ប្រធានសមាគមស្វាយចន្ទីកម្ពុជា រំពឹងថា ទីផ្សារ និងតម្លៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នឹងមានការកើនឡើងបន្ថែមទៀត ក្រោយរោងចក្រនេះលេចចេញជារូបរាង។ ការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។
បើគ្មានការប្រែប្រួលនោះទេ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំមួយទៀតនឹងផុសត្រដែតឡើងនៅលើទឹកខេត្តកំពង់ធំ ដែលជាខេត្តផលិតគ្រាប់ស្វាយចន្ទីដ៏ធំមួយរបស់កម្ពុជា។ បើតាមការគូសបញ្ជាក់របស់លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដែលនឹងផុសត្រដែតឡើងលើទឹកដីខេត្តកំពង់ធំ គឺការវិនិយោគរបស់ក្រុមហ៊ុន UNIQUE NOBLE TRADING ដែលជាក្រុមហ៊ុនវិនិយោគរបស់កម្ពុជា ដោយប្រើប្រាស់គ្រឿងចក្ររបស់ប្រទេសវៀតណាម។ រោងចក្រដែលគ្រោងវិនិយោគលើផ្ទៃដី ២០ហិចតានេះ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ដ៏ខ្លីខាងមុខនេះ។ តែយ៉ាងណាលោក អួន ស៊ីឡុត មិនបានដឹងលម្អិតពាក់ព័ន្ធនឹងទំហំវិនិយោគ និងសមត្ថភាពកែច្នៃរបស់ក្រុមហ៊ុននេះនោះទេ គ្រាន់តែអះអាងថា ក្រុមហ៊ុននេះមានទំហំប្រហាក់ប្រហែលក្រុមហ៊ុន Mirarth របស់ជប៉ុន ដែលកំពុងដំណើរការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ។
តែទោះជាយ៉ាងណាក៏ដោយ ប្រធានសមាគមរូបនេះរំពឹងថា តាមរយៈវត្តមានរបស់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខាងលើ វានឹងជួយធ្វើឱ្យតម្លៃ និងទីផ្សារគ្រាប់ស្វាយចន្ទីរបស់កម្ពុជា កាន់តែមានភាពល្អប្រសើរមួយកម្រិតទៀត ជាពិសេសវានឹងជួយស្រូបទាញទិន្នផលគ្រាប់ស្វាយចន្ទី និងកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារវៀតណាម។
ពាក់ព័ន្ធទីផ្សារគ្រាប់ស្វាយចន្ទីនេះដែរ សមាគមស្វាយចន្ទីកម្ពុជា និងសមាគមសណ្ឋាគារកម្ពុជានៅថ្ងៃទី១០ ខែធ្នូ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី«កិច្ចសហប្រតិបត្តិការជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីកម្ពុជា»ដើម្បីជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីក្នុងវិស័យសណ្ឋាគារសំដៅជួយលើកកម្ពស់ការកែច្នៃ ការប្រើប្រាស់ និងការចែកចាយផលិតផលស្វាយចន្ទីនៅកម្ពុជា។ តាមរយៈភាពជាដៃគូនេះដែលមានរយៈពេល៣ឆ្នាំនេះ សមាគមសណ្ឋាគារ នឹងបញ្ជាទិញគ្រាប់ស្វាយចន្ទីចន្លោះពី២៥០តោន ទៅជិត ៣០០តោនក្នុង១ឆ្នាំ។
គួរជម្រាបថា នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីបានចំនួន៨៤ម៉ឺនតោន កើនឡើងប្រមាណ២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះនាំចេញទៅទីផ្សារវៀតណាម បានជាង៧៩ម៉ឺនតោន កើនឡើង៣១% ដោយគិតជាទឹកប្រាក់មានចំនួនជាង១ពាន់១រយលានដុល្លារ កើនឡើងប្រមាណ៩%៕