ចលាចលវិស័យធនាគាររបស់បស្ចិមលោក

ក្រុមរដ្ឋមន្ត្រីអាស៊ីព្រមានឱ្យប្រយ័ត្នចំពោះភាពចលាចលវិស័យធនាគាររបស់បស្ចិមលោក


បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ីបានសម្តែងការព្រួយបារម្ភនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ថា ការដួលរលំរបស់ធនាគារនៅបស្ចិមលោកបង្កឱ្យមានហានិភ័យដល់សេដ្ឋកិច្ចដែលកំពុងស្ទុះងើបឡើងវិញជាបណ្ដើរៗ ខណៈដែលរដ្ឋមន្ត្រីទាំងនេះបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ នេះបើតាមការចេញផ្សាយរបស់នីគីអេស៊ា។
ក្រុមរដ្ឋមន្ត្រីអាស៊ីព្រមានឱ្យប្រយ័ត្នចំពោះភាពចលាចលវិស័យធនាគាររបស់បស្ចិមលោក
ដោយ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក ស៊ូនីឈិ ស៊ូហ្ស៊ូគី (Shunichi Suzuki) បាននិយាយនៅក្នុងសុន្ទរកថា ដែលចេញផ្សាយនៅលើគេហទំព័ររបស់ធនាគារ ADB ថា ការកើនឡើងនូវហានិភ័យហិរញ្ញវត្ថុបណ្ដាលមកពីភាពចលាចលនៃវិស័យធនាគារនៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុបក្នុងពេលថ្មីៗនេះ អាចជាឧបសគ្គចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ ភាពចលាចលនេះរួមមានការដួលរលំធនាគារ ស៊ីលីកូន វ៉ល្លី (Silicon Valley) និងការលក់ធនាគារ ក្រេឌីត ស្វីស (Credit Suisse) ទៅឱ្យធនាគារ យូប៊ីអេស (UBS) ជាដើម។

ប្រសិនបើភាពចលាចលនេះបានរាលដាលកាន់តែខ្លាំងមែននោះ ធនាគារមួយចំនួនអាចកាត់បន្ថយការផ្តល់ប្រាក់កម្ចី ដែលអាចបង្កផលវិបាកមកលើសេដ្ឋកិច្ចកាន់តែធំធេង។

គិតមកដល់ពេលនេះ សេដ្ឋកិច្ចនៅតំបន់អាស៊ីត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងងើបឡើងវិញជាលំដាប់ ដោយធនាគារ ADB ទើបតែបានចេញផ្សាយការព្យាកររបស់ខ្លួននាពេលថ្មីៗនេះថា កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីដែលកំពុងអភិវឌ្ឍមានប្រមាណ ៤,៨% នៅឆ្នាំនេះដោយបានកើនឡើងពី ៤,២% កាលពីឆ្នាំ២០២២។

ប៉ុន្តែប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនជាច្រើននៅក្នុងតំបន់នេះនៅតែងាយរងគ្រោះពីសម្ពាធបង្កឡើងដោយការធ្លាក់ចុះតម្លៃរូបិយប័ណ្ណរបស់ពួកគេដោយសារការដំឡើងអត្រាការប្រាក់របស់ប្រទេសឧស្សាហកម្មធំៗជាច្រើន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ីលោកស្រី ស្រ៊ី មូល្យ៉ានី អ៊ីនដ្រាវ៉ាទី (Sri Mulyani Indrawati) បានលើកឡើងពី«ហានិភ័យនិងការប្រែប្រួលលឿនចំពោះទីផ្សារហិរញ្ញវត្ថុពិភពលោក»បន្ថែមទៀត បង្កឡើងដោយការដួលរលំរបស់ធនាគារថា ជាក្តីកង្វល់សម្រាប់អនាគតនៃកំណើនសេដ្ឋកិច្ចសាកល។

កង្វះភាពច្បាស់លាស់ជុំវិញផែនការគោលនយោបាយរបស់ធនាគារកណ្តាលក៏ជាបញ្ហាមួយផងដែរ ជាពិសេសធនាគារកណ្តាលជប៉ុនតែម្ដង ដោយសារតែធនាគារនេះទើបតែផ្លាស់ប្ដូរទេសាភិបាលថ្មីជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍។

លោក គ្រីស្នា ស្រ៊ីនីវ៉ាសាន (Krishna Srinivasan) ប្រធាននាយកដ្ឋានអាស៊ីនិងប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយពីថ្ងៃព្រហស្បតិ៍ថា មានភាពមិនច្បាស់លាស់ជុំវិញទិសដៅគោលនយោបាយរូបិយវត្ថុនៅប្រទេសជប៉ុន ស្របពេលមានការកើនឡើងនៃអតិផរណា។ លោក គ្រីស្នា បានបន្តថា ការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុរបស់ប្រទេសជប៉ុនដែលនាំឱ្យទិន្នផលប័ណ្ណបំណុលរបស់រដ្ឋាភិបាលកើនឡើងបន្ថែមទៀតនោះ អាចរាលដាលជាសកលតាមរយៈអ្នកវិនិយោគជប៉ុនដែលមានវត្តមានច្រើនក្នុងការវិនិយោគលើលិខិតតូបករណ៍បំណុលនៅបរទេស។

រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក ឆូ គ្យុង ហូ (Choo Kyung-ho) បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធជាមួយសារព័ត៌មាន Nikkei នៅខាងក្រៅកិច្ចប្រជុំរបស់ធនាគារ ADB នេះថា អស្ថិរភាពហិរញ្ញវត្ថុនៅជុំវិញពិភពលោកមិនទាន់ត្រូវបានរម្ងាប់នៅឡើយទេ ដូច្នេះហើយ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃយន្តការស្ថិរភាពហិរញ្ញវត្ថុនៅអាស៊ី៕




អត្ថបទបន្ទាប់


សេដ្ឋវិទូថា វិនិយោគិនបរទេសសម្លឹងរកមើលគោលនយោបាយសេដ្ឋកិច្ច ខណៈការបោះឆ្នោតថៃខិតចូលមកដល់

សេដ្ឋវិទូថៃមួយរូបបាននិយាយថា ប្រទេសថៃប្រឈមនឹងការដើរក្រោយប្រទេសផ្សេងៗទៀត ខណៈដែលគណបក្សនយោបាយនានានៅថៃមិនបានបង្ហាញផែនការដោះស្រាយបញ្ហាបរិស្ថា…

កម្ពុជា ចាប់ផ្ដើមកំណត់ត្រាប្រវត្តិសាស្ត្រថ្មីនៃការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ក្រោយរង់ចាំជាង៦០ឆ្នាំ

នៅទីបំផុត កម្ពុជា បាន ចាប់ផ្ដើមបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីរបស់ខ្លួនមួយទៀតហើយ ដោយបានធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ដែលបានបើកជាផ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ