ក្រុមហ៊ុន Apple បានប្រកាសលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួននៅចុងខែតុលានេះថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ គឺមានចំនួន ជិត៣៩៥ពាន់លានដុល្លារ កើនឡើង ៨% បើប្រៀបធៀបនឹងឆ្នាំមុន។ ដោយឡែក បើគិតត្រឹមតែត្រីមាសទី៤ នៃឆ្នាំសារពើពន្ធ ២០២២ របស់ Apple ប្រាក់ចំណូល គឺមានចំនួន ជាង ៩០ពាន់លានដុល្លារ កើនឡើង ៨% ផងដែរ។
ការលក់របស់ Apple បានកើនឡើងស្ទើរតែគ្រប់ទីផ្សារសំខាន់ៗ ដូចជា ចិន អាមេរិក និងអឺរ៉ុប ខណៈនៅជប៉ុនធ្លាក់ចុះបន្តិច។ ប៉ុន្ដែ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺចំនួនលក់ការលក់ iPhone បានកើនឡើងទ្វេដង នៅប្រទេសរីកចម្រើនសេដ្ឋកិច្ចថ្មីៗដូចជា ឥណ្ឌា ថៃ វៀតណាម និងឥណ្ឌូណេស៊ី។
ចំពោះការលក់ទូរសព្ទខ្សែស្រលាយ iPhone 14 ដែលទើបចេញកាលពីខែមុននោះ គឺមានចំនួនដល់ជិត៤៣ពាន់លានដុល្លារ កើនឡើង ១០% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួននេះ គឺបានចូលរួមចំណែកជិតពាក់កណ្តាលនៃចំណូលសរុបរបស់ Apple។
តាមរយៈទិន្នន័យនេះបង្ហាញឱ្យដឹងថា ក្រុមហ៊ុន Apple មានស្ថានភាពហិរញ្ញវត្ថុល្អជាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សដទៃទៀត ដែលសុទ្ធតែរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញ ដូចជា Meta និង Google ជាដើម។
ជាក់ស្ដែង តម្លៃរបស់ក្រុមហ៊ុន Meta បានធ្លាក់ចុះជាង ៦៥ពាន់លានដុល្លារនៅក្នុងទីផ្សារ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុននេះ បានប្រកាសពីការធ្លាក់ចុះចំណូល និងដោយសារតែឥទ្ធិពលវិបត្តិសេដ្ឋកិច្ចសាកល ដែលធ្វើឱ្យក្រុមហ៊ុននានាកាត់បន្ថយ និងផ្អាកការចំណាយផ្សព្វផ្សាយពាណិជ្ជកម្មនៅលើហ្វេសប៊ុក និងការចំណាយច្រើនទៅលើការអភិវឌ្ឍគម្រោង Metaverse។ ចំណែកក្រុមហ៊ុន Google ក៏ទើបតែបានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញ ២៧% ផងដែរ ពោលគឺក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២ ប្រាក់ចំណេញរបស់ Google មានចំនួនជិត១៤ពាន់លានដុល្លារ។ ក្រោយការប្រកាសនេះ ភាគហ៊ុនរបស់ Google បានធ្លាក់ចុះជាង ៩%ផងដែរ៕
អត្ថបទ៖ សុ ភី