អនុបាតបំណុល

សេដ្ឋកិច្ចវៀតណាមកំពុងប្រឈមនឹងអនុបាតបំណុលមិនល្អក្នុងប្រព័ន្ធធនាគារដល់ជិត៤%


មេដឹកនាំធនាគារធំៗមួយចំនួននៅវៀតណាម ជឿជាក់ថា អនុបាតបំណុលមិនល្អក្នុងប្រព័ន្ធធនាគារនៅវៀតណាមនឹងកើនឡើងដល់ចំណុចកំពូលនៅត្រីមាសទី៣ នៃឆ្នាំ២០២៣ នេះ។ តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា អនុបាតនៃបំណុលមិនល្អនៅវៀតណាម មានតម្លៃដល់ទៅ៤៤០ទ្រីលានដុង ឫជិត១៨ពាន់លានដុល្លារ។ កំណើនអនុបាទបំណុលមិនល្អនៅវៀតណាម ត្រូវបានជំរុញដោយសារបញ្ហាសង្គ្រាមនៅអ៊ុយក្រែន បានធ្វើឱ្យប៉ះពាល់ខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញកំណើនអតិផរណា។
អនុបាតបំណុល
ដោយ

សារព័ត៌មាន Vietnam News បានរាយការណ៍ថា អនុបាតបំណុលអាក្រក់នៅក្នុងប្រព័ន្ធធនាគារនៅវៀតណាម មានកំណើនគួរឱ្យកត់សម្គាល់ ដោយបានហក់ឡើងពី២% នៅដើមឆ្នាំនេះ ដល់ជិត៤% នៅត្រីមាសទី៣ឆ្នាំនេះ។

បើតាមធនាគាររដ្ឋវៀតណាម អនុបាតបំណុលមិនល្អនៅក្នុងប្រព័ន្ធធនាគារវៀតណាម មានតម្លៃលើសពី៤៤០ទ្រីលានដុង ឫជិត១៨ពាន់លានដុល្លារ។ បើរាប់បញ្ចូលទាំងបំណុលអាក្រក់ ដែលធនាគារពាណិជ្ជមួយចំនួនបានផ្ទេរទៅឱ្យក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មវៀតណាម ដែលនៅមិនទាន់អាចស្តារឡើងវិញបាននៅឡើយនោះ បានជំរុញឱ្យអនុបាតបំណុលអាក្រក់កើនឡើងដល់ជាង៦%ឯណោះ។

ក្នុងចំណោមអនុបាតបំណុលអាក្រក់នេះមានការរួមបញ្ចូលបំណុលរបស់ធនាគារធំៗចំនួន៥ រួមមានធនាគារ SCB, ធនាគារ Dong A Bank, ធនាគារ CB Bank, ធនាគារ Ocean Bank និង ធនាគារ GP Bank។ បច្ចុប្បន្នធនាគារទាំង៥នេះកំពុងស្ថិតក្រោមការគ្រប់គ្រងក្នុងលក្ខខណ្ឌពិសេសរបស់ធនាគារកណ្តាលវៀតណាម។

លោកស្រី ឃ្វៀន ធី ហុង ( Nguyễn Thị Hồng) ទេសាភិបាលធនាគារកណ្តាលវៀតណាម បានមានប្រសាសន៍ថា អនុបាតបំណុលអាក្រក់នៅក្នុងវិស័យអចលនទ្រព្យបានកើនឡើងពី១,៨%នៅក្នុងខែកក្កដា ឆ្នាំ២០២២ ដល់ជាង២,៥% នៅក្នុងខែកក្កដា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ប្រាក់កម្ចីតាមប្រព័ន្ធធនាគារនៅវៀតណាមមានតម្លៃជាង៥ពាន់លានដុល្លារ កើនឡើងជិត៦ភាគរយ បើប្រៀបធៀបនឹងចុងឆ្នាំ២០២២។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញព្យាករថា គុណភាពឥណទាននៃប្រព័ន្ធធនាគារនៅវៀតណាមអាចបន្តប្រឈមមុខនឹងសម្ពាធ ហើយមេដឹកនាំធនាគារមួយចំនួនជឿថា អនុបាតបំណុលអាក្រក់នឹងឡើងដល់កំពូលក្នុងត្រីមាសទី៣នៃឆ្នាំនេះ ហើយអាចចាប់ផ្តើមថយចុះបន្តិចម្តងៗចាប់ពីដើមឆ្នាំក្រោយ ប្រសិនបើបរិយាកាសសេដ្ឋកិច្ចមានការប្រែប្រួល។

ធនាគារកណ្តាលវៀតណាម បានគូសបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក និងអន្តរជាតិ មានការប្រែប្រួលយ៉ាងខ្លាំង ដោយសារតែជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កាន់តែកើនឡើង ដែលរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក ដែលនាំឱ្យមានការកើនឡើងនូវហានិភ័យ នៃអតិផរណា និងប៉ះពាល់ដល់ការចំណាយរបស់អ្នកប្រើប្រាស់ ស្របពេលដែលដៃគូពាណិជ្ជកម្មសំខាន់ៗរបស់វៀតណាម ក៏ប្រឈមនឹងហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច ជាពិសេសបន្ទាប់ពីឧប្បត្តិហេតុពាក់ព័ន្ធនឹងធនាគារអាមេរិកមួយចំនួន​។

បច្ចុប្បន្ននេះ ការគ្រប់គ្រងបំណុលអាក្រក់របស់ធនាគារនៅវៀតណាម បានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ជាពិសេសជាមួយនឹងការកើនឡើងនៃបំណុលហួសកាលកំណត់ និងទីផ្សារអចលនទ្រព្យធ្លាក់ចុះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រលានយន្តហោះសៀមរាបអង្គរទទួលបានជើងហោះហើរជាង២០០ជើង និងអ្នកដំណើរជិត២ម៉ឺននាក់ក្រោយដាក់ឱ្យដំណើរការ១សប្តាហ៍កន្លងមកនេះ

ព័ត៌មាន
គិតមកទល់ពេលនេះមានរយៈពេលប្រមាណ១សប្តាហ៍ហើយ ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលមានតម្លៃវិនិយោគជាង១ពាន់លានដុល្លារត្រូវបានដាក់ឱ្យដំណើរ…

ហេតុអ្វីរដ្ឋាភិបាលថៃ ដាក់ផែនការជួយអភិវឌ្ឍន៍សហគ្រាសថ្មីចំនួន១ម៉ឺន ?

ព័ត៌មាន
តាមគម្រោងនៅក្នុងរយៈពេល៤ឆ្នាំខាងមុខ រដ្ឋាភិបាលថៃនឹងជួយគាំទ្រដល់សហគ្រាសបង្កើតថ្មី ឫទើបនឹងចាប់ផ្តើមអាជីវកម្មចំនួន១ម៉ឺនសហគ្រាស។ សាព័ត៌មាន N…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ