កញ្ញា ពៅ ធីតា នាយិការងក្រុមហ៊ុនCBRE Cambodia បានបញ្ជាក់ឱ្យដឹងថា ចំនួនគម្រោងផ្សារទំនើបដែលបានបើក និងគ្រោងបើកដំណើរការ នាពេលបច្ចុប្បន្ន គឺភាគច្រើននៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដែលជាតំបន់ដែលមានការអភិវឌ្ឍខ្លាំងគួរឲ្យកត់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើប្រៀបធៀបនឹងតំបន់ផ្សេងៗ ពោលគឺស្ទើរតែ ៩០% នៃគម្រោងថ្មីក្នុងឆ្នាំ ២០២២ គឺនៅតំបន់ភាគខាងត្បូង។ តួយ៉ាង នៅក្នុងឆ្នាំ២០២៣នេះ មានគម្រោងផ្សារទំនើបចំនួន៨ ដែលកំពុងត្រៀមបើកដំណើរការនៅតំបន់នោះ ហើយក្នុងនោះ គម្រោងផ្សារទំនើប 60M Community Mall គឺជាគម្រោងផ្សារទំនើបធំមួយ ដែលគ្រោងបើកដំណើរការសាកល្បងនៅចុងឆ្នាំនេះដែរ។
បើតាម កញ្ញា ពៅ ធីតា គម្រោងផ្សារទំនើប 60M Community Mall គឺជាផ្សារទំនើបបែបសហគមន៍ ដែលសាងសង់លើផ្ទៃដីទំហំជាង ៣ហិកតា តាមបណ្តោយផ្លូវ ៦០ម៉ែត្រ ដែលមានផ្ទៃក្រឡាជួលសរុបជាង ១ម៉ឺន៣ពាន់ម៉ែត្រការ៉េ ដោយត្រូវបានវិនិយោគដោយវិនិយោគក្នុងស្រុក។ ទោះយ៉ាងណា ថ្នាក់ដឹកនាំក្រុមហ៊ុន CBRE រូបនេះ មិនបានបញ្ជាក់លម្អិតអំពីតម្លៃទុនវិនិយោគគម្រោងផ្សារទំនើបនេះនោះទេ។ លក្ខណៈពិសេសរបស់គម្រោងនេះ គឺការរួមបញ្ជូលនូវសួនកម្សាន្តបែបធម្មជាតិនៅកណ្តាលទីតាំងផ្សារ ក្នុងគោលដៅផ្តល់នូវកន្លែងលំហែកំសាន្ត និងជួបជុំគ្រួសារ មិត្តភកិ្ត បែបធម្មជាតិ។
បើតាម កញ្ញា ពៅ ធីតា នាយិការងក្រុមហ៊ុនCBRE Cambodia ចំនួននៃការអភិវឌ្ឍផ្សារទំនើបសរុបអាចនឹងឡើងដល់ ៧៥ម៉ឺនម៉ែត្រការ៉េ ដោយកើនបន្ថែមជិត ១២ម៉ឺនម៉ែត្រការ៉េទៀត ក្នុងឆ្នាំ ២០២៣ ហើយនេះជាចំនួនច្រើន ដែលអាចនិយាយបានថា ទីផ្សារបានឈានចូលដល់ចំនុចលើសការផ្គត់ផ្គង់ហើយ។ អ្នកជំនាញរូបនេះបន្ថែមថា អត្រាជួលជាមធ្យមនៅមានត្រឹមប្រមាណ៧០%ប៉ុណ្ណោះ ធៀបនឹងកាលពីឆ្នាំ២០២០ មាន៨៥% ប៉ុន្ដែ សម្រាប់គម្រោងស្ថិតនៅទីតាំងល្អ មានការគ្រប់គ្រងល្អ និងមានចំណុចពិសេសទាក់ទាញ នៅតែអាចទទួលបានការចាប់អារម្មណ៍ និងអាចជួលបានដល់៩០%។
សូមជម្រាបថា មកទល់ពេលនេះ គម្រោងផ្សារទំនើបនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញមានចំនួន១៤ គម្រោង ដោយក្នុងនោះមានចំនួន ៥គម្រោងបានបើកដំណើការហើយ និង ចំនួន៨គម្រោងទៀត កំពុងត្រៀមបើកក្នុងឆ្នាំ២០២៣នេះ ខណៈ ១គម្រោងទៀត ត្រូវបានពន្យារពេលរបើកដំណើរការ។ យ៉ាងណាមិញ ក្រៅពីតំបន់នេះ រាជធានីភ្នំពេញក៏មានគម្រោងផ្សារទំនើបចំនួន ៤ទៀត ដែលគ្រោងនឹងបើកនៅពេលខាងមុខនេះផងដែរ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន CBRE Cambodia៕