ឧករណ៍នេសាទ

ក្រសួងកសិកម្មថា ឧករណ៍នេសាទដែលមានរាងដូចព្រួញ ជាឧបករណ៍នេសាទស្របច្បាប់ ដែលកសិករដាក់នេសាទ ដើម្បីចិញ្ចឹមជីវិត


បន្ទាប់ពីមានការផ្សព្វផ្សាយយ៉ាងផុលផុសអំពីការដាក់របាំងសាច់អួន និងលបក្នុងបឹងទន្លេសាប និងមានការចោទប្រកាន់ថា អាជ្ញាធរពាក់ព័ន្ធបណ្តាយឱ្យមានការនេសាទខុសច្បាប់ជាដើមនោះ មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបកស្រាយបំភ្លឺថា ការប្រើប្រាស់ឧករណ៍នេសាទដែលមានរាងដូចព្រួញនៅតំបន់ឃុំផាត់សណ្តាយ ខេត្តកំពង់ធំ គឺមិនមែនជាឧបករណ៍នេសាទខុសច្បាប់នោះទេ ហើយការដាក់ឧបករណ៍នេះរបស់ប្រជានេសាទទៀតសោត គឺដើម្បីជាប្រភពអាហារ និងចិញ្ចឹមជីវិតរបស់ពួកគេតែប៉ុណ្ណោះ។
ឧករណ៍នេសាទ
ដោយ

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី«ស្ថានភាពនេសាទនៅតំបន់ឃុំផាត់សណ្តាយ»នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានគូសបញ្ជាក់ថា ការដាក់របាំងសាច់អួន ឬលបរបស់ប្រជានេសាទសម្រាប់ចាប់ត្រីក្នុងតំបន់ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋនោះ គឺមិនមែនជាឧបករណ៍នេសាទខុសច្បាប់នោះទេ ពោលគឺជាឧបករណ៍នេសាទស្របច្បាប់ ទៅតាមទំហំក្រឡា និងប្រវែងរបាំងសាច់អួន ដែលច្បាប់បានកំណត់ ប៉ុន្តែក្នុងករណីក្រឡាសាច់អួននោះតូចពេកវានឹងក្លាយជាឧបករណ៍ខុសច្បាប់វិញ។

ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា ទីតាំងដែលគេបានយកមកផ្សព្វផ្សាយយ៉ាងផុលផុសនៅប៉ុន្មានថ្ងៃកន្លងមកនេះ គឺជាផ្នែកមួយតូចនៃបឹងទន្លេសាបតែប៉ុណ្ណោះ។

ទីតាំងនេះមានប្រជាពលរដ្ឋរស់នៅជាង១ពាន់គ្រួសារ ដោយជាទូទៅក្នុងមួយគ្រួសារមានឧបករណ៍សាច់អួននេះតែមួយប៉ុណ្ណោះ ដើម្បីរកត្រីមកបរិភោគ និងចិញ្ចឹមជីវភាពរបស់ពួកគេ។ ប៉ុន្តែនៅពេលទឹកឡើងក្នុងរដូវវស្សា ការនេសាទដោយប្រើឧបករណ៍របាំងលបនៅទីនោះមានភាពធំទូលាយ និងស្ថិតនៅដាច់ៗពីគ្នា តែជាប្រពៃណីនៅពេលទឹកស្រកកន្លែងនោះរួមតូចនាំឱ្យការដាក់របាំងលបចាប់ត្រីនៅកៀកៗគ្នា ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់អាចរកត្រីបានគ្រប់គ្នា។

យ៉ាងណាមិញមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា ការនេសាទរបស់ប្រជាជននៅទីនោះ ក៏មិនមានការដាក់ឧបករណ៍ខុសច្បាស់ជាទ្រង់ទា្រយពាណិជ្ជកម្មធំៗ ខណៈអាជ្ញាធរក៏តែងតែទៅត្រួតពិនិត្យជារឿយៗអំពីទំហំក្រឡា និងប្រវែងរបាំងសាច់អួននេះផងដែរ។

ស្រដៀងគ្នានេះលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមួយរូបផងនោះបានបញ្ជាក់ដែរថា ប្រជានេសាទបាននិយមប្រើប្រាស់ឧបករណ៍មួយនេះតាំងពីឆ្នាំ២០១០ មកម៉្លេះ ហើយការប្រើប្រាស់ឧបករណ៍នេសាទនេះទៀតសោត ក៏មិនមែនមានតែក្នុងតំបន់ឃុំផាត់សណ្តាយនេះដែរ ពោលគឺនៅតំបន់ផ្សេងក៏មានពលរដ្ឋប្រើឧបករណ៍នេះក្នុងការនេសាទផងដែរ។ ជាក់ស្តែង គិតមកទល់ពេលនេះ លោកជំទាវ អ៊ឹម រចនា អះអាងថា គឺមានការប្រើប្រាស់ឧបករណ៍របាំងសាច់អួននេះចំនួនប្រមាណ៣ពាន់៥រយឧបករណ៍នៅទូទាំងផ្ទៃបឹងទន្លេសាប ខណៈក្រសួងក៏បានកំណត់ឈ្មោះ និងទីតាំងអ្នកប្រកបរបរនេសាទឧបករណ៍ប្រភេទនេះផងដែរ។

សូមជម្រាបថា តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ក្រាបបានបទល្មើសឧបករណ៍អួនអូសទឹកសាប៥៣វង់ ម៉ាញ់១៤វង់ ឆក់ត្រជាក់និងក្តៅ១,៤៧៣គ្រឿង ឈិបយន្ត២៣គ្រឿង អួនហ៊ុម៣៣វង់ របាំងស្បៃមុងនិងសាច់អួនជាង១លាន៦សែនម៉ែត្រ លូនិងលបជាង ១ម៉ឺន៥ពាន់មាត់ បង្គោលចម្រឹងជាង ៧៦ម៉ឺន៨ពាន់ដើម ឈ្នក់រួមផ្សំភ្លើង១១៩វង់ កាណូត១៧៦គ្រឿង និងម៉ាស៊ីន៨៤គ្រឿង។ ក្នុងចំណោមបទល្មើសទាំងនេះមានសំណុំរឿងចំនួន៧១ករណីត្រូវបានបញ្ចូលទៅតុលាករ ចេញដីកាកោះ២០នាក់ និងឃុំខ្លួន៣១នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងទេសចរណ៍រំពឹងបុណ្យទន្លេ និងពិធីប្រកាសឆ្នាំទស្សនាសៀមរាប អាចទាក់ទាញភ្ញៀវទេសចរបាន១លាននាក់

ព័ត៌មាន
ពិធីបុណ្យទន្លេលើកទី៨ និងពិធីប្រកាសឆ្នាំទស្សនាសៀមរាបក្នុងឆ្នាំនេះ នឹងរៀបចំឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនា ក្រោមប្រធានបទទន្លេដើម្បីសន្ត…

ថ្នាក់ដឹកនាំ CDC ចង់ឃើញក្រុមហ៊ុន និងវិនិយោគិនអាម៉េរិកមកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព័ត៌មាន
ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ពីជំហរថា កម្ពុជានៅតែប្រកាន់ភ្ជាប់នូវគោលនយោបាយលើកទឹកចិត្តស្មើគ្នាដល់បណ្ដាអ្នកវិនិយោគគ្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ