អនាគតនៃឧស្សាហកម្មថាមពលសូឡា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទំហំធំបំផុតទី២ក្នុងពិភពលោកបន្ទាប់ពីប្រទេសចិន កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ខណៈដែលសហរដ្ឋអាម៉េរិក គ្រោងកំណត់យកពន្ធខ្ពស់លើបន្ទះឈីបដែលនាំចូលពីតំបន់អាស៊ីអាគ្នេយ៍។
នៅពេលនេះ បណ្ដាក្រុមហ៊ុនចិន ដែលបង្កើតរោងចក្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កំពុងទទួលរងការចោទប្រកាន់ថា កំពុងគេចពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិកលើទំនិញចិន។
យ៉ាងហោចណាស់ មានក្រុមហ៊ុនផលិតបន្ទះសូឡាចិនចំនួន៣ រួមទាំងក្រុមហ៊ុន (ឡុងអ៊ី) Longi និងក្រុមហ៊ុន Trina Solar ដែលបានកាត់បន្ថយប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសថៃ វៀតណាម ម៉ាឡេស៊ី និងកម្ពុជា កំពុងស្ថិតក្រោមការត្រួតពិនិត្យ និងស៊ើបអង្កេតដោយសហរដ្ឋអាម៉េរិក។
យោងតាមស្ថាប័នស្រាវជ្រាវ Bloomberg NEF ដែលជាផ្នែកមួយនៃសារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg បានឱ្យដឹងថា ប្រទេសទាំង៤ខាងលើនេះ មានចំណែកគ្របដណ្ដប់រហូតដល់ទៅជាង៤០% នៃសមត្ថភាពផលិតកម្មបន្ទះសូឡាទូទាំងពិភពលោក ហើយក្រុមហ៊ុនចិនជាច្រើនផ្សេងទៀត ដែលមានរោងចក្រនៅក្នុងប្រទេសទាំង៤ខាងលើនេះ កំពុងស្វែងរកទីផ្សារផ្សេងៗ ដើម្បីជំនួសទីផ្សារសហរដ្ឋអាម៉េរិក។
ភាពមិនប្រាកដប្រជានេះ បង្ហាញពីបញ្ហាប្រឈមកាន់តែធំនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលស្អាត នៅពេលដែលសហរដ្ឋអាម៉េរិក អឺរ៉ុប និងប្រទេសដទៃទៀតព្យាយាមដណ្តើមយកចំណែកទីផ្សារពីប្រទេសចិន ដែលនាំមុខគេទូទាំងពិភពលោកក្នុងការផលិតបន្ទះសូឡា និងអាគុយរថយន្តអគ្គិសនី។
ទន្ទឹមនេះ បណ្ដាក្រុមហ៊ុនផលិតបន្ទះសូឡាចិន ក៏កំពុងជួបបញ្ហាប្រឈមនឹងការផលិតលើសតម្រូវការកាន់តែច្រើនឡើងនៅក្នុងស្រុកផងដែរ ដែលបានបង្ខំឱ្យក្រុមហ៊ុនចិនតូចៗមួយចំនួនបិទទ្វារ៕
ដោយ: តែម សុខុម