ខ្សែកាបក្រោមបាតសមុទ្រ

អាស៊ាន ចូលរួមជាមួយអឺរ៉ុប អំពាវនាវឱ្យពង្រឹងកិច្ចសហការក្នុងកិច្ចការពារខ្សែកាបក្រោមបាតសមុទ្ររបស់ពិភពលោក តើអ្វីជាបញ្ហាប្រឈមធំៗ?


ក្រុមមន្ត្រីការពារជាតិ មកពីអឺរ៉ុប និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) បានអំពាវនាវឱ្យមានកិច្ចសហការកាន់តែរឹងមាំ ដើម្បីការពារបណ្តាញខ្សែកាបក្រោមបាតសមុទ្រទូទាំងពិភពលោក ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការគំរាមកំហែងដល់បណ្ដាញខ្សែកាបដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg។ តើអ្វីជាបញ្ហាប្រឈមធំៗក្នុងកិច្ចការពារបណ្ដាញខ្សែកាបក្រោមបាតសមុទ្ររបស់ពិភពលោក។
ខ្សែកាបក្រោមបាតសមុទ្រ
ដោយ

ប្រទេសនានា ដូចជាសិង្ហបុរី និងម៉ាឡេស៊ី ជាដើម កំពុងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់បណ្ដាញខ្សែកាបអុបទិក ដែលមានរហូតដល់ទៅប្រមាណ៦០០បណ្ដាញដែលបញ្ជូនទិន្នន័យស្ទើរតែទាំងអស់របស់ពិភពលោក។ ទន្ទឹមនឹងនេះ ការកើនឡើងនូវការខូចខាតបណ្ដាញខ្សែកាបក្នុងដែនសមុទ្ររបស់អឺរ៉ុប ជាពិសេសនៅសមុទ្របាល់ទិក (Baltic Sea) បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីភាពងាយរងគ្រោះនៃបណ្តាញខ្សែកាបនេះ។

រដ្ឋមន្ត្រីការពារជាតិ សិង្ហបុរី លោក ចាន់ ឈុន ស៊ីង (Chan Chun Sing) បានថ្លែងនៅឯកិច្ចប្រជុំកំពូល ស្ដីពី បញ្ហាសន្តិសុខ Shangri-La Dialogue កាលពីថ្ងៃទី១ ខែមិថុនា ថា ប្រទេសនានា ចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីការពារបណ្តាញខ្សែកាបរបស់ពិភពលោកទាំងមូល គឺមិនត្រឹមតែផ្នែកណាមួយនៃបណ្តាញខ្សែកាបនោះទេ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ បញ្ហាបណ្ដាញខ្សែកាបនេះត្រូវបានលើកឡើងម្ដងហើយម្ដងទៀតអំឡុងកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃក្នុងប្រទេសសិង្ហបុរី ខាងលើនេះ ដោយក្រុមមន្ត្រីអឺរ៉ុប ចង់ចែករំលែកនូវអ្វីដែលពួកគេបានរៀនសូត្រពីការកើនឡើងនៃការខូចខាតខ្សែកាបក្រោមសមុទ្រនាពេលថ្មីៗនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន បណ្តាញខ្សែកាបក្រោមសមុទ្រទូទាំងពិភពលោកលាតសន្ធឹងសរុបប្រវែងប្រមាណ១,៤លានគីឡូម៉ែត្រ។ ស្របពេល Platform នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI កើនឡើង តម្រូវការថាមពលរបស់មជ្ឈមណ្ឌលរក្សាទិន្នន័យត្រូវបានព្យាករថា នឹងកើនឡើងខ្លាំង ដែលធ្វើឱ្យខ្សែកាបកាន់តែមានសារសំខាន់។

ចាប់តាំងពីប្រទេសរុស្ស៊ី បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អឺរ៉ុប បានធ្វើឱ្យការការពារខ្សែកាបក្រោមបាតសមុទ្រជាកិច្ចការអាទិភាពមួយ ជាពិសេសក្រោយពីមានសេចក្ដីរាយការណ៍ថា បណ្ដាញខ្សែកាបបានរងការខូចខាតដោយសារកប៉ាល់ដឹកប្រេងរបស់រុស្ស៊ី និងកប៉ាល់ដឹកប្រេងរបស់មហាយក្សចិន។

ទោះបីជាមានការសង្ស័យថា ការខូចខខាតបណ្ដាញខ្សែកាបក្រោមបាតសមុទ្រកាលពីពេលថ្មីៗនេះ គឺជាចេតនាបំផ្លិចបំផ្លាញយ៉ាងណាក្ដី ក៏គ្មានភស្តុតាងបញ្ជាក់ច្បាស់លាស់នោះទេ ឬក៏វាទំនងជាឧប្បត្តិហេតុ ឬដោយសារការធ្វេសប្រហែស។ ទោះជាយ៉ាងណា អង្គការបក្សសម្ព័ន្ធយោធា NATO បានបង្កើនការល្បាតដើម្បីការពារប្រព័ន្ធខ្សែកាបសំខាន់ៗទាំងនោះ។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី កាចា កាឡាស (Kaja Kallas) បានអំពាវនាវឱ្យអឺរ៉ុប និងអាស៊ី ធ្វើការរួមគ្នាប្រឆាំងនឹងកងនាវាដឹកប្រេងលាក់អត្តសញ្ញាណ និងពិនិត្យឡើងវិញនូវច្បាប់សន្តិសុខដែនសមុទ្រ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កម្ពុជា សម្រេចយកបញ្ហាជម្លោះព្រំដែនជាមួយថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ តើអ្នកជំនាញមានការយល់ឃើញបែបណា?

ការប្រឈមមុខដាក់គ្នារវាងកងកម្លាំងកម្ពុជា និងថៃនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកយកបញ្ហានេះប្ដឹងទៅតុលាការយុត្តិធម…

ប្រាក់ដុល្លារអាម៉េរិក ធ្លាក់ថ្លៃ រីឯមាសឡើងថ្លៃ ខណៈការព្រួយបារម្ភពីបញ្ហាពន្ធគយធ្វើឱ្យតម្រូវការមាសកើនឡើង

ហាងឆេងមាសលើទីផ្សារអន្តរជាតិ នៅថ្ងៃទី២ ខែមិថុនា នេះ បានហក់ឡើងថ្លៃដល់ប្រមាណ៣,៣០៦ដុល្លារអាម៉េរិក ក្នុងមួយអោន ឬជាង៤,០៣១ដុល្លារអាម៉េរិក ក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ