹងមានការប្រែប្រួលយ៉ាងណានៅឆ្នាំ២០២៥ នេះ?


វិស័យចិញ្ចឹមសត្វនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវិស័យនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ប៉ុន្តែនៅមួយរយៈចុងក្រោយវិស័យនេះបានជួបបញ្ហាប្រឈមមួយចំនួនដូចជាតម្លៃសត្វរស់ធ្លាក់ថ្លៃខ្លាំង និងពិបាកលក់ចេញជាដើម ដែលបញ្ហានេះបានជំរុញឱ្យអ្នកចិញ្ចឹមខ្នាតតូច និងកសិដ្ឋានមួយចំនួនបង្ខំចិត្តកាត់បន្ថយបរិមាណចិញ្ចឹម និងបោះបង់ការចិញ្ចឹមទៀតផង។
វិស័យចិញ្ចឹមសត្វ
ដោយ

លោក ហ៊ត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោ និងជាអ្នកទិញគោម្នាក់នៅខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ទីផ្សារគោរស់បច្ចុប្បន្នជួបបញ្ហាប្រឈមកាន់តែខ្លាំងដោយសារតែលក់មិនចេញ និងមានតម្លៃថោក ស្របពេលទីតាំងសត្តឃាតនៅក្នុងមូលដ្ឋានស្រុករបស់លោកមានចំនួនកាន់តែច្រើន ដែលធ្វើឱ្យអ្នកលក់សាច់នៅតាមផ្សារនានាពុំសូវមានអ្នកទិញដូចមុន។ បើតាមម្ចាស់កសិដ្ឋានចិញ្ចឹមគោរូបនេះ ទីផ្សារគោរស់ដែលត្រូវប៉ាន់ខ្លាំង គឺស្ថិតនៅចន្លោះពីខែវិច្ឆិកា ដល់ខែឧសភា ប៉ុន្តែអ្វីៗមានការប្រែប្រួលអស់ ដោយសារមិនសូវមានអ្នកមកទិញនោះទេ។ ស្ថិតក្នុងស្ថានភាពនេះ លោក ហ៊ត លាង ជឿជាក់ថា នៅក្នុងឆ្នាំ២០២៥ នេះទីផ្សារគោរស់នឹងមិនមានភាពល្អប្រសើរឡើយ ប្រសិនបើមិនមានការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល។

​ដោយឡែកលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ នេះ សមាគមមានផែនការសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា ដើម្បីពង្រឹងលើការចិញ្ចឹមសត្វនៅក្នុងកសិដ្ឋាននានា ក្នុងគោលបំណងធ្វើឱ្យទីផ្សារសាច់សត្វមានស្ថិរភាពល្អ។ បើតាមអ្នកជំនាញរូបនេះ ផែនការចិញ្ចឹមសត្វនៅឆ្នាំនេះនឹងមិនផ្តោតលើការពង្រីកចំនួនចិញ្ចឹមនោះទេ ពោលគឺនឹងផ្ដោតលើការពង្រឹងផ្នែកគុណភាព និងការកែច្នៃ ទើបអាចធ្វើឱ្យទីផ្សារសាច់សត្វមានស្ថិរភាព និងទទួលបានប្រាក់ចំណេញ។ ពាក់ព័ន្ធទីផ្សារ និងតម្លៃសត្វជ្រូករស់កាលពីឆ្នាំ២០២៤ ត្រូវបានប្រធានសមាគមរូបនេះវាយតម្លៃថា មានភាពល្អប្រសើរនៅមួយរយៈពេលចុងក្រោយ ដោយសារតែវិធានការទប់ស្កាត់ការនាំចូលសាច់បង្កករបស់រដ្ឋាភិបាលមានប្រសិទ្ធភាពល្អ។

​បើតាមការគូសបញ្ជាក់របស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បច្ចុប្បន្នតម្លៃជ្រូករស់ត្រូវបានលក់ចេញក្នុងតម្លៃចន្លោះពី៨ពាន់ទៅ៩ពាន់រៀលក្នុង១គីឡូ។ ដោយឡែកចំពោះទីផ្សារសត្វគោរស់វិញ ត្រូវបានលោក ហ៊ត លាង អះអាងថា ត្រូវបានឈ្មួញទិញចូលក្នុងតម្លៃចន្លោះពី៦ពាន់រៀលដល់៩ពាន់រៀលក្នុង១គីឡូក្រាមអាស្រ័យលើស្ថានភាពជាក់ស្ដែង៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


មីយ៉ាន់ម៉ារឹតបន្តឹងការត្រួតពិនិត្យប្រាក់បញ្ញើពីបរទេស ដើម្បីទប់ស្កាត់ទណ្ឌកម្មលើការលាងលុយកខ្វក់

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងរឹតបន្តឹងការត្រួតពិនិត្យលើការផ្ញើប្រាក់ពីបរទេសរបស់ពលករចំណាក ស្រុក ដើម្បីការពាររូបិយប័ណ្ណបរទេស និងដើម្បីក…

កម្ពុជា រកចំណូលបានជិត២៨លានដុល្លារពីការនាំចេញផ្លែមៀន ខណៈមន្ត្រីរំពឹងការនាំចេញនឹងកើនឡើងថែមទៀតនៅឆ្នាំនេះ

ទីផ្សារនាំចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានបង្ហាញលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងនៅ១១ខែ ឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ