
បើយោងតាមសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយនៅថ្ងៃពុធ សប្តាហ៍នេះ ក្រុមមេដឹកនាំមកពីតំបន់អាស៊ាន ចិន និងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្ស គ្រោងនឹងបង្កើតក្រុមប្រឹក្សាធុរកិច្ចមួយនៅក្នុងតំបន់ ដើម្បីគាំទ្រដល់ការលើកកម្ពស់រំហូរពាណិជ្ជកម្មនិងការវិនិយោគ និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃក្នុងតំបន់។ ក្រុមប្រឹក្សាឈូងសមុទ្រពែក្ស (GCC) រួមមាន ប្រទេសបារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។
សេចក្ដីថ្លែងការណ៍នេះបានបន្ថែមថា ភាគីទាំងបីនេះនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានគុណភាពខ្ពស់ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន និងការតភ្ជាប់រួមគ្នាតាមរយៈការអភិវឌ្ឍច្រករបៀងភស្តុភារ និងវេទិកាឌីជីថល។ ភាគីទាំងបី ក៏នឹងសហការគ្នាលើការបណ្តុះបណ្តាល និងការកសាងសមត្ថភាពលើសុវត្ថិភាពនុយក្លេអ៊ែ បច្ចេកវិទ្យារ៉េអាក់ទ័រ និងក្របខណ្ឌបទប្បញ្ញត្តិនានា ផងដែរ។
ថ្លែងក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ាន-GCC-ចិន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះបានពណ៌នាទំនាក់ទំនងរវាងភាគីទាំងបីនេះថា មានភាពស៊ីជម្រៅ និងយូរអង្វែង ដែលបានចាក់ឫសជ្រៅក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែង។
លោក អាន់វ៉ា បាននិយាយថា ចាប់ពីកម្មវិធីផ្លូវសូត្របុរាណរហូតដល់បណ្តាញសមុទ្រដ៏រស់រវើករបស់អាស៊ីអាគ្នេយ៍បន្តដល់ច្រករបៀងពាណិជ្ជកម្មដ៏ទំនើប ប្រជាជនរបស់ប្រទេសទាំងនេះបានតភ្ជាប់គ្នាជាយូរមកហើយតាមរយៈពាណិជ្ជកម្ម វប្បធម៌ និងការចែករំលែកគំនិតរួមគ្នា។ លោកបានបន្ថែមថា ទំនាក់ទំនងនេះបានឆ្លុះបញ្ចាំងទាំងការតភ្ជាប់ដែលមានស្រាប់ព្រមទាំងសក្តានុពលដែលមិនអាចកាត់ផ្ដាច់បានដ៏ច្រើនសន្ធឹកសន្ធាប់ទៀត។
ជាមួយគ្នានេះ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន បានថ្លែងក្នុងកិច្ចប្រជុំកំពូលនេះ ដោយបានកត់សម្គាល់លើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅ ដែលផ្សារភ្ជាប់នឹងកម្មវិធីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវបច្ចុប្បន្នរបស់ទីក្រុងប៉េកាំង ចំពេលបរិយាកាសអន្តរជាតិ កាន់តែស្មុគស្មាញ និងសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ដូច្នេះលោកបានចាត់ទុកកិច្ចប្រជុំកំពូលនេះជាឱកាសមួយដើម្បីរួមគ្នាបង្កើតគំរូនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសកលសម្រាប់សម័យនេះ៕
ដោយ៖ សុខ មង្គល