កន្លងមកប្រទេសកាដាណាមិនដែលនាំចេញឧស្ម័នធម្មជាតិរាងម្ដងណាឡើយប៉ុន្តែកាលពីខែកក្កដា សហភាពឧស្ម័នអន្តរជាតិ និងសមាគមឧស្ម័នរបស់កាណាដាបានជ្រើសយកទីក្រុងវ៉េនឃូវើ (Vancouver) ដ៏ធំបំផុតនៅក្នុងខេត្តព្រីតធីសកូឡុំបៀ (British Columbia) ធ្វើជាកន្លែងរៀបចំសន្និសីទស្ដីពីឧស្ម័នធម្មជាតិរាវឆ្នាំ២០២៣ (LNG2023) ខណៈដែលកាណាដាមានសក្ដានុពលក្លាយជាអ្នកផលិតឧស្ម័នដ៏សំខាន់មួយ។
លោក ធីម៉ូធី អេហ្គាន (Timothy Egan) ប្រធានសមាគមឧស្ម័នរបស់កាណាដាបាននិយាយថា ឧស្ម័នធម្មជាតិរាវរបស់កាណាដាអាចជាចម្លើយចំពោះសំណួរពីការផ្គត់ផ្គង់ឧស្ម័នបន្ទាប់ពីមានសង្គ្រាមនៅអ៊ុយក្រែន។ សន្និសីទនេះបានផ្ដោតយ៉ាងខ្លាំងទៅលើថាមពលរបស់កាណាដា ខណៈដែលក្រុមហ៊ុនមកពីតំបន់អាស៊ី និងបស្ចិមលោកបានចាប់អារម្មណ៍និងពិភាក្សាគ្នានៅតាមស្តង់របស់ពួកគេរៀងៗខ្លួន។
ប្រទេសកាណាដាបង្កើតគម្រោងសាងសង់រោងចក្រឧស្ម័ន LNG រាប់សិបកន្លែងនៅភាគខាងលិចប្រទេសនេះកាលពីប្រហែលមួយទសវត្សរ៍មុនប៉ុន្តែភាគច្រើនមិនបានសម្រេចទេ គឺមានតែគម្រោងថាមពល LNG Canada ដឹកនាំដោយក្រុមហ៊ុន Shell តែមួយគត់ដែលសម្រេចបានការវិនិយោគចុងក្រោយ។
ក្រុមហ៊ុន Shell និយាយថា រោងចក្រ LNG Canada នឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០២០ដែលគេបានព្យាករថានឹងបានទិន្នផលចំនួន១៤លានតោនមួយឆ្នាំសម្រាប់ដំណាក់កាលទីមួយ ហើយនឹងបង្កើនទិន្នផលឱ្យបានទ្វេដងនៅឆ្នាំ២០៣០ខណៈដែលភាគីពាក់ព័ន្ធកំពុងសិក្សាពីការចំណាយ និងលទ្ធភាពនៃគម្រោងនេះ។
លោក វែល សាវ៉ាន (Wael Sawan) នាយកប្រតិបត្តិក្រុមហ៊ុន Shell បានប្រាប់អ្នកសារព័ត៌មានមុនសន្និសីទ LNG2023 ថាពួកគេកំពុងរង់ចាំមើលថាតើអាចមានការបណ្តាក់ទុនរួមអ្វីខ្លះនៅក្នុងលក្ខខណ្ឌនៃករណីវិនិយោគដ៏គួរឱ្យទាក់ទាញសម្រាប់ដំណាក់កាលទី២។
ប្រទេសអាស៊ីមួយចំនួនកំពុងចាប់អារម្មណ៍ចំពោះគម្រោងឧស្ម័ននេះ។ ក្រុមហ៊ុនវិស្វកម្មជប៉ុន JGC Holdings កំពុងស្វែងរកការចុះកិច្ចសន្យាដើម្បីរៀបចំនិងសាងសង់រោងចក្រផលិតឧស្ម័ននេះតាមរយៈការបណ្ដាក់ទុនរួមគ្នា។ ចំណែកក្រុមហ៊ុនអាស៊ីមួយចំនួនទៀតមានការបណ្ដាក់ទុនរួមគ្នានៅក្នុងគម្រោង LNG Canada រួមទាំងក្រុមហ៊ុនជប៉ុន Mitsubishi Corp ក្រុមហ៊ុនចិន PetroChina ក្រុមហ៊ុនកូរ៉េ Kogas និងក្រុមហ៊ុនថាមពល Petronas របស់ម៉ាឡេស៊ីផងដែរ។
អាស៊ីគឺជាតំបន់ដែលនាំចូលឧស្ម័នធម្មជាតិរាវច្រើនជាងគេបំផុតនៅលើពិភពលោក ហើយអ្នកដែលនាំចូលច្រើនជាងគេទី១គឺប្រទេសជប៉ុន ទី២គឺប្រទេសចិន និងទី៣គឺកូរ៉េខាងត្បូង។ បើយោងតាមក្រុមហ៊ុនស្រាវជ្រាវអឺរ៉ុប រីស្ដេដ អ៊ីនធឺជី (Rystad Energy) បានឱ្យដឹងថា អាស៊ីបូព៌ាប្រើប្រាស់ឧស្ម័ន LNG ស្មើនឹងពាក់កណ្តាលនៃចំនួនដែលគេប្រើនៅជុំវិញពិភពលោក៕