អាស៊ានគ្រោងបញ្ចប់កិច្ចចរចា

អាស៊ានគ្រោងបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលនៅឆ្នាំ២០២៥ ខាងមុខ


អគ្គលេខាធិការអាស៊ានឯកឧត្ដម កៅ គឹមហួន (Kao Kim Hourn) បានប្រាប់សារព័ត៌មានជប៉ុន Nikkei Asia ថា នៅឆ្នាំក្រោយនេះអាស៊ានមានបំណងបញ្ចប់ក្របខណ្ឌទូទាំងតំបន់ដែលកំណត់ច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន និងសេវាកម្មឌីជីថលផ្សេងៗទៀត ហើយប្រសិនបើសម្រេចដូច្នេះមែន ក្របខណ្ឌនេះគ្រោងនឹងចាប់ផ្ដើមអនុវត្តជាផ្លូវការរហូតដល់ឆ្នាំ២០២៦។
អាស៊ានគ្រោងបញ្ចប់កិច្ចចរចា
ដោយ

ប្រទេសសមាជិកអាស៊ានបានចាប់ផ្តើមចរចាពីកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថល (DEFA) នៅក្នុងឆ្នាំ២០២៣ ក្នុងបំណងព្យាយាមផ្តល់សិទ្ធិអំណាចដល់អាជីវកម្មឌីជីថលទូទាំងតំបន់នេះ ដោយការបង្កើតបរិយាកាសសុវត្ថិភាពតាមអ៊ីនធឺណិត។ ថ្លែងក្នុងបទសម្ភាសនៅទីក្រុងតូក្យូប្រទេសជប៉ុន កាលពីថ្ងៃពុធ ឯកឧត្ដម កៅ គឹមហួន សង្ឃឹមថា ក្របខណ្ឌ DEFA នឹងបញ្ចប់នៅឆ្នាំក្រោយនេះ។ ហើយប្រសិនបើអាស៊ានអាចឈានដល់កិច្ចព្រមព្រៀងចុងក្រោយមួយមែន អាស៊ានរំពឹងថា នឹងក្លាយជាក្បាលម៉ាស៊ីនមួយទៀតក្នុងការជំរុញកំណើនសេដ្ឋកិច្ចបច្ចុប្បន្នសម្រាប់អាស៊ាន។

ឯកឧត្ដម កៅ គឹមហួន បានបន្ថែមថា ប្រធានបទសំខាន់ៗរបស់ក្របខណ្ឌ DEFA នេះគឺផ្ដោតលើពាណិជ្ជកម្មឌីជីថល ដោយក្នុងនោះសមាជិកមានបំណងជួយសម្រួលការធ្វើពាណិជ្ជកម្មជាមួយឯកសារអេឡិចត្រូនិក និងដំណើរការដែលអាចធ្វើអន្តរកម្មបាន និងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន ដែលអាស៊ានបានបង្កើតបរិយាកាសឱ្យកាន់តែមានប្រសិទ្ធភាព និងយុត្តិធម៌ជាងមុន។ បណ្តាប្រទេសអាស៊ាន ក៏កំពុងចរចាពីទិន្នន័យធំ រំហូរទិន្នន័យ ឯកជនភាព និងសន្តិសុខតាមអ៊ីនធឺណិតផងដែរ។

លោកបានសង្កត់ធ្ងន់ថា ក្របខណ្ឌ DEFA នេះមានសារៈសំខាន់ណាស់សម្រាប់តំបន់ពីព្រោះមិនមែនប្រទេសសមាជិកអាស៊ានទាំង១០សុទ្ធតែបានត្រៀមលក្ខណៈឌីជីថលដូចគ្នានោះឡើយ ដែលមានន័យថា ច្បាប់ និងគោលការណ៍ណែនាំនៅទូទាំងតំបន់នេះនឹងជួយដល់អាជីវកម្មនៅក្នុងប្រទេសដែលមិនទាន់បានត្រៀមលក្ខណៈជាមុន។

ឯកឧត្ដម កៅ គឹមហួន បានបញ្ជាក់ថា ប្រសិនបើក្របខណ្ឌនេះត្រូវបានបញ្ចប់នៅឆ្នាំក្រោយមែន ការអនុវត្តនឹងមិនកើតឡើងទេរហូតដល់ឆ្នាំ២០២៦ ទើបអាចចាប់ផ្ដើមបានដោយសាររដ្ឋជាសមាជិកនីមួយៗត្រូវធ្វើការ ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ហើយនៅពេលដំណើរការនេះបានបញ្ចប់ហើយ តំបន់នេះរំពឹងថានឹងមានការវិនិយោគបន្ថែមទៀតលើហេដ្ឋារចនាសម្ពន្ធឌីជីថល និងការបណ្តុះបណ្តាលជំនាញសម្រាប់ប្រជាជនក្នុងតំបន់។

ការសិក្សារបស់អាស៊ានអំពីក្របខណ្ឌ DEFA កាលពីឆ្នាំមុនបានបង្ហាញថា សេដ្ឋកិច្ចឌីជីថលរបស់ប្លុកនេះត្រូវបានព្យាករថា នឹងកើនពី៣០០ពាន់លានដុល្លារឡើងដល់ជិត១ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០៣០ ហើយក្របខណ្ឌកំណត់ច្បាប់ដែលអាចទុកចិត្តបានមួយនេះនឹងជំរុញឱ្យមានកំណើនកាន់តែច្រើនថែមទៀតដោយអាចកើនឡើងដល់២ទ្រីលានដុល្លារឯណោះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនវិនិយោគធំៗរាប់សិបប្ដេជ្ញាមិនបោះទុនវិនិយោគជាមួយក្រុមហ៊ុនចិន និងហុងកុង?

ក្រុមហ៊ុនវិនិយោគឯកជនធំៗរហូតដល់ទៅជាង៣០ បានប្ដេជ្ញាមិនបោះទុនវិនិយោគជាមួយក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិន និងហុងកុង ជាដាច់ខាត។ ការប្…

ក្រុមហ៊ុនកូរ៉េ ចំនួន៥ បង្ហាញបំណងចង់វិនិយោគលើការប្រមូលទិញ និងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ

វិស័យស្វាយចន្ទីរបស់កម្ពុជា បច្ចុប្បន្នហាក់ទទួលបានសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ពោលគឺមានបណ្តាវិនិយោគិនជាតិ និងអន្តរជាតិ ជាច្រើន បានបង្ហាញបំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ