កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

ក្នុងនាមប្រធានអាស៊ាន តើសម្តេចតេជោ ហ៊ុន សែន លើកឡើងអ្វីខ្លះ ក្នុងកិច្ចប្រជុំកំពូលថ្ងៃដំបូង អាស៊ាន-អាមេរិក?


នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ គឺជាថ្ងៃទីមួយនៃបេសកម្មរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នាឱកាស សម្ដេច ហ៊ុន សែន បានជជែកជាមួយបណ្ដាថ្នាក់ដឹកនាំកំពូលៗជាច្រើន ដើម្បីពិភាក្សាការងារ អំពីបញ្ហានានា នៅក្នុងតំបន់ និងពិភពលោក។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន និងប្រធានាធបតីអាមេរិក លោក ចូ បៃឌិន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។ រូបភាព៖ ហ្វេសប៊ុកសម្ដេច ហ៊ុន សែន

ជាមួយគ្នានោះដែរ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវកិច្ចប្រឹងប្រែងជាច្រើនរបស់កម្ពុជា ដើម្បីដោះស្រាយវិបត្តិ​ដែលកំពុងជាប់គាំង​នៅ​មីយ៉ាន់ម៉ា ក៏ដូចជាជំហរក្នុងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ជាដើម។

សម្តេចតេជោ ហ៊ុន សែន​នៅថ្ងៃទី១២ ខែឧសភា​ ក្នុងដំណើរអញ្ចូលចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ាន-អាមេរិក បានចូលរួម​ទទួលទាន​អាហារថ្ងៃត្រង់ជាមួយនឹង​មេដឹកនាំអាស៊ាន និងសមាជិកសភាអាមេរិក ដែលរៀបចំឡើងដោយលោកស្រី ណានស៊ី ភេឡូស៊ី ប្រធាន​សភាសហរដ្ឋអាមេរិក។ នាឱកាសនោះ ក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ ពីទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក និងលើកអំពីការខិតខំព្យាយាមរបស់សម្ដេច ក្នុងនាមជាប្រធានអាស៊ាន ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយសភាពការណ៍ នៅមីយ៉ាន់ម៉ា។ សម្ដេចក៏បានចែករំលែកនូវអ្វី ដែលជាការងាររបស់សម្ដេច ក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាការខិតខំទាំងឡាយ ធ្វើយ៉ាងណា​កុំឱ្យមាន​អំពើហិង្សា​បន្តទៀត។ ជាពិសេស ជំរុញឱ្យមានបទឈប់បាញ់ ក៏ដូចជាជំរុញឲ្យមានជំនួយមនុស្សធម៌ ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលសម្ដេចចាត់ទុកជាការខិតខំរបស់អាស៊ាន ក៏ដូចជាការខិតខំរបស់ប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន។

ក្រៅតែពីលើកអំពី​ កិច្ចខិតខំប្រឹងប្រែង​ដោះស្រាយ​វិបត្តិ​នៅមីយ៉ាន់ម៉ាហើយនោះ ក្នុងនាមប្រធានអាស៊ាន សម្តេច​ចង់ឃើញអាមេរិក បន្តដើរតួនាទីសំខាន់ក្នុងការងារអាទិភាពមួយចំនួន ដូចជាបរិស្ថាន ការប្រែប្រួលអាកាសធាតុធាតុ ការជួយទៅដល់វិស័យសុខាភិបាល ជាពិសេសបញ្ហាកូវីដ១៩ កន្លងមកសហរដ្ឋអាមេរិក បានផ្ដល់ជំនួយវ៉ាក់សាំង ក៏ដូចជាជំនួយផ្សេងទៀត ដល់បណ្ដាប្រទេសសមាជិកអាស៊ាន។ ជាមួយគ្នានេះ ក្នុងនាម​ប្រធានអាស៊ាន សម្តេចតេជោ ក៏សង្ឃឹមថានឹងមានការពង្រឹង​​ និងពង្រីកសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិក និងអាស៊ានកាន់តែប្រសើរឡើងថែមទៀត ដោយសារកន្លងមកនេះ អាស៊ាន-សហរដ្ឋអាមេរិក មានកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគ ដែលជាកិច្ចព្រមព្រៀងក្នុងការសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងគ្នា​ផងដែរ។

ក្រៅពីជំនួបអាហារថ្ងៃត្រង់ជាមួយមេដឹកនាំប្រទេសអាស៊ាន និងសមាជិកសភាអាមេរិក ដែលរៀបចំឡើងដោយលោកស្រី ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិកហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគអាមេរិក មួយចំនួនទៀត ដើម្បីពិភាក្សាអំពីស្ថានភាពនៃការអភិវឌ្ឍន៍ និងការវិនិយោគ ថ្មីៗ របស់កម្ពុជា ក៏ដូចជា បង្ហាញជំហររបស់សម្ដេចក្នុងនាមជាប្រធានអាស៊ាន ក្នុងការដោះស្រាយបញ្ហានានា ដែលកំពុងកើតមានក្នុងតំបន់ផងដែរ។

បន្ទាប់ពីនោះ នៅពេលល្ងាច​ថ្ងៃទី ១២ ឧសភា សម្តេចតេជោ ក៏បាន​អញ្ជើញចូលរួម​ក្នុងពិធីទទួលទានអាហារ​ពេលល្ងាច ដែលរៀបចំដោយ​លោកចូ បៃឌិន​ប្រធានាធិបតីអាមេរិក។ នាឱកាសនោះ លោកចូ បៃឌិន បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលនៅពេលនេះ ធ្វើឡើងស្របគ្នាខួបលើកទី៤៥ឆ្នាំ នៃទំនាក់ដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក។ លោកបានបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ាន លើកនេះ គឺមានលក្ខណៈពិសេស ដែលរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយជាទំព័រថ្មីនិងសករាជថ្មី ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។ អាស៊ាន គឺនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនត្រឹមតែប៉ុណ្ណោះទេ អាមេរិក មានភាពរីករាយក្នុងការដំឡើងពីដៃគូយុទ្ធសាស្ត្រទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិក និងអាស៊ាន។

សម្តេចតេជោបានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ កម្ពុជាបានជ្រើសរើសយកប្រធានបទអាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលផ្អែកលើស្មារតីដែលអាស៊ានបាននិងកំពុងខិតខំរួមគ្នាដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាលើកកម្ពស់ការអនុវត្តនូវវិបុលភាពប្រកបដោយចីរភាពនិងបរិយាបន្ន ជាការពិតយើងក៏ទទួលស្គាល់តួនាទីប្រកបដោយភាពវិជ្ជមានរបស់ដៃគូខាងក្រៅរបស់អាស៊ាន ជាពិសេសសហរដ្ឋអាមេរិក នៅក្នុងដំណើរការទាំងមូលនេះ។

សម្ដេចតេជោបន្ថែមថា អាស៊ានសូមវាយតម្លៃខ្ពស់លើរាល់កិច្ចការដែលសហរដ្ឋអាមេរិក បានធ្វើសម្រាប់តំបន់។​ សម្តេចតេជោក៏បានអញ្ជើញ ប្រធានាធិបតី ចូ បៃឌិនដោយផ្ទាល់ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា​ក្នុងខែវិច្ឆិកាខាងមុខនេះផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ត្រូវបានប្រារព្ធធ្វើឡើង នៅទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិក រយៈពេល ២ថ្ងៃ ពោលចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ហើយកិច្ចប្រជុំសំខាន់ នឹងត្រូវធ្វើឡើង​នៅថ្ងៃទី១៣ ខែឧសភា ស្អែកនេះតែម្ដង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាចង់ឲ្យវៀតណាមបន្ដផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ការផលិតកង់នាំចេញទៅទីផ្សារអឺរ៉ុប និងអាមេរិក

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗ បានជួបជាមួយថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដើម្បីពិភាក្សាស្វែងរកវិធីសាស្ត្រក្ន…

ក្រសួងការងារ៖ កម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅក្រៅប្រទេសនោះទេ

ព័ត៌មាន
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បញ្ជាក់​នៅថ្ងៃទី ១២ ខែឧសភាថា កម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាល​ទៅធ្វើការនៅក្រៅប្រទេសន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ