ការផ្ទុះឡើងនូវវីរុសផ្លូវដង្ហើម hMPV បានបណ្ដាលឱ្យឆ្លងរាលដាលទៅមនុស្សកាន់តែច្រើនឡើងៗរហូតដល់មានអ្នកជំងឺច្រើនលើសលប់នៅតាមមន្ទីរពេទ្យនានា ហើយជាការឆ្លើយតប អាជ្ញាធរចិន បានអនុវត្តវិធានការបន្ទាន់នានា ដើម្បីទប់ទល់នឹងស្ថានការណ៍ដ៏អាក្រក់នេះ។ សេចក្ដីរាយការណ៍ព័ត៌មាននានា បានកំណត់អត្តសញ្ញាណឃើញថា វីរុសផ្លូវដង្ហើម hMPV ជាមូលហេតុចម្បងនៃការផ្ទុះករណីឆ្លងទាំងនេះ ហើយឆ្លងច្រើនក្នុងចំណោមកុមារ ជាពិសេសបណ្ដាខេត្តភាគខាងជើង។
អ្នកប្រើប្រាស់បណ្ដាញសង្គម Platform X បានអះអាងថា ប្រទេសចិន កំពុងដោះស្រាយជាមួយនឹងការកើនឡើងនៃមេរោគជាច្រើន រួមទាំងគ្រុនផ្តាសាយធំប្រភេទ A វីរុសផ្លូវដង្ហើម hMPV និងវីរុសកូវីដ-១៩ ជាដើម។ មន្ទីរពេទ្យនានាមានអ្នកជំងឺច្រើនហូរហៀរ កន្លែងបូជាសពក៏ជោរជន់ដោយសាកសព ខណៈអ្នកស្លាប់កើនឡើង មន្ទីរពេទ្យកុមារនានាកំពុងទទួលបានអ្នកជំងឺរលាកសួត និងការឆ្លងមេរោគសួតកាន់តែច្រើនឡើងជាលំដាប់។
ការធ្វើតេស្តរកវីរុសផ្លូវដង្ហើម hMPV ពេលនេះមានភាពងាយស្រួលជាងមុនតាមរយៈការត្បាល់រន្ធច្រមុះ ដើម្បីពិនិត្យដែលទទួលបានលទ្ធផលឆាប់រហ័ស។ ជាធម្មតា វីរុសផ្លូវដង្ហើម hMPV ត្រូវបានរកឃើញឆ្លងលើកុមារតូចៗ និងមនុស្សចាស់ដែលមានជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺហឺត ឬបញ្ហាតម្រងនោម៕
ដោយ: តែម សុខុម