បញ្ហាដឹកជញ្ជូន

តើវិស័យអាកាសចរណ៍ និងការដឹកជញ្ជូនទំនិញកម្ពុជា រងការប៉ះទង្គិចពីការបិទច្រកសមុទ្រតៃវ៉ាន់ ដោយសារសមយុទ្ធទ្រង់ទ្រាយធំរបស់ចិនដែរ ឬទេ?


ស្របពេលដែល មានការបិទច្រកសមុទ្រ និងដែនអាកាសនៅកោះតៃវ៉ាន់សម្រាប់យន្ដហោះស៊ីវិល និងប៉ាល់ធំៗ ដោយសារតែការធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ចិននៅតំបន់នោះ តើសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងផ្លូវអាកាសរបស់កម្ពុជាវិញ មានរងឥទ្ធិពលពីបញ្ហានេះដែរ ឬទេ? បើតាមក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនកម្ពុជា អះអាងថា ភាពតានតឹងជុំវិញច្រកសមុទ្រតៃវ៉ាន់នាពេលនេះហាក់មិនមានអ្វីប៉ះពាល់សម្រាប់វិស័យដឹកជញ្ជូនកម្ពុជានោះទេ តែយ៉ាងណាបើមានសភាពការណ៍កាន់តែអាក្រក់នោះ កម្ពុជាអាចនឹងជួបផលប៉ះពាល់ផងដែរ។
ការប៉ះទង្គិចពីការបិទច្រកសមុទ្រតៃវ៉ាន់ វិស័យអាកាសចរណ៍ និងការដឹកជញ្ជូនទំនិញកម្ពុជា ។

បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោស្រី​ Nancy Pelosi ទៅកាន់កោះតៃវ៉ាន់នាពេលថ្មីៗនេះមក ឃើញថាការរំខាននៃការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស​ឆ្លងកាត់​តំបន់សមុទ្រចិនខាងត្បូង ពិសេស​នៅច្រកសមុទ្រកោះតៃវ៉ាន់តែម្ដង កំពុង​តែជួបបញ្ហារំខាន ដោយសារតែពេលនេះ ចិន​កំពុងធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ព័ទ្ធជុំជិតតំបន់កោះតៃវ៉ាន់ និងបានហាមនាវា និងយន្ដហោះស៊ីវិលធ្វើដំណើរឆ្លងកាត់នោះផងដែរ ហើយកត្តានេះ ក៏បានធ្វើឲ្យ​ក្រុមហ៊ុនដឹកជញ្ជូនទាំងផ្លូវសមុទ្រ និងផ្លូវអាកាស​ត្រូវធ្វើដំណើរវាងតំបន់នោះ ដែលបង្កឲ្យមានការចំណាយ​ច្រើនផងដែរ។ នេះបើតាម​ការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជាបានគូសបញ្ជាក់ថា នៅពេលនេះខាងសមាគមនៅមិនទាន់មើលឃើញ​អ្វីដែលជាការរាំងស្ទះនូវទំនិញដែលឆ្លងកាត់ពីកោះតៃវ៉ាន់​មកប្រទេសចិន និងសំដៅមកប្រទេសកម្ពុជានោះទេ។ ទោះយ៉ាងណា អ្នកជំនាញរូបនេះ គូសបញ្ជាក់ថា ប្រសិនជាស្ថានភាពមានការវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរជាងនេះទៀតនោះ គឺប្រាកដណាស់ច្បាស់ជាមានការប៉ះពាល់ដល់ការដឹកជញ្ជូនកម្ពុជាជាក់ជាពុំខានឡើយ ដោយសារកោះតៃវ៉ាន់ក៏មានទំនិញ​មួយចំនួនដឹកមកកម្ពុជាដែរ ហើយកម្ពុជាក៏មានការនាំចេញទំនិញទៅកាន់ប្រទេសចិន និងប្រទេសមួយចំនួនផ្សេងទៀតតាមច្រកនោះដូចគ្នាដែរ។

ដោយឡែក ចំពោះការដឹកជញ្ជូនទំនិញ​តាមផ្លូវអាកាសវិញ ឯកឧត្តម ស៊ីន ចាន់ សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ឲ្យដឹងដែរថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសកម្ពុជា មិនមានការរងផលប៉ះពាល់អ្វីនោះទេ ដោយឯកឧត្តមបានពន្យល់ថា ជើងហោះហើរពីប្រទេសចិន​មកកម្ពុជា គឺមិនមានប្រើប្រាស់ដែនអាកាស​ដែលពាក់ព័ន្ធនឹងការបិទរបស់ប្រទេសចិន នៅជុំវិញតំបន់​កោះតៃវ៉ាន់នោះទេ ពោលគឺ កម្ពុជាមិនបានប្រើប្រាស់ដែនអាកាសឆ្លងកាត់កោះតៃវ៉ាន់នោះឡើយ។

គួរបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជាចិនមានចំនួនប្រមាណ ៦ពាន់លានដុល្លារ មានការកើនឡើងប្រមាណ២០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២១។ ចំណែកទំហំពាណិជ្ជកម្មកម្ពុជាជា​មួយ ​តៃវ៉ាន់វិញមានចំនួនជាង ៦រយលានដុល្លារ មានការកើនឡើងចំនួន១៨%ផងដែរ។ នោះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសអាមេរិក ប្រកាសពីគម្រោងតម្លៃ ២៥ លានដុល្លារលើកម្ពស់សន្ដិសុខស្បៀង និងកំណើនវិស័យកសិកម្មកម្ពុជា

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken នៅថ្ងៃទី ៤ ខែសីហា បានប្រកាសពីគម្រោងថ្មីមួយ គឺ «គម្រោងកម្ពុជាហាវែស ៣» ដែលមានតម្លៃទឹកប្រ…

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនលុបចោល និងប្តូរជើងហោះហើរ ក្នុងអំឡុងពេលចិនធ្វើសមយុទ្ធយោធាព័ទ្ធកោះតៃវ៉ាន់

ព័ត៌មាន
ក្រោមស្ថានការដ៏អាប់អួរក្នុងអំឡុងពេលយោធាចិនបានបើកធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់ ក្រុមហ៊ុនអាកាសចរណ៍ធំៗមួយចំនួន បានលុបចោលជើងហោះទៅកាន់ទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ